ជាង២០ឆ្នាំនៃមុខងារជាគង្វាលរបស់លោកអភិបាលនិងបូជាចារ្យខ្មែរ

គ្រីស្ត​បរិស័ទ​ជូន​ផ្កា​អប​អរសាទរ​ខួប​២០​ឆ្នាំ​ជាអភិបាល និង​ខួប​២៥​ឆ្នាំ​ជា​បូជាចារ្យ​របស់​លោកអភិបាល​គីគេ និង​លោក​បូជាចារ្យ​សុផល

គ្រីស្ត​បរិស័ទ​ប្រមាណ​ជិត១០០​នាក់ មក​ជួបជុំគ្នា​ដើម្បី​រួម​គ្នា​អធិដ្ឋាន​​ទូល​អង្វរ​និង​អរ​ព្រះគុណ​ព្រះជាម្ចាស់​​ក្នុង​ឱកាស​ខួប​គម្រប់​២០​ឆ្នាំនៃ​ការ​តែង​តាំង​លោក​អេនរីគេ ហ្វីការេដូ​ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​បាត់ដំបង និង​ខួប​២៥​ឆ្នាំ​នៃ​ការតែងតាំ​ងលោក​ទម្លាប់ សុផល ជាបូជាចារ្យ​កាតូលិក​ ដែលកម្មវិធីនេះ បានធ្វើ​ឡើង​នៅ​ក្នុងព្រះវិហារ​ព្រះជាម្ចាស់​លើកព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរម​សុខ​ នា​ខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​២ ខែ​កក្កដានេះ។

ក្នុង​កិច្ច​ការ​ប្រកាស​ដំណឹង​ល្អ​របស់លោក​អភិបាល​អេនរីគេនៅ​ក្នុង​ប្រទេសកម្ពុជា​ជាង​២០​ឆ្នាំមក​នេះ គឺ​ធ្វើ​ការ​យ៉ាង​ពិសេស​សម្រាប់​អ្នក​ក្រីក្រ​តូច​តាច។

លោក​ច្រុច សាវ៉ែន ជា​គ្រីស្ត​បរិស័ទ​នៅព្រះសហគមន៍​ចំណោម​ក្នុងខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ប្រសាសន៍​ថា គាត់​បាន​មើល​ឃើញការ​បម្រើ​របស់​លោកអភិបាល​ ជា​គង្វាល​ម្នាក់​ដែល​តែង​តែ​លើកទឹកចិត្ត​និង​ណែនាំ​ឲ្យ​មាន​ការបង្រួប​បង្រួម​រវាង​គ្រីស្ត​បរិស័ទ​និង​គ្រីស្ត​បរិស័ទ គ្រីស្ត​បរិស័ទ​​និង​ពុទ្ធ​បរិស័ទ​ដែល​ជា​បងប្អូន​ជិត​ខាង​ព្រះសហគមន៍។

លោកសាវ៉ែន«គាត់​បាន​បម្រើ​យើង​អស់​រយៈពេល​២០​ឆ្នាំ​នេះ នៅ​ភូមិភាគ​បាត់​ដំបង​ យើង​ឃើញ​ថា លោកពុក(អភិបាល) ​គាត់​យក​ចិត្តទុក​ដាក់​ ហើយ(ព្រះសហគមន៍)​មាន​ការ​រីក​ចម្រើន​ច្រើន​។ លោក​តែង​តែ​លើក​ទឹក​ចិត្ត​យើង​ម្នាក់​ៗ​ ហើយ​លោក​ចេះ​គាំ​ទ្រ​បង​ប្អូន​ពី​ខាង​ក្រៅ (ពុទ្ធ​បរិស័ទ) ចូល​រួម​ជាមួយគាត់​។ ជា​ពិសេស​គាត់​បាន​ជួយ​ណែនាំ​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែរ​​ ដើម្បី​ជួយ​បម្រើ​ព្រះសហគមន៍ ជួយ​ពង្រឹង​ខ្លួន​ឯង​ ចេះ​យក​ចិត្ត​ទុក​ដាក់​អ្នក​ដទៃ​ ហើយ​ជាពិសេស​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​ក្រុម​គ្រួសារ​»។​

