ចិនអះអាងថា ខ្លួននឹងបញ្ចេញស្តុកប្រេងតាមតម្រូវការរបស់ខ្លួន

FILE PHOTO: Oil and gas tanks are seen at an oil warehouse at a port in Zhuhai, China October 22, 2018. REUTERS/Aly Song/File Photo

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅថ្ងៃពុធទី ២៤ ខែវិច្ឆិកា ថា ប្រទេសចិននឹងបញ្ចេញប្រេងឆៅពីកន្លែងស្តុកបម្រុងតាមតម្រូវការរបស់ខ្លួនដោយបន្ថែមថាប្រទេសចិនកំពុងកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសដែលផលិតប្រេងនិងប្រទេសដែលប្រើប្រាស់ប្រេង។

សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ៍ថា ខ្លួននឹងបញ្ចេញប្រេងរាប់លានបារ៉ែលពីទុនបំរុងជាយុទ្ធសាស្រ្តក្នុងការសម្របសម្រួលជាមួយប្រទេសចិន និងប្រទេសអាស៊ីផ្សេងទៀតដើម្បីព្យាយាមធ្វើឱ្យតម្លៃធ្លាក់ចុះ បន្ទាប់ពីក្រុមប្រទេសផលិតប្រេងនៅក្នុងអង្គការដែលគេហៅថា អូប៉ិច  OPEC មិនអើពើម្តងហើយម្តងទៀតចំពោះការអំពាវនាវឱ្យបង្កើនការផលិតប្រេងឆៅបន្ថែមទៀតដើម្បីទម្លាក់ថ្លៃ ប្រេងឥន្ធនៈនៅលើពិភពលោក។

រដ្ឋបាលគ្រប់គ្រងការចរាចរណ៍ទំនិញនិងយុទ្ធសាស្ត្ររបស់ប្រទេសចិន បានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួនកំពុងធ្វើការលើការបញ្ចេញស្តុកប្រេង ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើរបស់សហរដ្ឋអាមេរិក។

លោក ចាវ លីជាន ( Zhao Lijian ) អ្នកនាំពាក្យក្រសួងការបរទេសចិន  ជាថ្មីម្តងទៀតបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីថាតើប្រទេសចិនកំពុងចូលរួមក្នុងការបញ្ចេញ ស្តុកប្រេងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកដែរឬទេ?

លោក ចាវ បាននិយាយថា ៖ «ភាគីចិននឹងរៀបចំការបញ្ចេញ ប្រេងឆៅពីទុនបំរុងរបស់រដ្ឋតាមតម្រូវការជាក់ស្តែងរបស់ខ្លួន" ដោយបន្ថែមថា ខ្លួននឹងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធដោយមិនបង្អង់យូរ»។

លោក ចាវ បាននិយាយថា ប្រទេសចិននឹងរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវស្ថិរភាពរយៈពេលវែងនៃទីផ្សារប្រេងពិភពលោក៕

Add new comment

1 + 2 =