ផលិតផលកសិកម្មជាង ២លានតោន បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដំបូង

ប្រទេសកម្ពុជាបាននាំចេញ ផលិតផលកសិកម្មចំនួន ២ ៨១៧ ៤៨៥,៣៥ តោន កើនឡើង ៦៤,៤៥ ភាគរយ ប្រសិនបើប្រៀបធៀបនឹងរយៈពេល៤ខែដំបូង ឆ្នាំ២០២០ បើទោះបីជាប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងការរាតត្បាតនៃមេរោគកូវីដ១៩យ៉ាងណាក្តី។ នេះបើតាមរយបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១។

របាយការណ៍ដដែលបន្តថា ផលិតផលកសិកម្មសំខាន់ៗ ដែលនាំចេញរួមមាន ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ផ្លែចេកស្រស់ ក្រូចថ្លុង ផ្លែស្វាយស្រស់ ម្ទេស និងម្រេច។

របាយការណ៍បន្ថែមថា ផលិតផលកសិកម្មដែលនាំចេញ រួមមាន ដំឡូងមីជា ១,១លានតោន កើនឡើង២៥,៦៤ ភាគរយ។ ផ្លែចេកស្រស់បានចំនួន ១៦៦ ២៩៩ តោន កើនឡើង ៦៨,០៣ ភាគរយ។ គ្រាប់ស្វាយចន្ទីចំនួន ៦៩៦ ៣៥៨ តោន កើនឡើង ២៧៣,៩៧ ភាគរយ។ ពោតចំនួន ១៣២ ៤៧៩ តោន កើនឡើង ២៩៧,៨៦ ភាគរយ។ ផ្លែស្វាយស្រស់បានចំនួន ១៤២ ៥៥៦ តោន កើនឡើង ២៣៩,១៣ ភាគរយ។

ក្នុងរយៈពេល ៤ខែដំបូងនេះ កម្ពុជានាំចេញសរុបផលិតផលកសិកម្ម ជាង២០មុខ និងទៅកាន់ទីផ្សារអន្តរជាតិចំនួន ២៦ប្រទេសនៅជុំវិញពិភពលោក។

ទីផ្សារអន្តរជាតិសំខាន់របស់កម្ពុជា រួមមាន ប្រទេសចិន សហភាពអឺរ៉ុប ប្រទេសក្នុងតំបន់អាស៊ាន ប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ប្រទេសរ៉ុស៊ី អូស្រ្តាលី និងប្រទេសជាច្រើនផ្សេងទៀត៕

Add new comment

5 + 1 =