បទល្មើសព្រៃឈើជាង២០០ករណី និងជាង៣០០ ក្តារបន្ទះត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃព្រះរការ

បន្ទាប់​ពី​បាន​រក​ឃើញនូវ​បទល្មើស​ព្រៃ​ឈើ​ចំនួន​២៦០ករណី និងរកឃើញ​ក្តារបន្ទះចំនួន ៣៦៧បន្ទះ ​ក្នុងដែនជម្រកសត្វព្រៃព្រះរការ សហគមន៍ជនជាតិដើមភាគតិចកួយ បានអំពាវនាវសារជាថ្មី​ដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន មេត្តាបញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

យោង​តាម​ការ​បង្ហោះ​​លើ​បណ្តាញសង្គម​ហ្វេសប៊ុក​របស់​លោក សាន ម៉ាឡា មន្រី្តផ្នែកតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើរបស់សមាគមបណ្ដាញយុវជនកម្ពុជា(CYN) បាន​លើកឡើងនៅ​ថ្ងៃទី​១៩ ខែកក្កដានេះថា កាលពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២២ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ បាននាំគ្នាចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពស្ថានភាពដែនជម្រកសត្វព្រៃព្រះរការ។

លោកថា ការចុះប្រមូលព័ត៌មាននិងធ្វើបច្ចុប្បន្នភាព​នេះ ​ដោយចាប់ផ្តើមពីចំណុចដែលមាននិយាមការ X= ៥១៦៣៩៤ Y= ១៥២៧២៦៣ ដល់ចំណុចដែលមាននិយាមការ X= ៥០៨១៦៣ Y= ១៥២៩៥៨៥ ក្នុងរយៈចំងាយ២៧គីឡូម៉ែត្រ បានប្រទះឃើញនូវបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន ២៦០ ករណីនិង ៣៦៧ ក្តារបន្ទះព្រមទាំងភ័ស្តុងតាងមួយចំនួនទៀតដូចជាដែកឆាប ចំនួន១២ដើម ប្រេងម៉ាស៊ូត និងសាំងផងដែរ ។

ឈើដែលត្រូវរងការកាប់បំផ្លាញមានមុខកាត់ចាប់ពី៣០សម ដល់ ១៥០សម ដែលជាប្រភេទឈើគគីរ ពពេល ផ្តៀក កកោះ និងឈើទាល(ឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ)។

លោក សាន ម៉ាឡា ​បាន​បន្ថែមថា ៖ «ការកើនឡើងនូវបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីកង្វះសមត្ថភាព និងឆន្ទៈក្នុងការការពារព្រៃឈើ ធនធានធម្មជាតិ ពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ដែលវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបរបរដងជ័រច្បោះ បរិស្ថាន និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចកួយ»។

ជាមួយ​គ្នានេះ សហគមន៍ជនជាតិដើមភាគតិចកួយ បានធ្វើការ​អំពាវនាវសារជាថ្មីដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន​​ បញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជនជាតិដើមភាគតិច និងសាធារណជនដូចមានចែងក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិមាត្រា២១,២៩ និងរដ្ឋធម្មនុញ្ញមាត្រា៣៥។

​លោក​បានបន្ថែមថា ៖ «បើកទូលាយ និងបង្កបរិយាកាសល្អដល់អង្គការសង្គមស៊ីវិល សាធារណជន សហគមន៍មូលដ្ឋានក្នុងការរួមចំណែកធ្វើសកម្មភាពដើម្បីការពារ ថែរក្សា និងអភិរក្សព្រៃឈើ ធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា»។

សហគមន៍ជនជាតិដើមភាគតិចកួយ បានអំពាវនាវ​ឱ្យ​ពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងការទទួលខុសត្រូវ និងបង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន និងដាក់ទោសទណ្ឌបើសិនរកឃើញថាជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកជាមួយឈ្មួញខិលខូច៕

 

Add new comment

13 + 1 =