បុរីវាទីកង់៖ អ.ស.ប នៅតែចាំបាច់ក្នុងការឆ្លើយតបនឹងក្តីសង្ឃឹមរបស់ប្រជាជននៅលើពិភពលោក

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់បានចូលរួមថ្លែងការណ៍គាំទ្រ ចំពោះអង្គការសហប្រជាជាតិនៅក្នុងថ្ងៃខួបទី ៧៥ ឆ្នាំ នៃអង្គការនេះ ដែលបានរៀបចំកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ តាមរយៈវីដេអូខុនហ្វេរិន (Video Conference)។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោក ព្យែត្រូ ផារ៉ូលីន បានអះអាងជាថ្មីពីការគាំទ្ររបស់បុរីវ៉ាទីកង់ចំពោះអង្គការសហប្រជាជាតិ ហៅកាត់ថា អ.ស.ប។

លោកបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នពិភពលោកមួយនេះគឺនៅតែមានតួនាទីដ៏ចំាបាច់សម្រាប់ការឆ្លើយតបទៅនឹងក្តីសង្ឃឹមរបស់ប្រជាជននៅលើពិភពលោក។

អង្គការសហប្រជាជាតិ ត្រូវបានគេដឹងថា បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ នៅពេលដែលធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ត្រូវបានផ្តល់សច្ចាប័ន ដោយរដ្ឋហត្ថលេខីភាគច្រើន ដោយរួមទាំងសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង៥ ដែលរួមមានអាមេរិក រុស្ស៊ី អង់គ្លេស ចិន បារាំង ហើយ ជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៤ ខែ តុលា បុគ្គលិកស្ថាប័នពិភពលោកមួយនេះតែងតែរៀបចំជាព្រឹត្តិការណ៍ផ្សេងៗឡើង។

តាំងតែពីឆ្នាំ ១៩៦៤ មក បុរីវ៉ាទីកង់បានក្លាយជារដ្ឋសង្កេតការណ៍អចិន្រ្តៃយ៍មួយ នៅអង្គការសហប្រជាជាតិ ហើយក៏មានស្ថានបេសកម្មសង្កេតការណ៍អចិន្រ្តៃយ៍មួយនៅបុរីញូវយក ផងដែរ ហើយតែងតែបានចូលរួមយ៉ាងសកម្មនៅក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់យុត្តិធម៌សង្គម និង សេចក្តីថ្លៃថ្នូររបស់​មនុស្សជាតិ៕

Add new comment

9 + 1 =