គ្រួសារចាស់ជរា ខ្វះខាត ចំនួន១៥គ្រួសារក្នុង​ខេត្តកំពង់ចាម ទទួល​បាន​ស្បៀងអាហារពី អង្គការគ្រួសារសន្តិភាព និង អភិវឌ្ឍន៍

លោក ផាន បូរ៉ា នាយកអង្គការ គ្រួសារសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមការងារ រួមជាមួយនឹងអាជ្ញធរភូមិ ឃុំ ក្រុមប្រឹក្សាឃុំ បានចូលរួមកិច្ចការមនុស្សធម៌ ចែករំលែកម្ហូបអាហារដល់ចាស់ជរាខ្វះខាតចំនួន១៥គ្រួសារ រស់នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមេសា នេះ។

អំណោយទំាងនេះ ជាអំណោយរបស់អង្គការគ្រួសារសន្តិភាព និង អភិវឌ្ឍន៍(PFDO) ដើម្បី​ចែករំលែកសេចក្តីស្រឡាញ់ដល់ចាស់ជរាខ្វះខាត ជាពិសេសសង្គ្រោះដល់​អ្នក​ដែលកំពុង​តែប៉ះពាល់ដោយសារការរីករាលដាលនៃវីរុស​កូវីដ១៩នេះ។

លោក ផាន បូរ៉ា បានថ្លែងប្រាប់ថា ៖ «កន្លងមកគោលដៅរបស់អង្គការគឺផ្តោតទៅលើការអប់រំជាស្នូល ប៉ុន្តែអង្គការគ្រួសារសន្តិភាព និងអភិវឌ្ឍន៍ ក៏នៅតែពិចារណាទៅលើបញ្ហាខ្វះខាតប្រឈមរបស់គ្រួសារខ្វះខាតផងដែរ»។ 

លោកបានបន្តថា ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះដោយសារតែការរីករាលដាលនៃវីរុស​កូវីដ១៩ អង្គការបានដកយកកញ្ចប់ថវិការបំរុង សម្រាប់ជួយគ្រួសារចាស់ជរាខ្វះខាត គ្មានទីពឹងបានប្រ​មាណជា៨០គ្រួសារ។ 

លោកនាយកអង្គការ រូបនេះបានឲ្យដឹងបន្ថែមទៀតថា អស់រយៈពេល​ជាច្រើនឆ្នាំមកនេះ អង្គការលោក​បានជួយ និងផ្តល់អាហាររូបករណ៍ដល់សិស្សនិស្សិត មកពីគ្រួសារក្រីក្រខ្វះខាតប្រមាណជា៧៥នាក់ ដើម្បីឲ្យពួកគេបានរៀនសូត្រ រីឯអាហាររូបករណ៍សម្រាប់សិស្សនិស្សិតអាចឈានដល់មហាវិទ្យាល័យ អាស្រ័យលើការវាយតម្លៃទៅលើការសិក្សានិង ស្ថានភាពរបស់សិស្សនិស្សិតផ្ទាល់។ 

ចាប់ពីឆ្នាំ២០១៥ មកដល់ ឆ្នាំ ២០២១នេះ អង្គការគ្រួសារសន្តិភាព និងអភិវឌ្ឍន៍ បានជួយសាងសង់សាលារៀនជូនរដ្ឋ កំរិតបឋមសិក្សា និងវិទ្យាល័យចំនួន៧ហើយ ក្នុងនោះមានសាលាចំនួន​៦នៅខេត្តកំពង់ចាម និង១ទៀតនៅខេត្តមណ្ឌលគិរី។ ក្រៅពីនេះក៏បានផ្តល់បង្គន់អនាម័យចំនួនចន្លោះពី២០ទៅ៣០បង្គន់ និងអណ្តូងទឹក២ ក្នុងមួយឆ្នាំផងដែរ។ 

លោក ផាន់ បូរ៉ា បានឲ្យដឹងទៀតថា ៖ «អង្គការយើងបានជួយទំនុកបំរុងលើការខ្វះខាតរបស់ចាស់ជរា៣នាក់ជារៀងរាល់ខែ ចាប់ពីឆ្នាំ២០១៦មក ដោយមិនឲ្យពួកគាត់មានការខ្វះខាតឡើយ»។

គួរបញ្ជាក់ផងដែរថា អង្គការគ្រួសារសន្តិភាព និងអភិវឌ្ឍន៍ ជាសមាជិករបស់អង្គការកាតូលិកកម្ពុជា ហើយបានបង្កើតឡើងនៅឆ្នាំ២០១៥។ សម្រាប់គោលដៅរបស់របស់អង្គការនេះ គឺផ្តោតលើ​មនុស្ស​ធម៌សម្រាប់ការអប់រំជាចម្បង រីឯការជួយលើការខ្វះខាតរបស់គ្រួសារក្រីក្រចាស់ជរាខ្វះខាត អង្គការពិចារណាលើស្ថានភាពជាក់ស្តែងដើម្បីជួយ ដូចជាបញ្ហាកើតមាន​ដោយសារការរីករាលដាលនៃវីរុស​កូវីដ១៩នេះជាដើម៕

Add new comment

8 + 2 =