ប៉ូលីសចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព នៅមុខស្ថាទូតអូស្ត្រាលី

កញ្ញា ឈឹម ស៊ីថរ ត្រូវប៉ូលីសចាប់អូសចូលរថយន្ត នៅមុខស្ថានទូតអូស្ត្រាលី វេលាម៉ោង៤ រសៀលថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២២។​ រូបភាព​ RVAKhmer

ប៉ូលីសចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើល និងមនុស្សចំនួន២រូបទៀត​ជាបន្តបន្ទាប់ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ  នៅឯទីកន្លែងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គារវើលដ៍កំពុងប្រមូលផ្តុំគ្នាធ្វើកូដកម្មតវ៉ា។

ការចាប់ខ្លួនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។​ មនុស្សពីរនាក់ផ្សេងទៀតក៏ត្រូវ​បានចាប់ខ្លួននៅថ្ងៃនេះដែរនោះមានលោក សុខ ណារិទ្ធ និង លោក សុខ គង្គា។

រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនក្រុមកូដករ មានចំនួនសរុបជាង២០នាក់ ក្នុងនោះមាន​ស្ត្រីមាន​ផ្ទៃពោះម្នាក់ផង។ មនុស្សចំនួន៩នាក់ ត្រូវបាន​ តុលាការ បង្គាប់ឲ្យចាប់​និងឃុំខ្លួន រួមមាន ឈឹម ស៊ីថរ, រី សុវណ្ណឌី, សុន ស្រីពេជ, ហៃ សុភាព,  ឃ្លាំង សុបិន្ត, ទូច សិរីមាស, ឈឹម សុខន, សុខ ណារិទ្ធ និង សុខ គង្គា។ ពួកគេត្រូវបានចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម»។

តាមបទចោទនេះ អ្នកទាំង៩នាក់អាចនឹងជាប់ពន្ធធានាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់​ពីមួយ​លាន​រៀល​​៤លានរៀល ក្នុងករណីការញុះញង់គ្មានប្រសិទ្ធភាព។

អ្នកនាង ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅរសលៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ក្រៀក​ត្រៀមពេល​នាងចុះ​ពីរថយន្ត​ដើម្បីចូលរួម​កូដកម្មជា​មួយសមាជិកខ្លួន។

អ្នកនាងបានបន្តថា កងកម្លាំងសមត្ថកិច្ចមាឌធំទាំងស៊ីវិលនិងឯកសណ្ឋានបានចាប់ក្រៀកក ដៃ និងខ្លួន​នាង​ពេញទំហឹងស្ទើរតែនាងដកដង្ហើមមិនរួច ស្រែកក៏មិនបាន។ កម្មករខ្លះបានរត់​មកជួយនាងប្រទាញ​ប្រទង់ខ្លាំង ដូចសមុទ្រកូរទឹកដោះដែលទាញម្ខាងម្នាក់។

អ្នកនាង ចក់ សុភាព បានថ្លែងថា ៖ «អាជ្ញាធរមិនគួរប្រើកម្លាំងទាំងកម្រោល​ដូចចាប់ជនឧក្រិដ្ឋធ្ងន់ធ្ងរ​នោះឡើយ។ ខ្ញុំមានសចក្តីសង្វេគដែលបានឃើញរូបភាពដ៏ព្រៃផ្សៃបែបនេះ សម្រាប់ដើមឆ្នាំ២០២២ ហើយនេះជាអ្វីដែលយើងតែងនិយាយថាសង្គមខ្មែរជាឋានសួគ៌នៃសិទ្ធិមនុស្ស និងសិទ្ធិស្ត្រីត្រូវ​បាន​គោរពការពារនោះ»។

ជាមួយគ្នានេះដែរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ លើការចាប់ខ្លួនសហជីពនេះផងដែរ។

ស្ថានទូតអាមេរិកបានសរសេរលើគេហទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី០៤ ខែមករា នេះថា ៖ «យើងកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ នូវការចាប់ខ្លួនសមាជិកសហជីព នៃបុគ្គលិក កម្មករ នៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិ ដោយសន្តិវិធីរបស់ពួកគេ និងស្នើឱ្យអាជ្ញាធរ​ស្តាប់​ពីពលរដ្ឋ មិនមែនបំបិទសម្លេងរបស់គេទេ»។

ស្ថានទូតដដែលនេះបានបញ្ជាក់ថា សេរីភាព ក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា និងក្នុងការ​ចងក្រង​គ្នាជាក្រុមសមាគម  ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា អតីតបុគ្គលិកក្រុមកាស៊ីណូ ដ៏ធំនៅកណ្តាលរាជធានីភ្នំពេញ ណាហ្គាវើលដ៍ (NAGA World) ប្រមាណ១០០០ នាក់ បានប្រកាន់ជំហររបស់ខ្លួនបន្តការ​តវ៉ារហូតមានដំណោះស្រាយ​មួយ​ដ៏សមរម្យ​ពីក្រុមហ៊ុនកាស៊ីណូដ៏ធំកណ្តាលរាជធានីភ្នំពេញមួយនេះ ក្រោយពីការចរចារ​ជាច្រើនលើក​ជាមួយ​ភាគីក្រុមហ៊ុនតែមិនបានសម្រេច។

ពួកគេបានបន្តធ្វើការតវ៉ាជិតមួយឆ្នាំមកហើយ ដោយសារតែក្រុមហ៊ុន បញ្ឈប់បុគ្គលិកជាង១៣០០នាក់ ដែលក្នុងចំណោមនោះ គឺមានជាង៩០០នាក់ បានបង្ខំចិត្តទទួលយកសំណង។ បុគ្គលិកដែល​ត្រូវបញ្ឈប់​ទាំង​នោះ ក៏មានថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពដែលតែ​ង​តែចេញមុខតវ៉ាប្រឆាំង​នឹងការ​រំលោភ​សិទ្ធិការងារនៅក្នុងក្រុមហ៊ុន។

អតីតបុគ្គលិកទាំងនេះតវ៉ា ទាមទារទាមទា លក្ខខណ្ឌចំនូន៩ចំនុច ទាមទាឲ្យក្រុមហ៊ុន គោរពសិទ្ធិកម្មករ និងច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានការទាមទារឲ្យក្រុមហ៊ុនទទួលយក​ថ្នាក់ដឹកនាំ​សហជីព  និងកម្មករនិយោជិត សរុប ចំនួន៣៦៥នាក់  ដែលមិនព្រមទទួលយកសំណង​បញ្ចប់កិច្ចសន្យាការងារ  ចូលបម្រើការងារ នៅកន្លែង ដើមវិញ  រួមទាំងផ្ដល់ប្រាក់រំលឹកផ្សេងៗ គិតតាំងពីថ្ងៃបញ្ឈប់ រហូតមកដល់ ថ្ងៃចូលធ្វើការវិញ ជាដើម។ រហូតមកដល់ពេលនេះ​មិនទាន់ដំណោះ​ស្រាយណាមួយនោះឡើយ៕

Add new comment

5 + 4 =