ក្រុមប្រឹក្សាជាតិសហជីព ស្នើជួបរដ្ឋមន្រ្តីក្រសួងការងារនៅសប្តាហ៍ក្រោយ

តំណាងក្រុមប្រឹក្សាជាតិ​សហជីព (NTUC)ដែលធ្វើការ​ក្នុង​វិស័យ​ការងារ​បាន​ស្នើ​សុំ​ជួបជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង​ការងារ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន​នៅ​ក្នុងវិស័យការងារ។

យោង​តាមលិខិត​ដែល​ចុះហត្ថលេខាដោយ​លោក អាត់ ធន់ ប្រធានក្រុម​ប្រឹក្សា​សហជីព​និងជា​ប្រធាន​​សហ​ភាព​ការ​ងារកម្ពុជាដែល​RVAKhmer ទទួល​បាននៅ​ថ្ងៃសុក្រ ទី​០៧ ខែសីហា ឆ្នាំ​២០២០នេះ បាន​លើកឡើងថា បច្ចុប្បន្នជំងឺកូវីដ-១៩នៅតែបន្តជាបញ្ហាប្រឈមខ្លាំងនៅ​ក្នុង​វិ​ស័យ​ការ​ងារជាច្រើន ដែលមិនទាន់ត្រូវបានដោះស្រាយ ហើយបញ្ហានេះ នាំ​ឱ្យមានផល​វិ​បាក​​យ៉ាងខ្លាំងដល់កម្មករនិយោជិតដែលរងផលប៉ះពាល់។

លោក​ អាត់ ធន់ បាន​បញ្ជាក់​ឱ្យដឹងថា ដោយមើលឃើញស្ថានភាពប្រឈមបែបនេះហើយ NTUC បានជួបប្រជុំគ្នាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយបានពិនិត្យមើល​បញ្ហា​ប្រឈម​របស់កម្មករនិយោជិតក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩នេះ ហើយបាន​ឯកភាពគ្នា​ ដោះស្រាយបញ្ហាទាំងនេះជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺក្រសួងការងារ ដែលជាតំណាង​រាជរដ្ឋាភិបាលកម្ពុជា។

លោក​បាន​មានប្រសាសន៍ថា  «យើងខ្ញុំទាំងអស់គ្នាបានសម្រេចស្នើសុំជួបលោករដ្ឋមន្រ្តីក្រសួ​ង​ការងារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៣:០០នាទីរសៀល ដើម្បីពន្យល់លម្អិតអំពីបញ្ហាទាំងនេះនៅការិយាល័យក្រសួងការងារ ឬនូវពេលវេលាសមរម្យណាមួយដែលលោកឯកភាពក្នុងការណាត់ជួបប្រជុំបាន ដែលមានអ្នកចូលរួមមកពីសហភាព សហព័ន្ធសហជីពធំៗសរុបចំនួន១៧រូបដែលក្នុងនោះ១៥រូប ជាសមាជិកស្ថាបនិក និង០២រូប ជាសមាជិកលេ​ខាធិការដ្ឋាន»។

