តំណាងសមាគម សហជីព និងយុវជនជាង១០ ដាក់ញត្តិទៅអគ្គរដ្ឋនានាជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន

ប្រជាជន​ និង​តំណាង​សង្គម​ស៊ីវិល​បាន​ប្រមូលផ្តុំ​នៅ​មុខ​សាលា​ដំបូង​រាជធានីភ្នំពេញ​ដើម្បីតវ៉ា​សុំ​ឲ្យ​ដោះលែង​លោក​រ៉ុងឈុន កាលពី​សប្តាហ៍មុន។

តំណាង​សមាគម សហព័ន្ធ​និស្សិត សហព័ន្ធ​សហជីព យុវជន និង​ប្រជាពលរដ្ឋ​ បានដាក់​ញត្តិ​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ពី​សហគមន៍អឺរ៉ុប​ អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក អគ្គរាជទូត​ជប៉ុន អគ្គ​រដ្ឋទូត​អាល្លឺម៉ង់ អគ្គ​រាជទូតថៃ អគ្គ​រដ្ឋ​ទូតបារាំង អគ្គរាជ​ទូត​អង់គ្លេស អង្គការពលកម្ម​អន្តរជាតិ​ និង​តំណាង​ការិយាល័យ​ឧត្តម​ស្នងការទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជាជួយ​អន្តរាគមន៍​​ ដើម្បីដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់​និង​ឥត​លក្ខខណ្ឌ។

យោង​តាម​ញត្តិ​ដែលចុះ​ហត្ថលេខាដោយ​តំណាង​ទាំង១៧ ដែល​ RVAKhmer ទទួល​បាននៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ​២០២០នេះបាន​​ឱ្យ​ដងថា  «យើង​ទាំងអស់គ្នា​ស្អប់ខ្ពើមនឹងភាព​អយុត្តិធម៌ សូម​អំពាវនាវ​ចំពោះ​លោកលោកស្រីតំណាង​ឱ្យអគ្គរាជ​ទូត អគ្គរដ្ឋទូត អង្គការILO UNHCR មេជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះ​លែងលោក រ៉ុង ឈុន ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូ​រាជធានីភ្នំពេញ​សម្រេ​ចឃុំខ្លួន​ជាបណ្តោះអាសន្ន​ កាល​ពី​ថ្ងៃទី១ ខែសីហា ឆ្នាំ​២០២០​នៅពន្ធនាគារព្រៃស(ម១) ក្រោម​បទចោទ៖ ញុះញង់​ឱ្យ​មាន​ការ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជាអាទិ៍»។

ក្រុម​តំណាងទាំងនេះសង្ឃឹមថា តំណាងអគ្គរាជទូត អគ្គរដ្ឋទូត និង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់នឹងជួយអន្តរាគមន៍​លើករណីនេះ។

តំណាង​សមាគម សហព័ន្ធ​និស្សិត សហព័ន្ធ​សហជីព យុវជន និង​ប្រជាពលរដ្ឋមានដូចជា សមាគមគ្រូបង្រៀនឯករាជ្យ (CITA) ក្រុម​យុវជន​ទំពាំងខ្មែរ សមាគមអ្នក​ស្រលាញ់បរិស្ថាននិង​សង្គម សហព័ន្ធ​និស្សិតបញ្ញវន្តកម្ពុជា សហព័ន្ធសហជីពកម្ពុជា សហភាព​សហជីព​កម្ពុជា សហព័ន្ធ​សហជីពកម្មករចំណីអាហារ សមាគមសម្ព័ន្ធ​សហគមន៍​កសិករកម្ពុជានិង​សមាគមIDEA ជាដើម។ល៕

Add new comment

3 + 14 =