លោក​សាវ៉ែន បន្ថែម​ថា «លោក​អភិបាល​គាត់​ប្រសើរ​ណាស់​។ គាត់​បាន​ជួយ​នៅទីនេះ ណែនាំ​កម្មវិធី​កូនៗ​ក្រុម​ពិការ​ និង​ជួយ​បង​ប្អូន​នៅ​ក្រៅ គឺ​តាម​ភូមិ​ផ្សេងៗ ដើម្បី​ឲ្យ​គេ​បាន​រៀន​សូត្រ​។ ជា​ពិសេស​គាត់បាន​ណែនាំ​បងប្អូន​គ្រីស្ត​បរិស័ទ​ចេះ​រួប​រួម​គ្នា​ និងឲ្យ​ចេះ​ស្វាគមន៍​បង​ប្អូន​ពី​ខាងក្រៅ»។

ក្នុង​ធម្មទេសនា​នា​យប់​ថ្ងៃទី​២​ ខែ​កក្កដានោះ លោក​តូតែត បាណែណាល់ មាន​ប្រសាសន៍​ថា​ លោកអភិបាល​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យើង​គ្រប់​គ្នា ទាំង​ការ​លះបង់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​បម្រើ​បងប្អូន​ទាំង​ក្នុង​និ​ងក្រៅព្រះសហគមន៍។​

លោក​បូជាចារ្យ​តូតែត​មាន​ប្រសាសន៍​ថា គាត់​បាន​រៀន​នូវ​មេរៀន​ជា​ច្រើន​ពី​លោកអភិបាល​នោះគឺ «យើង​ជា​គ្រីស្ត​បរិស័ទ​មើល​អ្នក​ដទៃ​ដោយ​ចិត្ត​អាណិត​ ចិត្ត​ចង់​ជួយ​ ហើយ​មាន​អំណរ​សប្បាយនឹង​អ្នកដទៃ​ជានិច្ច»។

ក្នុងនោះ​ដែរ​លោក​បូជាចារ្យ​តូតែត បានរំលឹក​ដល់​គ្រីស្ត​បរិស័ទ​អ្នក​ចូលរួម​ក្នុង​ថ្ងៃនោះ​ សូម​ឲ្យ​ប្រព្រឹត្ត​ដូច​បុរស​ជន​​​ជាតិ​សាម៉ារី ដែល​មិន​ចេះ​ប្រកាន់​អំពី​ពូជសាសន៍​និង​មាន​ចិត្ត​​សប្បុរស ដែល​ជា​មេរៀន​ដែល​លោក​អភិបាល​តែងតែ​ណែនាំ​គ្រីស្ត​បរិស័ទ​។

លោកបាន​ប្រាប់​ថា «កុំ​ប្រកាន់​អី អ្នក​ណា​អ្នក​ក្រ ​អ្នកណាអ្នកមាន អ្នកណា​អ្នក​ភូមិ អ្នក​ស្រែ អ្នកណា​អ្នកក្រុង កុំ​មើល​ងាយ​គេ​។ អ្នក​ខ្លះ​អត់​បាន​ចូលរួម​ត្រេក​អរ​នឹង​ការ​រីក​ចម្រើន​របស់អ្នកដទៃ។ នៅទីនេះ យើងត្រូវ​ដឹងថា គ្រីស្ត​បរិស័ទ​របស់​យើង​មាន​វៀតណាម មាន​ខ្មែរ មាន​ពុទ្ធ​បរិស័ទ​ជា​មិត្ត​ភក្តិ​របស់​យើង​ជិត​ស្និទ្ធ មាន​អ៊ីស្លាម មាន​អ្នក​មាន​ មានអ្នកក្រ មាន​ប្រុសស្រី ចាស់​ជរា​ មាន​ក្មេង​ បងប្អូន​ដូច្នេះ សូម​យើង​កុំ​ប្រកាន់​គ្នាទៅវិញ​ទៅមក។ យើង​មើល​អ្នក​ដទៃ​ដោយ​ចិត្ត​អាណិត​ជានិច្ច ចិត្ត​ចង់​ជួយ​។ នៅពេល​មើល​គេ កុំ​មើល​ឋានៈ​គេ​អី កុំ​មើល​សំលៀក​បំពាក់របស់គេ កុំ​មើល​ផ្ទះ​គេ​ ក៏​កុំ​មើល​គេ​ថា​ គេ​ស្គាល់​អ្នក​ណា​ខ្ពស់យើង​រាក់ទាក់​ជាមួយ​គេ»។