ប្រភពដដែល​បា​នបន្តទៀតថា NTUC បាន​ស្នើឱ្យក្រសួងជួយដោះស្រាយនូវសំណើរបស់​ពួក​គេចំនួន​៩​ចំណុចដែលមាន​ដូចជា ស្នើរាជរដ្ឋាភិបាលបន្តចរចានិងតម្លើងប្រាក់ឈ្នួលអប្បបរមានៅវិស័យវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងទៅតាមកម្មវិធីដែលបានកំណត់ ស្នើរាជរដ្ឋាភិបាលផ្អាកការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារមាត្រា១៤៤ ស្ដីពីការកាត់បន្ថយប្រយោជន៍ការងារវេនយប់ពី១៣០% មកត្រឹម ១០០% និងមាត្រា១៦២ ស្ដីពីការលុបចោលថ្ងៃបុណ្យចំថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ជាដើម ស្នើរាជរដ្ឋាភិបាលពិនិត្យនិងអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធ​ន​​ឱ្យបានកាន់តែឆាប់ ស្នើរាជរដ្ឋាភិបាលពន្យាររយៈពេល៦ខែលើការបង់ការប្រាក់និងប្រាក់ដើមទៅលើបំណុលធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុដែលកម្មករនិយោជិតបានជំពាក់  ​​ស្នើរាជរដ្ឋាភិបាលបញ្ជាទៅនិយោជកឱ្យបន្តផ្តល់កន្លែងស្នាក់នៅទៅដល់កម្មករនិយោជិតដែលអត់ការងារធ្វើ ឬព្យួការងារ ជាពិសេសកម្មករវិស័យសំណង់ និងកសិកម្មជាដើម ស្នើឱ្យរដ្ឋាភិបាលលុបចោលលិខិតលេខ៖ ២៩៥ កប/អក/អធក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ របស់ប្រធាននាយកដ្ឋានវិវាទការងារលោក អ៊ុក ចាន់ធូ ដែលអនុញ្ញាតិឱ្យនិយោជកបិទសហគ្រាស គ្រឹះស្ថានបានក្រោយពេលព្យួការងារ០២ខែ ហើយមិនបាច់បង់ប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់បំណាច់ទូទាត់ជួសការឱ្យដំណឹងមុននៅក្នុងស្ថានភាពវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ ព្រមទាំងលុបចោលសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលេខ៖០១៨/២០ កប/សជណខល ចុះថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២០ ស្តីពីការពន្យាពេលក្នុងការបើករំលឹកប្រាក់បំណាច់អតីភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០។ ស្នើរាជរដ្ឋាភិបាលបន្តពង្រីកការផ្តល់ប្រាក់ឧប្បត្ថម្ភចំនួន៧០ដុល្លារ ជូនទៅដល់កម្មករនិយោជិតនៅក្នុងវិស័យផ្សេងៗទៀត ក្រៅពីវិស័យកាត់ដេរ និងផលិតស្បែកជើង។ ស្នើក្រសួងការងារដាក់ពិន័យធ្ងន់ធ្ងរទៅលើនិយោជកណាដែលមានការរើសអើងមកលើសហជីពនិងការព្យាយាមបិទរោងចក្រ សហគ្រាសមិនបានទូរទាត់សំណងត្រឹមត្រូវតាមច្បាប់ស្តីពីការងារឱ្យកម្មករនិយោជិត ហើយបញ្ឈប់ថ្នាក់ដឹកនាំសហជីព ដោយលើកហេតុផលមកពីជំងឺកូវីដ១៩។ និងស្នើរាជរដ្ឋាភិបាលបន្តពិភាក្សាការងារជាមួយសហគមន៍អឺរ៉ុប (EU) ដើម្បីធ្វើយ៉ាងណារក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA បន្តទៅទៀត។

ក្រុមប្រឹក្សាជាតិសហជីព NTUC ជាក្រុមប្រឹក្សាមួយធ្វើការងារក្នុងការលើកកម្ពស់សិទ្ធិនិងលក្ខខណ្ឌការងារនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដែលមានសមាជិក​ស្ថាបនិក​ចំនួន ១៥ សហភាព និងសហព័ន្ធសហជីព​ធំៗ មានភារកិច្ច​ពិនិត្យ វាយតម្លៃ និង​រាយការណ៍ពីការអនុវត្ត​កម្មវិធីការងារសមរម្យ DWCP ឆ្នាំ២០១៦-២០១៨ និងឆ្នាំ២០១៩-២០២៣ និងបន្តសកម្មភាពនានាតទៅថ្ងៃអនាគត។ ក្រុមប្រឹក្សាជាតិសហជីពបានកែសម្រួលនូវបទបញ្ជាផ្ទៃក្នុងនៅឆ្នាំ២០១៩ ជាក្រុមប្រឹក្សាជាតិសហជីពដែលមិនមែនជាស្ថាប័ននីតិបុគ្គលនោះទេ តែជាលេខាធិការដ្ឋានសម្របសម្រួលការងារសហភាព សហព័ន្ធសហជីពផ្សេង‌ៗ មកពីគ្រប់វិស័យដែលតំណាងឱ្យសហជីព និងកម្មករនិយោជិតជាង៨០% នៃសហជីពទាំងអស់នៅកម្ពុជា។

កន្លងមក NTUC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តកម្មវិធីការងារសមរម្យ DWCP និងបានចុះហត្ថលេខាក្នុងនាមជាដៃគូរសហជីពផងដែរ៕

 

Add new comment

7 + 13 =