ប្រជាពលរដ្ឋ ២៤១គ្រួសារមានទំនាស់ដីធ្លីជាមួយឧកញ៉ា ថៃ ជាហួត និង ហៀង ប៊ុនប៉េង សុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន .ប្តឹងប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ

ប្រជាពលរដ្ឋចំនួន ២៤១គ្រួសារ នៅភូមិចំពុះក្អែក ១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានចូលខម​មិន​សុំអន្តរាគមន៍​ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយរកយុត្តិធម៌រឿងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួក បានឃុបឃិតគ្នាជា​ប្រព័ន្ធលួច​ធ្វើវិញ្ញាបនបត្រសំគាល់អចលនវត្ថុលើដីកំពុងមានទំនាស់ទំហំ ៥៨ហិកតា ឲ្យទៅឈ្មោះ ថៃ ជាហួត និងឈ្មោះ ហៀង ប៊ុនប៉េង ដែលធ្វើរំលោភលើ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយនឹងការសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋក៏បានដាក់ជូន​នូវលិខិត​ពាក្យបណ្តឹង​​របស់ប្រជាពលរដ្ឋម្ចាស់ដីចំនួន ២៤១គ្រួសារ ប្តឹងលោកសារិន វណ្ណា ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួក ទៅលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ផងដែរ។

ជាពលរដ្ឋបានឲ្យដឹថា ចំពោះពាក្យបណ្តឹងដែលប្តឹងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួក គឺខាងក្រសួងនឹងជូនដំណឹង​មកប្រជាពល​រដ្ឋ​វិញ​នៅក្នុង​សប្តាហ៍នេះ។

យោងតាមពាក្យបណ្តឹងដែល RVAKhmer ទទួលបាន បានឲ្យដឹងថា តាំងពីឆ្នាំ២០១៧ ក្រុមការងារ​ដោះស្រាយ​ជីវិវាទរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើ​ការដោះស្រាយដីទំនាស់ទំហំ ៥៨ហិកតា ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនេះ រហូតមកមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយទេ ប្រជាពលរដ្ឋបាន​ដាក់ពាក្យ​បណ្តឹង​ទប់ស្កាត់ការចេញប័ណ្ណថ្មី ការផ្ទេរផ្នូរ ឬការធ្វើចរន្តកាគ្រប់ប្រភេទលើដីកំពុង​មានទំនាស់​នេះ​ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចំនួន ០២លើក ដើម្បីបង្កើនប្រសិទ្ធិភាព លើកទី១. នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ លើកទី២. នៅថ្ងៃទី ០៦ ខែសីហាឆ្នាំ ២០២០។ ចាប់ពីថ្ងៃទទួលពាក្យបណ្តឹងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មិនដែលហៅប្រជាពលរដ្ឋមកដោះស្រាយទេ។ ហើយក៏បានដាក់​ពាក្យបណ្តឹងទប់ ស្ងាត់បន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ ថែមទៀត។ ស្រាប់តែនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោកថៃ ជាហួត និងលោកហៀង ប៊ុនប៉េង បានធ្វើសកម្មភាពតទុយោបូមដីដាក់ចូលលើទីតាំងដី​របស់ប្រជាពលរដ្ឋដែលក្រសួង​កំពុងតែ ដោះស្រាយជម្លោះនេះ ពេលប្រជាពលរដ្ឋចុះទៅឃាត់គេបានបង្ហាញ​វិញ្ញាបនបត្រសំគាល់ ម្ចាស់​អចលនវត្ថុចំនួន ០២ សន្លឹក ហើយ អះអាងថា បានទិញដីនេះពីលោកស្រី ស៊ុយ សុផាន ហើយ។

