ថ្នាក់ដឹកនាំ​សហជីពមួយចំនួន​ធ្វើ​ពហិកាមិនចូលរួម​ពិភាក្សា​ការងារ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ តែក្រសួងនៅតែដំណើរការដដែល

ថ្នាក់​ដឹក​នាំ​  សហភាព​សហជីព​ សហព័ន្ធ​សហជីព ដែល​ជា​សមាជិក​ក្រុម​ការងារ​យន្ត​ការ​ត្រីភាគីបូក ​សម្រាប់​ពិភាក្សា​ការងារ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​បាន​ស្នើ​ឱ្យ​ក្រសួង​ការងារ​ទម្លាក់​ចោល​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ ខណៈ​ដែល​ក្រសួង​បាន​ប្រជុំ​ពិភាក្សាការងារនេះ​កាល​ពី​ព្រឹក​ថ្ងៃអង្គារទី​១៥ ខែកញ្ញានេះ។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​តំណាង​សហភាព​សហជីព សហព័ន្ធ​សហជីព​ដែល​RVAKhmer ទទួល​បាន​នៅ​ថ្ងៃអង្គារនេះ​បាន​លើក​ឡើងថា ក្រសួង​ការងារ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​យន្ត​ការ​ត្រី​ភាគី​បូក​សម្រាប់​ពិភាក្សា​ការងារ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ដើម្បី​ឈាន​ទៅ​រក​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​១៤៤ ស្តីពី​ការ​កាត់​បន្ថយ​ប្រាក់ឈ្នួល​ការងារ​វេន​យប់​ពី​១៣០%​មកត្រឹម​១០០% និង​មាត្រា​១៦២​ស្តី​ពី​ការ​ធ្វើ​ការងារ​ថ្ងៃបុណ្យ​ជាតិ​ចំ​ថ្ងៃ​អាទិត្យ​មិនលើក​ពេល​ឈប់​សម្រាក​១ថ្ងៃបន្ថែម​ទៀត ដែល​នាំ​ឱ្យ​ខាត​បង់​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្មករ​និយោជិត​ស្ថិត​នៅ​ក្រោម​វិសាលភាព​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុម​តំណាង​សហជីព​ទាំង​អស់​នេះ​បាន​ឯក​ភាព​សម្រេច​ចិត្ត​ធ្វើ​ពហិកា​មិន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​នៅ​ថ្ងៃអង្គារនេះនៅ​ក្រសួង​ការងារឡើយ។

សេចក្តី​ថ្លែងការណ៍​រួម​នេះបាន​បញ្ជាក់ថា ៖ «យើង​ខ្ញុំ​ទាំងអស់គ្នា​យល់​ឃើញ​ថា ក្នុង​ស្ថាន​ភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​នាពេល​បច្ចុប្បន្ននេះ មិន​មែន​ជាពេល​វេលា​សម​ស្រប​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​នេះឡើយ»។

ប្រភព​ដដែល​បាន​បន្ត​ធ្វើ​ការ​ទទូច​ស្នើ​សុំ​ដល់​ក្រសួង​ការងារ​ទម្លាក់​ចោល​ការ​ធ្វើ​វិសោធនកម្ម​នេះ ដូច​ដែល​ក្រុមសហជីព​ទាំងនេះ​ធ្លាប់​បាន​ស្នើ​សុំ​ក្នុង​កិច្ច​ពិភាក្សា​លើកទី១​កាល​ពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០​ និង​កាល​ពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០កន្លងមក​នេះ។

ទោះបី​ជា​ក្រុម​ភាគីសហជីពមួយ​ចំនួន​បាន​ធ្វើ​ពហិកា​មិនចូលរួម​​កិច្ច​ពិភាក្សានេះ​ក៏ដោយ ក៏ក្រុមការងារយន្ដការត្រីភាគីបូក ជួបជជែកពិភាក្សាគ្នាលើកទី២ ទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ដោយជោគជ័យផងដែរក្រោ​ម​អធិបតីភាព​លោក អ៊ិត សំហេង​ រដ្ឋ​មន្រ្តីក្រសួង​ការងារ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តកិច្ចពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ សំដៅសម្រេចឱ្យបាននូវសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ មុននឹងបន្តនីតិវិធីជាធរមានដើម្បីអនុម័តច្បាប់នេះឱ្យបានមុនដំណាច់ឆ្នាំ២០២០។ 

