បុរសដែលស្លាប់នៅកន្លែងធ្វើចត្តាឡីស័កខេត្តត្បូងឃ្មុំ ដឹងមូលហេតុហើយ

ក្រសួងសុខាភិបាលបានបញ្ចាក់នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដានេះថា បុរសអាយុ២១ឆ្នាំដែលបានស្លាប់នៅក្នុងកន្លែងធ្វើចត្តាឡីស័កកាលពីយប់ថ្ងៃពុធ ទី២២ ខែកក្កដាក្នុងសាលាបឋមសិក្សាភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គឺបណ្តាលមកពីខ្យល់គរ គួបផ្សំនឹងការលេបថ្នាំច្រើនមុខពេក ដែលសរីរាង្គគាត់មិនអាចទ្រាំទ្របាន។

 

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា បុរសរូបមនេះបានទៅធ្វើពលករនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ធ្វើដំណើរតាមផ្លូវគោកឆ្លងកាត់ប្រទេសថៃនិងបានឆ្លងព្រំដែនថៃ ចូលមកប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែត ប៉ុន្តែគ្រូពេទ្យបានអនុញ្ញាតឱ្យគាត់មកស្រុកកំណើតដើម្បីបន្តធ្វើចត្តាឡីស័កបន្តនៅថ្ងៃទី២០ ខែកក្កដាកន្លងមកនៅក្នុងខេត្តត្បូងឃ្មុំ ខណៈការធ្វើតេស្តអវិជ្ជមានកូវីដ១៩។

 

នៅពេលដែលគាត់ស្នាក់នៅ ក្រុមគ្រូពេទ្យបានតាមដានពិនិត្យសុខភាពគាត់ជាប់ជាប្រចាំនិងមានការវាស់កំដៅផងដែរ តែមិនមានបញ្ហាអ្វីឡើយហើយសាមីសពក៏មិនដែលប្រាប់គ្រូពេទ្យអំពីអាការៈមិនស្រួលឬក៏មានអាការៈផ្តាសាយរបស់ខ្លួនដែរ។

 

បុរសរូបនេះបានស្លាប់នៅយប់នៅថ្ងៃទី២២ ខែកក្កដា ហើយបន្ទាប់ពីការសាកសួរពីបងប្រុសរបស់សពដែលឧស្សាហ៍មកជូបសាមីសព ទើបដឹងថា បងប្រុសសពបានទិញថ្នាំពីឱសថខាងក្រៅយកមកឱ្យលេបដោយលេបម្តងៗមានថ្នាំចំនួន៥មុខ ដូចជា Paracetamol 500mg, Dexamethasone 4mg, Chlopheniramine 4mg, Tetracicliyne 250mg និងMoxy Cold។

 

ក្រសួងបានបន្តថា ការប្រើប្រាស់ថ្នាំទាំងនេះ គឺជាការសម្រេចចិត្តដោយសាមីសពខ្លួនឯងនិងមានការលាក់លៀមមិនឱ្យក្រុមគ្រូពេទ្យដែលពិនិត្យសុខភាពប្រចាំថ្ងៃបានដឹង ហើយថ្នាំនេះទៀតបានផ្តល់ទៅឱ្យអ្នកស្លាប់នៅពេលយកបាយទៅឱ្យ។ក្រោយលេបថ្នាំរួច នៅរសៀលថ្ងៃដដែល អ្នកជំងឺមានអាការៈថប់ដង្ហើម ងងឹតមុខ រួចក៏សន្លប់បាត់ការដកដង្ហើម ទោះជាក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះ ដោយធ្វើម៉ាស្សាបេះដូងពីខាងក្រៅនិងដាក់អុកស៊ីហ្សែន និងជំនួយផ្សេងៗទៀតតាមបច្ចេកទេសសង្គ្រោះរបស់ពេទ្យក៏នៅតែមិនអាចជួយសង្រ្គោះបាន។

 

ក្រសួងសុខាភិបាលបានធ្វើការសន្និដ្ឋាន៖ «ជាលទ្ធផលនៃការវិភាគរបស់មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបាននៅម៉ោង៦ល្ងាចនេះ បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩។ ដូច្នេះ ការសន្និដ្ឋានលើករណីស្លាប់នេះ គឺអាចបណ្តាលមកពីខ្យល់គរ គួបផ្សំនិងការលេបថ្នាំច្រើនមុខពេក ដែលសរីរាង្គគាត់មិនអាចទ្រាំទ្របាន»។

 

ដោយអនុវត្តតាមវិធានការសុខាភិបាល ក្រុមគ្រួពេទ្យមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានណែនាំអំពីវិធានការដោយបង្ខំចិត្តធ្វើការបញ្ចុះសពទាំងយប់ ចៀសវាងការចម្លងរោគជាយថាហេតុ, មិនអនុញ្ញាតឱ្យចំអាសទឹក និងយកសំណាកវត្ថុវិភាគសាមីសពទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីរកមើលវត្តមានវីរុសកូវីដ១៩ ប៉ុន្តែរកឃើញថាអវិជ្ជមានវីរុសនេះ។

 

ក្រសួងសុខាភិបាលអំពាវនាវទៅដល់ប្រជាពលរដ្ឋគ្រប់រូបសូមកុំប្រើប្រាស់ថ្នាំដោយខ្លួនឯង ដែលមានហានិភ័យខ្ពស់ណាស់សម្រាប់ផលប៉ះពាល់សុខភាពរបស់ខ្លួន និងអាចបាត់បង់ជីវិតបាន៕

Add new comment

16 + 2 =