ជនបរទេសណាដែល​ល្មើស គេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័កនឹងត្រូវបណ្តេញចេញពីកម្ពុជា

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានយល់​ព្រម​លើ​សំណើនៃការ​បណ្តេញ​ចេញពីប្រទេសកម្ពុជានិង​ហាមចូល​ប្រទេសសារជាថ្មី​នូវជនបរទេសណាដែល​ល្មើស គេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។

ចំណារ «យល់ព្រម»នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ របស់​សម្តេច​តេជោហ៊ុន សែន ត្រូវ​បាន​ធ្វើឡើង​តាម​ការ​ស្នើ​សុំគោលការណ៍ ពី​លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បាន​ផ្ញើលិខិត​ស្នើ​សុំគោលការណ៍​​អនុវត្តន៍ច្បាប់ចំពោះ​បុគ្គល​មិន​អនុវត្ត​ន៍​តាម​វិធាន​ការ​របស់ក្រសួងសុខាភិបាល​ចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេសមិន​ព្រម​ចូល​ព្យាបាល ឬមិន​សហការ​ផ្តល់​ការ​សម្ភាសន៍ និង​ទីតាំង​ដែល​មិន​សហការ​​ផ្តល់​ព័ត៌មានការស្រាវជ្រាវ និង​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩​បន្ថែមលើអនុក្រឹត្យលេខ​២៧ អនក្រ.បក។

​លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើង​ក្នុ​ងលិខិតនេះថា កន្លងមក​ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា, ២៨វិច្ឆិកា និង២០កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន។ 

លោក​បន្តថា ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័កជាដើម ដែលធ្វើ​ឱ្យកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានឱ្យដឹងថា ៖ «ខ្ញុំសូមស្នើសម្តេចអគ្គមហាសេនាបតី​តេជោ អនុវត្តន៍នូវវិធានការចំនួន៣ចំណុចគឺ ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី, ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនជាតិខ្មែរ និងសម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង»។

យោង​តាម​ចំណារលើលិខិតស្នើនេះគឺត្រូវបានសម្តេចតេជោ ហ៊ុន សែន យល់ព្រម​ឱ្យ​មាន​ការ​អនុវត្តន៍​វិធានការច្បាប់នេះ៕

សូមបញ្ជាក់ថា សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុងផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស៕

Add new comment

5 + 7 =