លោក​តូតែត​បន្ថែម​ថា លោកអភិបាល​បាន​ជ្រើស​រើស​បាត់​ដំបង​ជា​ផ្ទះ​របស់​លោក​ហើយ គាត់​តែង​ប្រាប់​គេ​ថា គាត់​ជា​អ្នក​បាត់ដំបង នៅទីលំនៅ​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅគាត់​ ដើម្បី​នៅ​ជាមួយ​បងប្អូន ហើយ​គាត់​សុខ​ចិត្ត​នៅ​បន្តទៅទៀត។ បងប្អូន​​យើង​រស់នៅ​ក្នុងទីលំនៅ​តែ​មួយ រួម​ជាមួយ​គ្នា សូម​យើង​ទាំង​អស់​គ្នា​រួម​ជាអ្នក​ដែល​រៀន​ពី​លោអភិបាល​ ហើយជា​អ្នកដែល​រៀនពី​ការ​ប្រៀន​ប្រដៅ​របស់ព្រះយេស៊ូ។ យើង​មើល​គ្នា​ទៅវិញ​ទៅ​មកដោយ​សេចក្តីអាណិត ហើយ​សូម​ស្វាគមន៍​បង​ប្អូន​ឲ្យ​ចូល ឲ្យ​មានទីលំនៅក្នុង​ចិត្ត ដូច​ជន​ជាតិ​សាម៉ារី​ ដែលយក​ជន​រង​គ្រោះ​ឲ្យ​មានទីលំនៅក្នុង​ចិត្ត​គាត់​ ក្នុងផ្ទះ​មួយ​ដើម្បី​ព្យាបាល។ លោកអភិបាល​បាន​សុខ​ចិត្ត​រស់នៅ​ជាមួយ​យើង ស្វាគមន៍​យើង​នៅ​ក្នុង​បេះ​ដូង​របស់គាត់។

លោកអភិបាល​អេន​រីគេ ហ្វីការេដូ ជា​ជន​ជាតិ​អេស្ប៉ាញ កើត​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៥៩។ នៅ​ឆ្នាំ​១៩៨៥ លោក​​ជា​អ្នក​​ស្ម័គ្រ​ចិត្ត​ចូលរួម​ក្នុង​ក្រុម​​សហជីវិន​ព្រះយេស៊ូ​ និងត្រូវ​បាន​បញ្ជូន​ឲ្យ​បំពេញ​បេសកកម្ម​​នៅ​​ជំរំ​ជន​ភៀស​ខ្លួន​​ខ្មែរ​ថៃ​នៅ​ប្រទេស​ថៃ។ នៅ​ឆ្នាំ​១៩៩២ លោក​ទទួល​តែង​តាំ​ងជាបូជាចារ្យ ហើយ​ភ្លាមៗ​លោក​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញដើម្បី​បម្រើ​ប្រជាជន​ ជាពិសេស​ជន​មាន​ពិការភាព​ដោយ​សារ​គ្រាប់​មីន។ នៅ​ថ្ងៃទី​២ ខែកក្កដា ​ឆ្នាំ​២០០០ សន្ត​អាសនៈ​នៃ​ទីក្រុង​រ៉ូម​បាន​ជ្រើស​តាំង​លោក​ជា​អភិបាល​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​ព្រះសហគមន៍​កាតូលិកភូមិភាគ​បាត់​ដំបង។ កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​ លោក​បានទទួល​សញ្ជាតិ​កម្ពុជា​​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា ទេព​ ច័ន្ទ​ពិសិដ្ឋ។

