បុរសម្នាក់ស្លាប់ក្នុងពេលព្យាបាលជំងឺ កូវីដ១៩ នៃ«ព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ» 

បុរសជន​ជាតិចិនមួយ​រូបបាន​ស្លាប់​បាត់​បង់ជីវិត​ក្នុង​អំឡុង​ពេល​ទទួល​ការ​ព្យាបាល​ជំងឺកូវីដ១៩​នៅ​ក្នុង​មណ្ឌល​ព្យាបាល​ជំងឺកូវីដ១៩​ព្រែកព្នៅ រាជ​ធានីភ្នំពេញ​ កាល​ពី ថ្ងៃ​ទី០៤ ខែមីនា ឆ្នាំ ២០២១នេះ វេលាម៉ោង ៩ព្រឹក។ នេះ​បើ​យោង​តា​មលិខិត​របស់​លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​​ផ្ញើជូន​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិ លោក​ប្រាក់ សុខុន។

 

លិខិត​នេះបាន​ឱ្យ​ដឹងថា ជន​ជាតិចិនឈ្មោះ ឡាយ ប៊ីន​ស៊ាង អាយុ៣៤ឆ្នាំ ដែល​បានឆ្លង​ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ និង​ដាក់​ឲ្យសម្រាកព្យាបាលជំងឺនៅថ្ងៃទី០១ ខែមីនាកន្លងមកនេះ។

 

ស្ថាន​ភាព​របស់​អ្នកជំងឺរូបនេះ​ គឺ​ជាអ្នក​ចូលចិត្តជក់​បារីច្រើន ហើយ​មុន​ពេល​ស្លាប់​អ្នក​ជំងឺ​បាន​សម្រាក​ព្យាបាល​នៅមណ្ឌល​ព្យាបាល​កូវីដ១៩​ព្រែកព្នៅ ដោយ​មានលទ្ធផល​វិភាគ​វត្ថុសំណាក​មានវីជ្ជមាន​កូវីដ១៩ ដោយ​មិនមន​រោគសញ្ញា។

 

លោកម៉ម ប៊ុនហេង បាន​លើកឡើងក្នុងលិខិត​ដដែលនេះថា ក្រោយ​ពី​ក្រុម​ការងារ​កោសល្យ​វិច្ឆ័យ​បាន​ពិនិត្យ​សាកសព​ នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១​ លទ្ធផល​ទទួល​បាន​ពីការពិនិត្យ​ទឹកនោម​បានបង្ហាញ​ថា មាន​សារធាតុ​អំហ្វេតាមីន​ខ្ពស់ ដូច្នេះ​បុគ្គលនេះ​បាន​ប្រើ​ប្រាស់​សារធាតុ​ញៀន​ប្រភេទ​អំហ្វេ​តាមីន​ក្នុង​រយៈ​ពេល​យូរមក​ហើយ។

 

លោកថា ៖ «សេចក្តី​សន្និដ្ឋាន អ្នក​ជំងឺទទួល​មរណភាព​ភ្លាមៗ​ដោយសភាព រើមេថ្នាំ​ញៀន​ធ្ងន់ធ្ងរ បណ្តាលឱ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗតែម្តង»។

 

ក្រសួង​សុខាភិបាល​កំពុង​បន្ត​អនុវត្តន៍​វិធាន​ការ​គ្រប់​គ្រង​សាកសព​ក្នុង​បរិបទ​កូវីដ១៩ ដោយ​ពិភាក្សា​ជាមួយ​នឹង​ស្ថាន​ទូត​ចិន​ប្រចាំនៅកម្ពុជា។

 

តាមការបញ្ជាក់ សាកសព​របស់​បុរសជនជាតិចិននេះកំពុង​រក្សាទុកនៅ មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត៕

 

Add new comment

17 + 2 =