ប្រជាពលរដ្ឋកម្ពុជា​ចូលទៅ​ក្នុង​ប្រទេសម៉ាឡេស៊ីត្រូវ​បង់​ថ្លៃ​ធ្វើ​ចត្តាឡីស័ក​ប្រមាណ​១១៥០ដុល្លារ​ចាប់​ពី​ថ្ងៃនេះ

ស្ថានឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំទីក្រុង​កូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាសិស្ស និស្សិត​ ពលករ​ ពលការិនីទាំង​អស់​តម្រូវ​ឱ្យ​​បង់​ថ្លៃ​ធ្វើ​ចត្តាឡីស័ក​ពេល​ចូលក្នុង​ប្រទេស​ម៉ាឡេស៊ី។

 

សេចក្តី​ជូន​ដំណឹង​នេះ​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ​តទៅ ជនបរទេស​ទាំងអស់ ត្រូវ​បង់ថ្លៃ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ៤៧០០ រីង​ហ្គី​ត ស្មើ​ប្រមាណ ១១៥០​ដុល្លារ​អាមេរិក សម្រាប់​អ្នកដំណើរ​ម្នាក់​។ ថវិកា ៤៧០០ រីង​ហ្គី​ត​នេះ ត្រូវ​បង់​ជូន​មន្ត្រី​នៃ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ដែល​ប្រចាំការ នៅតាម​ច្រកចូល​អន្តរជាតិ​នានា​របស់​ប្រទេស​ម៉ាឡេស៊ី​។​

 

អ្នកដែល​ត្រូវ​បង់​ថ្លៃធ្វើ​ចត្តាឡីស័កនេះរួមមាន​ ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​សិស្ស​/​និស្សិត ពលករ​/​ពល​ការិនី រួមទាំង​អ្នក​ដែលមាន​ទីលំនៅ​អចិន្ត្រៃយ៍ ឬ​បណ្តោះអាសន្ន នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​មានបំណង​ធ្វើដំណើរ​ចូល​ប្រទេស​ម៉ាឡេស៊ី ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​បទបញ្ជា​ត្រួតពិនិត្យ​ការធ្វើដំណើរ​ជាមួយ​លក្ខខណ្ឌ​បន្ធូរបន្ថយ (Recovery Movement Control Order-MCO)។

 

ស្ថានទូត​បាន​បង្ហាញ​ពី​តារា​ងលំអិត​នៃ​ថវិកាសម្រាប់​ធ្វើ​ចត្តាឡីស័ក​នេះរួមមាន៖ ​ថ្លៃ​ប្រតិបត្តិ​ការធ្វើ​ច​ត្តា​ឡី​ស័កចំនួន២៦០០រីង​ហ្គី​ត ថ្លៃ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័កចំនួន១៥០រីង​ហ្គី​ត​ក្នុង១​យប់ និង​ថ្លៃ​ស្នាក់នៅ​សម្រាប់​ស្វាមី​ឬ​ភរិយាឬ​កូន​មាន​អាយុ​តិចជាង១២​ឆ្នាំ ដែល​នៅ​បន្ទប់​ជាមួយគ្នា ចំនួន៥០ រីង​ហ្គី​ត​ក្នុង១​យប់​។​

 

​សេចក្តី​ជូនដំណឹងនេះបាន​​គូសបញ្ជាក់បន្ថែមថា ការបង់ថ្លៃ​ខាងលើនេះ មិន​ត្រូវបាន​អនុវត្ត​ចំពោះ​អ្នក​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ ដូចជា​អ្នកមាន​បណ្ណ​អនុញ្ញាត​ធ្វើដំណើរ និង​អ្នកការទូត​ឡើយ​៕​

 

 

Add new comment

4 + 11 =