ក្រុមសង្គមស៊ីវិល សហជីព សមាគម ជាង១០០ស្ថាប័នអំពាវនាវឱ្យដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏ដោយគ្មានលក្ខខណ្ឌ

ក្រុមសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគម ជាង១០០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ឱ្យអាជ្ញាធរត្រូវដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏ និងគោរពសិទ្ធិការងាររបស់និយោជិត។
យោងតាមសេចក្តីថ្លែងការណ៍រួមចេញកាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២២ ស្ថាប័នចំនួន ១១៩ ដែលក្នុងនោះមានក្រុមសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគម បានបង្ហាញពីការខកចិត្តជាខ្លាំង ចំពោះវិធានការរបស់សមត្ថកិច្ចដែលដឹកនាំដោយស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព ប្រតិភូចរចារ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណា ហ្គាវើលដ៏។
ក្រុមក្រុមសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគម បានលើកឡើងថា ៖ « យើងខ្ញុំសូមអំពាវនាវឱ្យមានការដោះលែង អ្នកដឹកនាំ និងសមាជិកសហជីព ដែលត្រូវបានចាប់ខ្លួន ជាបន្ទាន់ និងឥតលក្ខខណ្ឌ»។
ប្រភពដដែលបានបន្តថា ៖ «យើងខ្ញុំទាំងអស់គ្នាគាំទ្រដល់ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់បងប្អូនបុគ្គលិកនិយោជិតនៅក្រុមហ៊ុនណា ហ្គាវើលដ៍ក្នុងការធ្វើកូដកម្មដោយអហិង្សា ដែលសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងផ្អែកតាមលក្ខន្តិក:របស់សហជីព ដែលបានចុះបញ្ជីការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
ក្រុមសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគម បានស្នើឱ្យអាជ្ញាធរ ត្រូវតែបញ្ឈប់ការបំភិតបំភ័យ និងគម្រាមកំហែងថ្នាក់ដឹកនាំ និងសមាជិកសហជីព ដោយបញ្ឈប់ការប្រើ ប្រាស់ការចោទប្រកាន់តាមផ្លូវតុលាការ ឬការបន្ទរសារបំភិតបំភ័យតាមរយៈសារព័ត៌មានដែលគាំទ្ររាជរដ្ឋាភិបាល។ 
ប្រភពដដែលនេះបានបន្ថែមថា សមាជិកសហជីពណាហ្គាវើល ប្រើប្រាស់សិទ្ធិសេរីភាពក្នុងការធ្វើកូដកម្មអហិង្សាដែលធានាដោយច្បាប់ជាតិ និងដែលសមាជិកទាំងនោះយល់ថាការអនុវត្តសិទ្ធិនោះជម្រើសចុងក្រោយ ដើម្បីជំរុញអោយភាគីនិយោជកចូលតុចរចារ ក្នុងការ ស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ការធ្វើកូដកម្មដោយសន្តិវិធីមិនមែនជាបទល្មើសនោះទេ។
ក្រុមសង្គមស៊ីវិលទាំងនេះ បានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចទម្លាក់ចោលបទចោទ និងដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំង៦នាក់ និងប្រើប្រាស់តួនាទីជាមន្ត្រីរាជការសាធារណៈប្រកបដោយវិជ្ជាជីវៈ ការ ទទួលខុសត្រូវខ្ពស់ អព្យាក្រឹត និងមិនលំអៀងទៅរកភាគីណាមួយនៅក្នុងតំណើរការស្វែងរកដំណោះស្រាយករណីវិវាទ ការងារមួយនេះ ។ 
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ៖ «ទន្ទឹមនឹងនេះដែរយើងខ្ញុំទាំងអស់គ្នាស្នើសុំដល់សាលាដំបូងរាជធានីភ្នំពេញ សូមលុបចោលដីកាសម្រេច ចាត់ចែងជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសថាកូដកម្ម នេះគឺជាកូដកម្មខុសច្បាប់»។
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សេង ហ៊ាង សម្រេចចោទប្រកាន់ថ្នាក់ដឹកនាំ និងសមាជិកសហជីពចំនួន ៩នាក់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា អតបុគ្គលិកក្រុមកាស៊ីណូ ដ៏ធំនៅកណ្តាលរាជធានីភ្នំពេញ ណាហ្គាវើល  (NAGA World) ប្រមាណ១០០០ នាក់ បានប្រកាន់ជំហររបស់ខ្លួនបន្តកាតតវ៉ារហូតមានដំណោះស្រាយមួយដ៏សមរម្យពីក្រុមហ៊ុនដ៏ធំមួយនេះ ក្រោយពីការចរចារជាច្រើនលើកជាមួយភាគីក្រុមហ៊ុនតែមិនបានសម្រេច។
ពួកគេបានបន្តធ្វើការតវ៉ាជិតមួយឆ្នាំមកហើយ ដោយសារតែក្រុមហ៊ុន បញ្ឈប់បុគ្គលិកជាង១៣០០នាក់ ដែលក្នុងចំណោមនោះ គឺមានជាង៩០០នាក់ បានបង្ខំចិត្តទទួលយកសំណង។ បុគ្គលិកដែលត្រូវបញ្ឈប់ទាំងនោះ ក៏មានថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពដែលតែងតែចេញមុខតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិការងារនៅក្នុងក្រុមហ៊ុន។
លោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា បានលើកឡើងថា ៖ «ពន្ធនាគារ ( គុក ) គឺជាទីងមោង បន្លាចសកម្មជន សិទ្ធិមនុស្ស សង្គម និងសហជីពទេ បើយើងឈប់ខ្លាច ពួកគេនឹងឈប់ចាប់ពួកយើងហើយ»។
លោកបានអំពាវនាវទៅដល់ជនរួមជាតិខ្មែរ ឈប់ខ្លាច ដើម្បីសេរីភាព និងប្រជាធិបតេយ្យ សម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់ប្រទេសជាតិ។
លោក រ៉ុង ឈុន ថា ៖ «សូមដោះលែង កញ្ញា ឈឹម ស៊ីថរ និងសកម្មជនសហជីពផ្សេងទៀតឲ្យសេរីភាពឡើងវិញ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ»៕

Add new comment

10 + 10 =