ក្រុមបុគ្គលិកCNC កំពុងស្វែងរកអ្នកច្បាប់ដើម្បីទទួលបានអត្ថប្រយោជន៍ស្របច្បាប់ក្រោយពីការបណ្ដេញចេញពីការងារ

ក្រុមបុគ្គលិកទូរទស្សន៍CNC នៃក្រុមហ៊ុនCBS នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានកំពុងស្វែងរកអ្នកច្បាប់ឱ្យជួយពិនិត្យលើអត្ថប្រយោជន៍ដែលត្រូវទទួលបានតាមនីតិវិធី ក្រោយខាងក្រុមហ៊ុនសម្រេចបណ្ដេញចេញ ក្រោមហេតុផលកាត់បន្ថយបុគ្គលិកព្រោះវិបត្តិហិរញ្ញវត្ថុ។

ក្រុមបុគ្គលិកផ្នែកព័ត៌មាន អ្នកកាត់ត អ្នកសម្របសម្រួលកម្មវិធី ២២នាក់ នៃទូរទស្សន៍ CNC មានអតីតភាពការងារចន្លោះពី១០ខែ រហូតដល់ជាង១៩ឆ្នាំ ត្រូវបានបណ្ដេញចេញជាបន្តបន្ទាប់ ហើយការបណ្ដេញចេញនេះត្រូវបុគ្គលិកលើកឡើងថា គ្មានតម្លាភាពនោះទេ អ្នកចូលក្រោយនៅកៀកមេៗមិនឃើញបណ្ដេញចេញទេ។​ ពួកគេបានបញ្ជាក់ថា ភាគីក្រុមហ៊ុនបានបណ្ដេញបុគ្គលិកក្រោមហេតុផលការចំណាយថវិការច្រើនមិនមានប្រាក់ចំណេញ ដែលត្រូវការកាត់បន្ថយបុគ្គលិកមួយចំនួនទៅតាមផ្នែកនៃក្រុមហ៊ុនCBS ក្នុងនោះCNCក៏ស្ថិតក្នុងដំបូលនេះដែរ។

ការបណ្ដេញចេញដោយមិនមានកំហុសនេះបុគ្គលិកមិនបដិសេដ្ឋទេ តែសូមឱ្យអនុវត្តន៍ផលប្រយោជន៍ជាសំណងទៅតាមច្បាប់លើកិច្ចសន្យាការងារមិនកំណត់ថេរវេលារវាងពួកគាត់និងក្រុមហ៊ុនសព្វថ្ងៃ ខណៈការបញ្ឈប់នេះភាគីក្រុមហ៊ុនបានផ្ដល់ឱ្យមានដូចជា៖

១. ប្រាក់អតីតភាពគិតតែបីឆ្នាំចុងក្រោយ

២. ប្រាក់ឈប់សម្រាក់ប្រចាំឆ្នាំ(គិតតែមួយឆ្នាំចុងក្រោយ)

៣. ប្រាក់បំណាច់ជួសការជូនដំណឹង ៤ប្រាក់ខែចុងក្រោយ។

ចំណែកការទាមទាររបស់អតីតបុគ្គលិកគឺសូមឱ្យក្រុមហ៊ុនគិតឱ្យត្រឹមត្រូវតាមច្បាប់ការងារដូចជា៖

១.សូមគិតប្រាក់ជំនួសការឈប់សម្រាកប្រចាំឆ្នាំតាមអតីតភាពការងារចាប់តាំងពីធ្វើការបាន១ឆ្នាំដំបូង

២.សូមឱ្យក្រុមហ៊ុនគិតប្រាក់អតីតភាព១៥ថ្ងៃក្នុង១ឆ្នាំទៅតាមអតីតភាពការងារ

៣.សូមឱ្យគិតប្រាក់ជំងឺចិត្តតាមមាត្រា៩១ (១៥ថ្ងៃក្នុង១ឆ្នាំទៅតាមអតីតភាពការងារ)

៤.សូមឱ្យគិតប្រាក់បន្ទាប់បន្សំ(ប្រាក់ទូរសព្ទប្រចាំខែ)។

ការទាមទារខាងលើក្រុមបុគ្គលិកកំពុងស្វែងរកមេធាវី និងខាងសហជីព ជាពិសេសមេធាវីស្ម័គ្រចិត្តជួយអន្តរាគមន៍ គោលបំណងគឺសូមទទួលអត្ថប្រយោជន៍ទៅតាមច្បាប់ការងារ។

RVAKhmer មិនទាន់អាចទាក់ទងខាងទូរទស្សន៍ CNC ដើម្បីសុំការបំភ្លឺបានទេក្នុងករណីនេះ៕ 

 

 

Add new comment

3 + 15 =