បាតុកម្ម​ឱ្យ​ដោះលែងលោក រ៉ុង ឈុន របស់​គណបក្សខ្មែរឈ្នះត្រូវ​លើកពេល ខណៈសាលាក្រុងថ្កោលទោសបក្សនេះពីការបំភ្លៃការពិត

គម្រោងនៃការធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន របស់​គណបក្យ​ខ្មែរ​ឈ្នះ​ដែល​នឹង​ដឹកនាំ​ដោយ​លោក​ សួង សុភ័ណ្ឌនៅ​សប្តាហ៍​ក្រោយនេះត្រូវ​បានលើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ បន្ទាប់​ពី​តំណាងគណបក្សនេះជួ​បជាមួយ​នឹង​រដ្ឋបាល​សាលារាជធានីភ្នំពេញរួចមក។

 

សេចក្តីថ្លែងការណ៍របស់​គណៈកម្មាធិការអចិន្ត្រៃយ៍​គណបក្ស​ខ្មែរឈ្នះនៅ​ថ្ងៃទី​១១ ខែសីហានេះបាន​​ឱ្យ​ដឹងថា តាម​ការ​គ្រោង​របស់​គណបក្សខ្មែរឈ្នះ​ធ្វើបាតុកម្ម​ទាម​ទារ​ឱ្យ​មាន​ការដោះលែង​លោក រ៉ុង ឈុន​ នៅ​ថ្ងៃទី១៦ ២០ ២៣ និង​ថ្ងៃទី​៣០ ខែសីហានេះ ត្រូវ​បាន​សម្រេច​ធ្វើ​ការ​លើក​ពេល​ធ្វើ​វិញ​ដើម្បី​បញ្ជៀស​ការ​ប៉ះទង្គិច​និង​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​បាតុករ​ពាក់​ព័ន្ធ​ការ​ដាក់​បម្រាម​យ៉ាង​តឹង​រឹង​របស់​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

 

ប្រភពដដែល​នេះ​បាន​លើកឡើងថា ៖ «គណបក្ស​ខ្មែរឈ្នះ​សោកស្តាយ​ជាទីបំផុត​ចំពោះ​ការ​ដាក់​បម្រាម​របស់​សាលារាជ​ធានីភ្នំពេញ​ដោយ​ហាម​ឃាត់​ចំពោះ​ការ​ប្រកាសដឹក​នាំ​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន របស់​គណបក្ស​ខ្មែរឈ្នះ ចំពោះបម្រាម​នេះ​សរបញ្ជាក់​ឱ្យ​ឃើញ​ថាជាការ​បិទ​សិទ្ធិ​សេរីភាពបញ្ចេញមតិ ដើរផ្ទុយ​ពីគន្លង​លទ្ធិប្រជាធិបតេយ្យ​និងរំលោភ​ច្បាប់»។

 

ទាក់ទងសេចក្តីថ្លែងការណ៍​របស់គណៈកម្មាធិការអចិន្ត្រៃយ៍​គណបក្ស​ខ្មែរឈ្នះនេះ សាលារាជ​ធានីភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ថ្កោលទោសចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្សនេះ​ដែល​បាន​ចេញផ្សាយ​ខុសពី​ខ្លឹម​សារនៃកិច្ច​ប្រជុំ​រវាង​រដ្ឋបាល​រាជ​ធានីភ្នំពេញ​និង​តំណាង​គណបក្ស​កាល​ពី​ថ្ងៃទី១០ ខែសីហាកន្លងមក។

 

​រដ្ឋបាល​សាលារាជ​ធានីភ្នំពេញមានការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់​គណបក្សខ្មែរឈ្នះដែលមាន​ខ្លឹមសារប្រាស់ចាកពីស្មារតីនៃកិច្ចប្រជុំ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងគណបក្សខ្មែរឈ្នះ ដែលបានធ្វើការចោទប្រកាន់មកលើរដ្ឋបាលរាជធានីភ្នំពេញថាបានដាក់បម្រាមដោយហាមឃាត់ចំពោះការប្រកាសដឹកនាំធ្វើបាតុកម្មទាមទារដោះលែងលោក រ៉ុង ឈុន និងថែមទាំងលើកឡើងខុសពីការពិតទាំងស្រុងថា «អាចមានការប៉ះទង្គិចនិងឈានទៅដល់ការចាប់ខ្លួនបាតុករពាក់ព័ន្ធការដាក់បម្រាមយ៉ាងតឹងរ៉ឹងនេះ»។