រីឯលោក​បូជាចារ្យទម្លាប់​សុផលជា​បូជាចារ្យ​ខ្មែរ​ដំបូង​​ក្រោយពេល​របប​ខ្មែក្រហម​ត្រូវ​ដួល​រលំ។ លោក​ត្រូវ​បានតែង​តាំង​ជា​បូជាចារ្យ​នៅ​ថ្ងៃទី​២​ ខែ​កក្កដា ឆ្នាំ​១៩៩៥ រហូត​មក​ដល់​ពេលនេះមាន​រយៈ​ពេល​២៥​ឆ្នាំ​ហើយ។ ក្នុងកិច្ច​ការ​ជា​អ្នក​គង្វាល​របស់​ព្រះជាម្ចាស់​ លោក​បាន​ខិត​ខំ​ប្រមែ​ប្រមូល​គ្រីស្ត​បរិស័ទ​ អប់រំ​ជំនឿ​ និង​បង្រៀន​អក្ខរកម្ម​ដល់​កុមារ​ក្រីក្រ​ បង្កើតកម្មវិធី​អាហារូបករណ៍​និង​ផ្តល់​​ផ្ទះ​ស្នាក់នៅ​សម្រាប់​សិស្ស​ក្រីក្រជាដើម។

លោក​វឿត រ៉ាវុធ ជា​គ្រីស្ត​បរិស័ទ​ម្នាក់នៅ​ព្រះសហគមន៍​ទំពូង និង​ជា​យុវជន​ដែល​ធ្លាប់​ទទួល​ការ​ណែនាំ​ពី​លោកបូជាចារ្យ​រូប​នេះ​ តាំង​ពី​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹងថា  «ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ដែល​ខ្ញុំ​ស្គាល់​លោកពុក មាន​បទ​ពិសោធន៍​ច្រើន​ជាមួយ​គ្នា​ទាំង​សប្បាយផង​ និង​ទុក្ខ​ព្រួយ​ផង ប៉ុន្តែ​លោកតែ​ង​តែ​លើកទឹកចិត្ត​រហូត ទោះ​ក្នុងកាលៈទេសៈណា​ក៏​ដោយ​ក៏​មិន​ត្រូវ​បោះ​បង់​ព្រះជាម្ចាស់​ គឺ​ត្រូវ​ទុកចិត្ត​លើ​មេត្តាករុណារបស់​ព្រះអង្គជានិច្ច។ លោកពុក​ដើរ​តួ​ជា​ម្តាយ​ផង​និង​ឪពុកផង។ គាត់​មើក​ការ​ខុស​ត្រូវ​ទាំង​ជីវភាព ទាំង​ការ​សិក្សា ពេល​មាន​បញ្ហា​គាត់​តែង​តែ​យក​ព្រះគម្ពីរ​មក​លើក​ទឹកចិត្ត។ នៅ​ជាមួយ​គាត់ គាត់​បាន​ណែនាំ​ខ្ញុំ​អំពីជំនឿ បង្រៀន​ឲ្យយល់​ពី​អត្ថន័យ​គម្ពីរ​និង​ការ​ឆ្លុះ​បញ្ចាំង​នឹង​ជីវិត​របស់​យើង»។

បច្ចុប្បន្ន​លោក​បូជាចារ្យ​ទម្លាប់​ សុផល​មាន​វ័យ៦៧​ឆ្នាំ​ទៅ​ហើយ តែ​ទោះ​បីជាលោក​មិន​សូវ​រឹង​មាំ​ខាង​រាង​កាយ​យ៉ាងណាក៏ដោយ ក៏​លោក​នៅ​តែ​ខិត​ខំ​បន្ត​បេសកកម្ម​ជា​អ្នក​អប់រំណែនាំ​ជំនឿ​នៅ​ក្នុង​គណៈកម្មការ​អប់រំ​ជំនឿ​ក្នុង​តំបន់​បាត់ដំបង និង​រៀបចំ​សិក្ខា​សាលា​មួយ​ចំនួន​សម្រាប់​កម្មវិធីនេះដែរ៕

Add new comment

5 + 0 =