ប្រជាពលរដ្ឋប្តឹងលោកអាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពតទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើសុំដាក់​វិន័យក្នុងបទសង្ស័យប្រព្រឹត្តអំពើស៊ីសំណូក សូកប៉ាន់

រឿងរ៉ាវមួយចំនួនរបស់ លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត បានផ្ទុះឡើងជាបន្តបន្ទាប់ ស្របពេល​ដែល​ពលរដ្ឋខេត្ត​កំពត បានទទួលស្វាគមន៍ការមកដល់របស់ លោកម៉ៅ ធនិន ជាអភិបាលខេត្តកំពត ដែលពលរដ្ឋបាន​ដាក់នាម​ថាជាតុលាមុខដែក ឬលោកប៉ាវ។​ រឿងរ៉ាងទាំងអស់នោះមានដូចជា រឿងចាក់ដីរំលោភចូលព្រែកកោងកាង ការប្រព្រឹត្តអំពើ​ស៊ីសំណូកសូកប៉ាន់ ជាថ្នូរ​នឹង​ការដោះលែង​ជនត្រូវចោទឲ្យនៅក្រៅឃុំ និងរឿងមិនប្រក្រតីមួយ ចំនួនទៀត។ ហើយសំណុំរឿងអយុត្តិធម៌ខ្លះ​ប្រជា​ពលរដ្ឋ​​បានប្តឹង​ទៅរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ដោយ​ប្តឹងសុំ​ឲ្យដាក់វិន័យ និងធ្វើអធិការរកិច្ច។

 

ថ្មីៗនេះ លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរនៅក្នុងសំណុំរឿ​ង​ព្រហ្មទណ្ឌលេខ៨៣២ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តកំពត ត្រូវបានស្ត្រីម្នាក់​ឈ្មោះ ប៉ុល លក្ខិណា អាយុ២៩ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និង​ជាដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុងសំណុំរឿងក្តីបានដាក់ពាក្យបណ្តឹងប្តឹងទៅឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយប្តឹងសុំឲ្យដាក់វិន័យ និងធ្វើអធិការរកិច្ចនៅក្នុងសំណុំរឿងក្តី​របស់ខ្លួន​ដោយដាក់ការសង្ស័យថា លោកចៅក្រម អាំង សុភា ប្រព្រឹត្តអំពើស៊ីសំណូកសូកប៉ាន់ ជាថ្នូរនឹង​ការដោះលែង​ជនត្រូវចោទឈ្មោះ ម៉ន សុខមាន ឲ្យនៅក្រៅឃុំ។

 

ទាក់ទងនឹងករណីខាងលើនេះ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌បានបញ្ជាក់​ប្រាប់កាលពី​រសៀល​ថ្ងៃទី២៦ខែតុលានេះថា“ក្រសួងយុត្តិធម៌​នឹងធ្វើការពិនិត្យ​ទៅតាម​សមត្ថកិច្ចភារកិច្ចរបស់ក្រសួង។ ហើយខាងជំនាញ​ពិនិត្យមើល​សិនថា តើមាន​មូល​ដ្ឋានដើម្បី​ធ្វើអធិការកិច្ចឫអត់? ជំនាញគេនឹងពិនិត្យតាមនឹងបានគេមានវិធានការថា ត្រូវធ្វើអធិការ​ឬមួយយ៉ាងម៉េច”។

ចំណែកលោក ចៅក្រម អាំង សុភា មិនទាន់អាចទាក់ទងសុំការបំភ្លឺបានទេរហូតមកដល់ពេលនេះ។

សូមជម្រាបថា លោក អាំង សុភា ដែលគេស្គាល់ថាជាកូនប្រុសបង្កើតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ «លោក អាំង មាលតី ត្រូវបានលុបឈ្មោះ​ចេញ​ពីក្របខ័ណ្ឌ​អង្គចៅក្រម ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/១៦០ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ និង​ទទួលបានការលើកលែងទោសដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៩/៣៣០ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីជាប់ឈ្មោះជាទណ្ឌិតក្រោមការផ្តន្ទាទោស​របស់តុលាការដាក់ពន្ធនាគារ​ពីបទការកេង​យក​ផលប្រយោជន៍ដោយខុសច្បាប់ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ១៤(គ) ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦របស់សាលាដំបូងខេត្តកណ្តាល»។ លោក សុភា ជាសិស្សចៅ​ក្រម​ជំនាន់ទី៤ សាលាភូមិន្ទចៅ​ក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតែងតាំងឲ្យទៅបម្រើការងារ​ជា​ចៅក្រម​​កម្មសិក្សា​​នៅសាលា​ដំបូង​ខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១១/២៣៣ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ ហើយត្រូវបានតាំង​ស៊ប់ក្នុង​ក្រប​ខ័ណ្ឌ​អង្គចៅក្រម និងបម្រើការងារ​ជាចៅក្រម​សាលាដំបូងខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៩១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ។

ឈានចូលមកដល់ដើមឆ្នាំ២០១៧ លោកចៅក្រម អាំង សុភា ក៏ត្រូវបានផ្ទេរមុខ​តំណែងពី​ចៅក្រមសាលាដំបូង​​ខេត្តឧត្តរមានជ័យ​ឲ្យមកបម្រើកា​រងារជា ​ចៅក្រមសាលាដំបូងខេត្តកំពត​រហូតទល់​បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ៕

Add new comment

4 + 1 =