ចាប់ពីខែសីហា ខាងមុខនេះ កម្មការិនីដែលមានផ្ទៃពោះ នឹងទទួលបានប្រាក់ឧបត្ថម្ភពី៤ម៉ឺន ទៅ៨ម៉ឺនរៀល ពេលពិនិត្យពោះម្តងៗ

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បន្ថែមនូវប្រាក់​ឧបត្ថម្ភ​ដល់កម្មការិនីដែល​មាន​ផ្ទៃពោះ​ ​ពី​៤ម៉ឺនរៀល ទៅដល់​ ៨ម៉ឺន រៀល នៅពេលទៅពិនិត្យ​ផ្ទៃពោះ​ម្តង ដែលការ​ពិនិត្យនេះ ត្រូវធ្វើឡើង​៤ដង មុនពេលឆ្លងទន្លេ។​

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសដូចនេះ ​​នាព្រឹកថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៣​ក្នុង​ពិធី​សំណេះសំណាលជាមួយកម្មករ និយោជិត ​ចំនួនជិត២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេ​ស រ៉ូយ៉ាល់ភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។​

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ពីមុននៅពេលដែល​កម្មការិនីទៅពិនិត្យសុខភាពពេលមានផ្ទៃពោះម្តង គេផ្តល់ប្រាក់៤ម៉ឺនរៀល ប៉ុន្តែឥឡូវ​នៅពេលដែល​យើងទៅពិនិត្យផ្ទៃពោះម្តងនឹង​ទទួលបាន​៨ម៉ឺនរៀល ដែលនឹងចាប់ពីខែសីហា ខាងមុខនេះតទៅ»។

​លោកបានបន្តថា ៖ «​នៅថ្ងៃឆ្លងទន្លេ ពីមុនជូនតែ​២០ម៉ឺនរៀល តែឥឡូវជូនដល់​៤០ម៉ឺនរៀល ហើយនៅពេលកូន​កើតហើយត្រូវ​ទៅពិនិត្យ​សុខភាព​កូន និងម្តាយ​ ១០ដងទៀត ដែល​ក្នុង​ការ​ពិនិត្យ​ទាំង១០ដងនោះ នឹងទទួលបាន​៨០ ម៉ឺនរៀល»។

​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បាន​បន្តថា ​​កម្មការិនីម្នាក់នឹងទទួលបាន១លាន៥សែន២ម៉ឺនរៀលចាប់ពីមានផ្ទៃពោះ រហូតដល់កូន២ឆ្នាំ ដែលរដ្ឋជាអ្នកចំណាយ ​ដែល១ឆ្នាំរដ្ឋចំណាយថវិកានេះអស់​ប្រមាណជាជិត ១៣លានដុល្លាបន្ថែមទៀត ពីលើការចំណាយថវិកាដែលធ្លាប់បានចំណាយ របស់រាជរដ្ឋាភិបាលកន្លងទៅ។

សម្តេចមានប្រសាសន៍ថា ៖ «១៣លានដុល្លារនេះ មិននាំឱ្យ​រាជរដ្ឋាភិបាលរលំនោះទេ ព្រោះយើងកំពុងវិនិយោគមនុស្សជាមួយមនុស្ស។ យើង​កំពុងដោះស្រាយ​បញ្ហាឱ្យ​មនុស្ស​»៕

 

 

Add new comment

5 + 8 =