លោក អ៊ិត សំហេង មានប្រសាសន៍ក្នុង​កិច្ច​ប្រជុំនេះថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់សម្តេចនាយករដ្ឋមន្ត្រី ក្រសួងការងារបានបង្កើតក្រុមការងារសិក្សាលទ្ធភាពក្នុងការធ្វើវិ​សោធនកម្មច្បាប់ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម ដោយបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយបានសហការជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីលទ្ធភាពលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ។  

ផ្អែកលើលទ្ធផលនៃសិក្ខាសាលានេះ ក្រុមការងារយន្ដការត្រីភាគីបូកសម្រាប់ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារត្រូវបានបង្កើតឡើង និងបានរៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យនិងពិគ្រោះយោបល់លើសេចក្តីព្រាងបឋមនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកទាំងអស់។  

លោករដ្ឋមន្រ្តី​បាន​ថ្លែង​បន្តថា ការកែសម្រួលអត្រាប្រាក់ឈ្នួលការងារពេលយប់ គឺដើម្បីបង្កើតនិងបង្កើនឱកាសការងារកាន់តែសម្បូរណ៍បែបជូនដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ចំណុចនៃវិសោធនកម្មនេះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត ដែលកំពុងបម្រើការងារជាការងារពេលយប់ម្តងម្កាល ឬឆ្លាស់វេនគ្នានោះទេ ដោយហេតុថាចំណុចនេះអនុវត្តចំពោះតែកម្មករនិយោជិតដែលបំពេញការងារពេលយប់ជាប្រចាំតែប៉ុណ្ណោះ។ 

សហគ្រាសដែលនឹងដំណើរការ ២៤ម៉ោង ត្រូវតែផ្តល់ជូនកម្មករនិយោជិតធ្វើការងារពេលយប់ជាប្រចាំនូវអត្ថប្រយោជន៍បន្ថែម ដែលជាលក្ខខណ្ឌអប្បបរមា និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារចំពោះប្រភេទកម្មករនិយោជិតនេះ ដូចដែលអនុសញ្ញាអន្តរជាតិខាងការងារលេខ១៧១ ស្តីពីការងារពេលយប់បានកំណត់។ 

លោក អ៊ិត សំហេង​បាន​លើកឡើងថា ៖ «ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ គឺមិនផ្ទុយនឹងអនុសញ្ញាអន្តរជាតិខាងការងារនោះទេ។ ការវិសោធនកម្មនេះមានគោលបំណងជំរុញផលិតភាពការងារនិងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា ក្នុងការសម្រួលដល់ការធ្វើវិនិយោគនិងការអភិវឌ្ឍប្រទេសជាតិ។ កម្ពុជានៅតែជាប្រទេសមួយដែលមានម៉ោងការងារតិចជាងបណ្តាប្រទេសនៅក្នុងតំបន់»។ 

រដ្ឋមន្រ្តីរូបនេះ​បញ្ជាក់ទៀតថា ការពង្រីកវិសាលភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទការងារបុគ្គល គឺជាការចូលរួមពង្រឹងប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារនៅកម្ពុជា ដោយបង្កើតជាជម្រើសដល់ភាគីវិវាទក្នុងការជ្រើសរើសយន្តការដោះស្រាយវិវាទការងារ ដែលឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។ 

ការកែសម្រួលនេះ គឺស្របទៅនឹងគោលការណ៍ជាសកលក្នុងការធ្វើយ៉ាងណាឱ្យគូភាគីវិវាទឆាប់ទទួលបានយុត្តិធម៌។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ក្រសួងនឹងបន្តនីតិវិធីជាធរមាន ដោយបញ្ចូនសេចក្តីព្រាងច្បាប់នេះឆ្លងកិច្ចប្រជុំអន្តរក្រសួង ក្នុងគោលបំណងទទួលបានការអនុម័តច្បាប់នេះឱ្យបានឆាប់ឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ៕

Add new comment

2 + 0 =