នៅក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានរំលឹកពី​ ការប្តឹងតវ៉ាគ្នាជាមួយក្រុមហ៊ុនផានអីម៉ិចខ្លះៗថា កាល​លោកស្រី ស៊ុយ សុផាន នៅរស់គាត់បានយកប័ណ្ណកម្មសិទ្ធិទីតាំងដីនៅកន្លែងផ្សេង ដែល​ធ្វើ​ឡើងតាម​រយៈឯកសារក្លែងបន្លំយកមកប្ដឹងចាញ់ប្រជាជនគ្រប់កន្លែង។

ប្រជាជនក៏បានសុំឲ្យក្រសួងចាត់មន្ត្រីជំនាញចុះទៅវាស់វែងរកទីតាំងដីតាមប័ណ្ណកម្មសិទ្ធិរបស់លោកស្រី ស៊ុយ សុផាន ថា បើវាស់ទៅទីតាំងដីរបស់លោកស្រី ស៊ុយ សុផាន និងបក្ខពួកជាន់លើដី​របស់​ប្រជាពលរដ្ឋដែលកំពុងប្តឹងតវ៉ាហ្នឹង ប្រជាពលរដ្ឋសន្យាថា ឈប់មកតវ៉ាទៅទៀតហើយ ប៉ុន្តែលោកស្រី ស៊ុយ សុផាន ប្រកែកមិនព្រមឲ្យវាស់វែងទេ ក្រោយមកក្រសួងបានកោះហៅដោះស្រាយម្ដងទៀត តែលោកស្រី ស៊ុយ សុផាន អត់ចូលខ្លួនតែម្តង។ ហើយឥឡូវលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បានឃុបឃិតគ្នាជាប្រព័ន្ធ លួចធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី​ឲ្យត្រូវលើទីតាំងដី​កំពុង​មាន​ទំនាស់​នេះឲ្យទៅលោក ថៃ ជាហួត និងលោក ហៀង ប៊ុនប៉េង ទាំងកំរោលតែម្តង ដើម្បី ប្លន់យកដីពីប្រជាពលរដ្ឋ បន្ទាប់ពីលោកស្រី ស៊ុយ សុផាន បានមរណៈភាពទៅ។ ករណីនេះលោក សារិន វណ្ណ និងបក្ខពួក បានធ្វើបំពាន ស.ជ.ណ លេខ ១០៥ ស.ជ.ណ. ឧស ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ រដ្ឋបាលសុរិយោដីផ្អាកការចុះបញ្ជី ឬធ្វើការផ្ទេរផ្ទូរ​ដីដែល​មិនទាន់ដោះស្រាយរួច ដែលក្រសួងមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ នេះជាអំពើរំលោភលើការ​ហាមឃាត់​របស់គណៈរដ្ឋមន្ត្រីធ្ងន់ធ្ងរណាស់ ប្រជាពលរដ្ឋទទួលយកមិនបានទេ ដូចនេះសូម​លោកឧបនាយករដ្ឋមន្តី មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង។

 

ជាមួយគ្នានេះ ប្រជាពលរដ្ឋម្ចាស់ដីទាំង២៤១គ្រួសារ សំណូមពរចំនួន ៣ចំណុច រួមមានៈ

១. សុំអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្តី ជា សុផារ៉ា ធ្វើការឃាត់​សកម្មភាព​ឈប់​ឲ្យបូម​ដីដាក់​លើដីរបស់ប្រជាទាំងអស់គា្នជាបន្ទាន់។

២. មោឃៈភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 - 2154 ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 - 2155 ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ និងវិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយចំនួនទៀតដែលបានធ្វើរំលោភលើដីទំនាស់សរុប ៥៨ ហិកតា។

៣. សុំផ្ដន្ទាទោសជាទម្ងន់ដល់លោក សារិន វណ្ណា និងប្រធានការិយាល័យ​ភូមិបាល​ខណ្ឌច្បារ​អំពៅ ទៅតាមផ្លូវច្បាប់។

RVAKhmer មិនទាន់អាចទាក់ទង លោក ឧកញ៉ា ថៃ ជាហួត និង ហៀង ប៊ុនប៉េង សុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធ​ករណីខាងលើនេះ៕

Add new comment

1 + 5 =