នាយករដ្ឋមន្រ្តីកម្ពុជាស្នើសុំ​ថ្នាក់ដឹកនាំប្រទេសរុស្ស៊ីផ្តល់វ៉ាក់សាំងកូវីដ១៩

សម្តេច​នាយករដ្ឋមន្រ្តី​នៃ​ប្រទេសកម្ពុជា បាន​ស្នើដល់​រាជ​រដ្ឋាភិបាល​នៃប្រទេសរុស្ស៊ីផ្តល់​នូវ​ជំនួយ​ថ្នាំ​វ៉ាក់សាំង​កូវីដ​១៩​ដល់​ប្រទេសកម្ពុជា​ក្នុង​ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស។

 

កា​រស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​សម្តេច​ហ៊ុន សែន និងលោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្សីប្រចាំកម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ។

 

សម្តេច​បាន​លើកឡើង​នៅ​ក្នុងបណ្តាញ​សង្គម​ដោយបានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺCovid-19 ហើយការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺCovid-19នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមានបញ្ហាប្រឈមជាច្រើនរួមទាំងបញ្ហាសេដ្ឋកិច្ច​ សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រើននៅក្នុងពិភពលោក។

 

នៅក្នុង​ជំនួប​ដដែលនេះដែរលោក ANATOLY BOROVIK បាន​លើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជានិង​រុស្ស៊ីមកទល់ពេលនេះគឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប៦៥ឆ្នាំនៃទំនាក់ទំនងការ​ទូតរវាងកម្ពុជានិងរុស្ស៊ី។

 

លោក​បន្តថា នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស  សេដ្ឋកិច្ច ពាណិជ្ជកម្ម  វប្បធម៌ ការទូត និងវិស័យដទៃទៀតដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។

 

ក្នុងឱកាសនោះដែរ សម្ដេចតេជោបានយល់ស្របជាមួយនឹងអ្វីដែលលោកអគ្គរដ្ឋទូតបានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី និងបានថ្លែងអំណរគុណរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្សីដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមកជាពិសេសនៅក្នុងទសវត្សរ៍ ៨០ដែលកម្ពុជានាពេលនោះ កំពុងតែជួបវិបត្តិជាច្រើនបន្ទាប់ពីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពតមក។ មានប្រទេសតិចតួចណាស់ដែលទទួលស្គាល់កម្ពុជាក្នុងសម័យនោះ។ ប៉ុន្តែរុស្សីជាមិត្តដែលបានជួយកម្ពុជារហូតមក។

 

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់ពេលនេះ៕

Add new comment

2 + 0 =