ថៃអនុម័តយល់ព្រមឲ្យប្រើប្រាស់វាក់សាំងចិនមួយប្រភេទ

រដ្ឋបាលឱសថ និងស្បៀងអាហារថៃ បានអះអាងនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រទេសថៃបានយល់ព្រមឲ្យប្រើប្រាស់វាក់សាំងស៊ីណូវ៉ាក់ ដែលជាវ៉ាក់សាំងមួយរបស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋបាលឱសថនិងស្បៀងអាហារថៃបានចេញភ្លើងខៀវ ឲ្យប្រទេសនេះទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ បាយអូតិច (Sinovac Biotech ) នៅក្នុងលក្ខខណ្ឌបន្ទាន់ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃមេរោគកូវីដ១៩ ដែលកំពុងតែផ្ទុះនៅក្នុងសហគមន៍នៅក្នុងប្រទេសថៃ។

តាមការគ្រោងទុកវ៉ាក់សាំង ចំនួន២០០.០០០ ដូសដំបូងនៅក្នុងចំណោមវ៉ាក់សាំងនេះសរុបចំនួនប្រមាណជា២លានដូសត្រូវបានគេរំពឹងថា នឹងមកដល់នៅក្នុងពេលឆាប់ៗនេះ ហើយអទិភាពដំបូង បំផុតគឺមានតែក្រុមគ្រូពេទ្យតែប៉ុណ្ណោះ។

ប្រទេសថៃនៅពេលនេះត្រូវបានគេដឹងថា បានរកឃើញអ្នកដែលកើតជំងឺកូវីដ ១៩ នេះសរុបចំនួន ២៥.៥០៤ នាក់ នៅក្នុងនោះ ករណីឆ្លងថ្មីបំផុតគឺកើនឡើងច្រើនក្រោយពេលដែលផ្ទុះតាំងពីខែ ធ្នូ មក ដោយមានអ្នកស្លាប់សរុបចំនួន៨៩ ករណី ។

រដ្ឋាភិបាលថៃបានបញ្ជាទិញវ៉ាក់សាំងចំនួន ២៦លានដូស ពីអាស្ត្រាហ្សេណេកា (Astrazeneca)ដែលគ្រោងនឹងផលិតដោយក្រុមហ៊ុនផលិតវ៉ាក់សាំងនៅក្នុងស្រុក ហើយគម្រោងការនេះគឺនឹងធ្វើនៅក្នុង ខែ មិថុនា ខាងមុខ ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដែលមានអាយុ ៦៦ ឆ្នាំ បានអះអាងថាលោកនឹងចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះ នៅពេលដែល វ៉ាក់សាំងនេះមកដល់ ទោះបីជា មានការកំណត់ថា វ៉ាក់សាំងនេះ អាចចាក់បានសម្រាប់មនុស្ស អាយុ ក្រោម ៦០ ក៏ដោយ៕

Add new comment

11 + 7 =