ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់​កម្ចីជាង១២០​លានដុល្លារដល់​កម្ពុជាក្នុង​ការពង្រីកបណ្តញ​អគ្គិសនី

សកម្មភាព ក្រុមបច្ចេកទេស របស់អគ្គិសនីកម្ពុជា EDC ក្នុងពេលត្រួតពិនិត្យបណ្តាញ ។ រូបភាព EDC

ទឹកប្រាក់កម្ចីចំនួន១២៧,៨ លានដុល្លារត្រូវបាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ផ្តល់​ដល់​ប្រទេសកម្ពុជា​ក្នុង​ការ​ជួយ​ពង្រីក​បណ្តាញ​បញ្ជូន​ថាម​ពល​អគ្គិសនីនៅ​កម្ពុជាដើម្បីជួយ​ឱ្យ​រាជ​ធានីភ្នំពេញ​និង​ខេត្តចំនួន​៣ផ្សេងទៀត។

 

យោង​តាម​សេចក្តី​ប្រកស​ព័ត៌មានរបស់​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិ​ញ​នេះ​បាន​ឱ្យ​ដឹងថា ធនាគារនេះ​បាន​អនុម័ត​ផ្តល់​ប្រាក់​កម្ចី​១២៧,៨​លាន​ដុល្លារ​គាំទ្រ​ការកសាង​បណ្តាញ​បញ្ជូនិង​អនុស្ថានីយ​អគ្គិសនី​ដើម្បី​ជួយ​ឱ្យ​រាជ​ធានីភ្នំពេញ​និង​ខេត្ត​៣ផ្សេង​ទៀត​នៃប្រទេសកម្ពុជា​ទទួល​បាន​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ប្រកប​ដោយ​ស្ថេរភាព​នឹង​អាច​ទុក​ចិត្ត​បាន។

 

ប្រភព​ដដែល​បាន​បញ្ជាក់ថា គម្រោងនេះ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាត​ធំដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដោយប្រើថវិកាចំនួន ៦.៧ លានដុល្លារ។ ក្នុងនោះ​រាប់​បញ្ចូលទាំង៤,៧ លានដុល្លារ ពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ(Strategic Climate Fund)​នៃ​ការពង្រីកការអនុវត្តកម្មវិធីថាមពលកកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប និង ២លានដុល្លារពីមូលនិធិថាមពលស្អាត(Clean Energy_Fund) នៃគម្រោង​ដៃគូហិ​រញ្ញប្ប​ទាន​សម្រាប់ថាមពលស្អាត ដែល​មូនិធិទាំងពីរនេះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី។

 

នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Sunniya Durrani-Jamal មានប្រសាសន៍ក្នុង​សេចក្តីប្រកាសនេះថា ៖ «គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយ​ជាបន្តរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី ដល់ប្រទេសកម្ពុជាក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន អាចត្រូវបាន​ផ្តល់ជូនក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសមធម៌»។

 

លោកស្រី​បន្តទៀតថា ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ នឹងបង្ហាញពីរបៀប ដែលការអភិវឌ្ឍ ខ្នាតធំនៃការអនុវត្ត បច្ចេកវិទ្យាច្នៃប្រឌិតថ្មី អាចត្រូវបានប្រើ ដើម្បីដំណើរការបណ្តាញអគ្គិសនី ក្នុងប្រទេសកម្ពុជានាពេលអនាគតនិងដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត។

 

រាជរដ្ឋាភិបាល បានកំណត់ការអភិវឌ្ឍវិស័យថាមពល ជាអាទិភាពរបស់ជាតិ ព្រោះថាការផ្គត់ផ្គង់ អគ្គិ​សនីកាន់តែរឹងមាំ នឹងជួយជំរុញផលិតភាពសេដ្ឋកិច្ចនិងគុណភាពជីវិត។

 

ចាប់តាំងពីឆ្នាំ ១៩៩៤ មក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចី និងជំនួយឥត​សំណង​ជិត ២០០លានដុល្លារ ដល់វិស័យថាមពល របស់ប្រទេសកម្ពុជា និងផ្តល់ជំនួយ​បច្ចេក​ទេស​ប្រមា​ណ​៦​លានដុល្លារ។ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តោតលើការពង្រីក​បណ្តាញ​បញ្ជូន និងចែក​ចាយ​ចរន្ត និង គាំទ្រដល់កំណែទម្រង់ វិស័យអគ្គិសនី ព្រមទាំងការកសាង​សមត្ថ​ភាព​ស្ថាប័ន។

 

កាលពីឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ ៧,៦៤ លានដុល្លារ ដើម្បីគាំទ្រដល់​ការសាង​សង់​ឧទ្យានពន្លឺព្រះអាទិត្យតាមរយៈ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន រួមជាមួយ​ការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យផងដែរ។

 

ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាថានឹងសម្រេចបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុង​តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាព​ក្រីក្រ​ខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន៤៩មកពីតំបន់នេះ៕

Add new comment

4 + 16 =