ដោះលែងអតីតសកម្មជនបក្សសង្គ្រោះជាតិ បន្ទាប់ពីឃុំខ្លួន ១ឆ្នាំកន្លះ

តំណាង​អយ្យការអម​សាលាដំបូង​រាជ​ធានីភ្នំពេញ លោក​ សាយ ណូរ៉ា បាន​ចេញ​ដីកាបង្គាប់ឱ្យ​ដោះលែង​លោក គង់ ម៉ាស់ អាយុ៣២ឆ្នាំ កាលពីថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០កន្លងមកនេះ ដែលលោកជាអតីតមន្រ្តី​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​សាលា​ដំបូង​ចោទនិង​ឃុំខ្លួន​ពីបទ​ប្រមាថនិង​បទញុះញង់​ឱ្យ​ប្រព្រឹត្តអំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមកាល​ពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩។

 

លោក​ គង់ ម៉ាស់​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល​១ឆ្នាំ​៦ខែ ពីបទ​ប្រមាថ និង​បទ​ញុះញង់ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមដែល​បាន​ប្រព្រឹត្តនៅ​រាជ​ធានីភ្នំពេញ​កាល​ពីអំឡុង​ខែមេសាដល់​ខែ​តុលា ឆ្នាំ​២០១៨ បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤៩៥និងមាត្រា​៥០២​នៃក្រម​ព្រហ្មទណ្ឌ។

 

លោក​ សាយ ណូរ៉ាបាន​ឱ្យ​ដឹងថា លោក គង់ ម៉ាស់​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គ្រប់​ចំនួន​១ឆ្នាំ​៦ខែរួចមក​កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ កន្លងមក​ហើយ តែតំណាង​អយ្យការ​ទើបនឹង​ទទួល​បាន​សាលក្រម​ស្ថាពរយកមក​អនុវត្ត​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០នេះទេ។

 

លោក​បាន​បញ្ជាក់​ថា ៖ «ដោយ​សារតែ​ជន​នេះ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចប់សព្វគ្រប់​អស់​ហើយ​ ដូច្នេះ​គប្បី​ធ្វើ​ការ​ដោះ​លែង​ជននេះ​ឱ្យ​មាន​សេរីភាពវិញ​ចាប់​ពី​ពេលនេះតទៅ។ ដូចនេះ​លោក​អគ្គនាយក​រងនិង​ជាប្រធាន​មណ្ឌល​អព់រំ​កែប្រែទី១នៃក្រសួង​មហាផ្ទៃ​ឱ្យ​ដោះលែង​លោក គង់ ម៉ាស់ជាបន្ទាន់​ប្រសិន​បល​ឈ្មោះ​នេះ​ពុំត្រូវ​បាន​ឃុំ​ខ្លួនពីបទល្មើស​ផ្សេងទៀតទេ»។

 

គួរបញ្ជាក់ផងដែរថា អតីត​សកម្មជន​គណបក្សសង្រ្គោះជាតិ លោក គង់ ម៉ាស់ ដែល​ជេរប្រមាថ​រាជរដ្ឋាភិបាល ញុះញង់បង្ក​អសន្ដិសុខ និង​បង្កចលាចល​ដល់​សង្គម ត្រូវ​បាន​បាន​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ពេល​លោក​កំពុង​អង្គុយ​ផឹក​កាហ្វេ​ក្នុង​ហាងកាហ្វេមួយក្នុងទីក្រុងភ្នំពេញ៕

Add new comment

5 + 4 =