គម្រោងទឹកប្រាក់​១លានដុល្លារជួយកុមារជាង៧០០០នាក់ក្នុងការសិក្សា

គម្រោង​«គាំពារការសិក្សារបស់កុមារក្នុងអំឡុងពេលរាតត្បាលនៃជំងឺកូវីដ១៩» នៅក្នុងខេត្ត​កំពង់ចាមដែល​មាន​ទឹក​ប្រាក​ចំនួន​១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​របស់​​ក្រុម​ហ៊ុន​ Smart Axiata អង្គការ Save the Children។

 

យោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អង្គការ Save the Children នៅ​ថ្ងៃសុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះថា អង្គការ Save the Children ប្រចាំកម្ពុជានិងក្រុមហ៊ុនខាងលើបានរួមគ្នាក្នុងការគាំទ្រការសិក្សារបស់កុមារក្នុងកំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីឱ្យ​កុមារ៧,៧០០នាក់​ ​ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនេះ អាចបន្តការ​សិក្សា​ដោយ​មាន​សុវត្ថិភាពនិងប្រសិទ្ធភាព។

 

គម្រោងនេះគឺស្ថិតនៅក្នុងបញ្ជីគម្រោងគាំទ្រមូលនិធិជំនួយសង្រ្គោះដែលមាន ទឹកប្រាក់ ១លានដុល្លារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនហើយអង្គការ Save the Children គឺជាដៃគូទទួលជំនួយមួយក្នុងចំណោមដៃគូផ្សេងៗទៀត។

 

សេចក្តី​ប្រកាស​ព័ត៌មាន​នេះបាន​លើកឡើង​បន្ថែមថា ៖ «ដោយការគាំទ្រមូលនិធីពីក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា អង្គការ Save the Children នឹងអនុវត្តគម្រោង “ការពារការសិក្សារបស់កុមារក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩” ដែលមានរយៈពេល៦ខែ។ គម្រោងនេះនឹងជួយដ​ល់សហគមន៍ និង​សាលារៀននៅតំបន់ដាច់ស្រយាល​ក្នុង​ខេត្តកំពង់ចាម​ ដោយ​ផ្តល់​ជូន​ឧបករណ៍អេឡិចត្រូនិច និងធនធានសិក្សាពីអ៊ីនធឺណែតដែលចាំបាច់សម្រាប់កុមារអាចរៀនសូត្រពីចម្ងាយក្នុងកំឡុងពេលវិបត្តិនៃជំងឺកូវីដ១៩»។

 

នាយិកាប្រចាំប្រទេសនៃអង្គការ Save the Children លោកស្រី អេលីហ្សាប៊ែត ភៀស Elizabeth Pearce មានប្រសាសន៍ថា៖ ​«យើងក៏នឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងធានាឱ្យបានថា គ្រូ និងឪពុកម្តាយ/អ្នកថែទាំកុមារត្រូវបានផ្សារភ្ជាប់ លើកទឹកចិត្ត និងផ្គត់ផ្គង់ ដើម្បីបន្តការសិក្សាពីចម្ងាយ ក៏ដូចជាជួយនូវសម្ភារៈដើម្បីកុមារ នៅតំបន់ដាច់ស្រយាលនិងពិបាកធ្វើដំណើរទៅដល់ អាចចូលកាន់ការសិក្សាពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណែត»។

 

គម្រោងនេះមានគោលដៅជួយដល់សាលាចំនួន១៥ និងសហគមន៍ក្នុងខេត្តកំពង់ចាម ហើយនិងគាំទ្រទៅដល់ក្រសួងអប់រំក្នុងការបន្តផ្តល់ការអប់រំដល់កុមារ កំឡុងពេលរាតត្បាតនេះ  ស្របតាមផែនការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ របស់រាជរដ្ឋាភិបាល។

 

លោក ថូម៉ាស ហ៊ុន Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានពន្យល់ថា៖ «ពួកយើងរីករាយនឹង ធ្វើការជាមួយអង្គការ Save the Children ដោយសង្ឃឹមថាការចូលរួមតាមរយៈមូនិធិសង្រ្គោះរបស់យើង នឹងជួយដល់កុមារដែលរស់នៅក្នុងតំបន់ដាច់ស្រយាលបន្តការសិក្សារបស់ពួកគេក្នុងកំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ»។

 

គួរបញ្ជាក់ផងដែរថា ដើម្បីការពារការរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទសាលានៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ។ ការសិក្សារបស់កុមារ ងាយរងការប៉ះពាល់ជាងពេលមុន ហើយផលប៉ះពាល់នៃវិបត្តិនេះ គឺមានទំហំធំធេងសម្រាប់កុមារ ដែលអាចនឹងទាមទារពេលវេលាយូរក្នុងការឆ្លង​កាត់វា។ ទោះបីក្រសួងអប់រំយុវជន និងកីឡា បានខិតខំប្រឹងប្រែងដឹកនាំយ៉ាងយកចិត្តទុកដាក់ ដើម្បី​ធានា​បាន​ថា​កុមារ​អាចបន្តការសិក្សារបស់ពួកគេក៏ដោយ ក៏គម្លាតនៅតែមានក្នុងទីជនបទដាច់ស្រយាល និងតំបន់ដែលពិបាកធ្វើដំណើរទៅដល់ ខណៈកុមារនៅទីនោះមានការលំបាក ក្នុងការទទួលបានការអប់រំតាមប្រព័ន្ធអ៊ីនធឺណិត។

 

ក្រសួងអប់រំយុវជន និងកីឡា បានបើកដំណើរការវិធីសាស្រ្តបង្រៀនតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីឱ្យកុមារ នៅតែអាចបន្តការសិក្សាររបស់ពួកគេ។ ប៉ុន្តែគ្រួសារភាគច្រើនដែលរស់នៅក្នុងសហគមន៍ដាច់ស្រយាល មិនមានឧបករណ៍ដែលអាចចូលទៅកាន់ការសិក្សាតាមអ៊ីនធឺណែត របស់ក្រសួងឬពួកគាត់ខ្វះចំណេះដឹងនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច។ កុមារដែលស្ថិតនៅ ក្នុងគ្រួសារទាំងនោះប្រឈមនឹងការសិក្សាធ្លាក់ចុះនិងមិនអាចបំពេញសក្តានុពលរបស់ពួកគេ៕

Add new comment

5 + 15 =