 

រដ្ឋបាលរាជធានីភ្នំពេញបាន​ប្រាប់យ៉ាងលំអិតនៃកិច្ចប្រជុំរវាង​រដ្ឋបាល​សាលាក្រុងនិងតំណាង​គណ​បក្សនេះថា ក្រោយពីទទួលបានលិខិតជូនដំណឹងនៃការធ្វើបាតុកម្មរបស់គណបក្សខ្មែរឈ្នះ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញប្រធានគណបក្សខ្មែរឈ្នះនិងអ្នកពាក់ព័ន្ធដើម្បីជួបប្រជុំពិភាក្សា​អំពីគោលបំណងនិងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលធ្វើបាតុ​កម្មនេះ។ ក្នុងកិច្ចពិភាក្សានេះ លោក យិន ជឿន តំណាងគណបក្សខ្មែរឈ្នះ បានលើកឡើងអំពីគោលបំណង និងដំណើរការប្រព្រឹត្តទៅនៃបាតុកម្ម ដោយមានអ្នកចូលរួមជាច្រើនពាន់នាក់។បន្ទាប់មក តំណាងរដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនទៅតំណាងគណបក្សខ្មែរឈ្នះថា ការជូនដំណឹងធ្វើ បាតុកម្មនេះ មានលក្ខណៈមិនសមស្រប ទៅនឹងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ១៩ និងច្បាប់នៃប្រទេសកម្ពុជានានា ដូចជា សេចក្តីប្រកាស​របស់ក្រសួងសុខាភិបាល ស្ដីពីការជំរុញអប់រំសុខភាពជូនប្រជាជន និងពង្រឹងការងារតាមដានការអនុវត្តវិធានការការពាររលកទី២ នៃការចម្លងជំងឺកូវីដ១៩, មាត្រា៩នៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ហើយគោលបំណងនៃការធ្វើបាតុកម្មទាមទារឱ្យមានការដោះលែងទៀតសោត មិនស្របមាត្រា ៥២២ មាត្រា ៥២៣ និងមាត្រា ៦០៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

 

ប្រភពដដែលបាន​បន្តថា បន្ទាប់ពីធ្វើការពិភាក្សាគ្នាអស់រយៈពេលប្រមាណជា ២ម៉ោង តំណាងគណបក្សខ្មែរឈ្នះបានឯកភាព តាមការលើកឡើងរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយយល់ព្រមលើកពេលនៃការធ្វើបាតុកម្ម និងជូនដំណឹងពីការធ្វើ បាតុកម្មមករដ្ឋបាលរាជធានីភ្នំពេញជាថ្មីម្ដងទៀត តាមពេលវេលា និងស្ថានភាពសមស្រប។

 

សេចក្តីប្រកាសនេះបានបញ្ជាក់ថា៖ «រដ្ឋបាល​សាលារាជ​ធានភ្នំពេញសូមបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះសេចក្ដីថ្លែងការណ៍ របស់គណបក្សខ្មែរឈ្នះដែលជាទង្វើឆ្លៀតបោកប្រាស់សាធារណមតិ ដើម្បីទទួលបានការចាប់ អារម្មណ៍ពីសាធារណជន»។

 

រដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យគណបក្សខ្មែរឈ្នះត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា មុននឹងធ្វើសេចក្ដីថ្លែងការណ៍ ហើយត្រូវធ្វើការកែប្រែជាបន្ទាន់នូវខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់​គណបក្សនេះដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណជន៕

 

Add new comment

1 + 7 =