ក្រសួង​សុខាភិបាល​រៀប​ចំ​យន្តការក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តជូនដល់ជនបរទេសស្នាក់នៅកម្ពុជា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានរៀបចំយន្តការក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តជូនដល់ជនបរទេសដែលកំពុងរស់នៅឬកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែល​ក្រសួង​ការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអាជ្ញាធរមូលដ្ឋាន​រាជ​ធានី-ខេត្ត​​ត្រូវ​ទទួល​ខុសត្រូវ​រៀបចំបញ្ជីឈ្មោះជន​បរទេស។

លោក​ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​ក្រសួងសុខាភិបាលនិង​ជាប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធនឹង​ជំងឺ​កូវីដ១៩​ បានចេញ​ជូន​ដំណឹង​កាល​ពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២១ ​ពី​យន្ត​ការ​ស្នើសុំ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ដោយ​ស្ម័គ្រចិត្ត​សម្រាប់​ជន​បរទេស​នៅ​ប្រទេស​កម្ពុជា។ ​ជនបរទេសទាំងនេះ​ជាអ្នក​ដែល​មិន​ស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការទ្វេភាគីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថានទូតនៅកម្ពុជា ឬអង្គការស្របច្បាប់ក្នុងស្រុក ដែលមានការសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក​ម៉ម ប៊ុនហេង ឱ្យ​ដឹងតាម​​រយៈ​សេចក្តី​ជូនដំណឹងនេះថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេស ដែលកាន់ទិដ្ឋាការធម្មតា ប្រភេទ(E) ហើយដែលមានប័ណ្ណការងារ (work permits) ចេញដោយក្រសួងការងារដែល​រួមមាន វិនិយោគិន ធុរជន ពលករជំនាញ សិល្បករ គ្រូពេទ្យ គ្រូបង្រៀន កីឡាករ ទីប្រឹក្សានានា អ្នកជំនាញ ការបរទេស។

លោកថា ៖ «ជនបរទេសទាំងនេះ​ត្រូវ​មាន​​ឯកសារតម្រូវសម្រាប់ស្នើសុំចាក់វ៉ាក់សាំង គឺលិខិតឆ្លងដែនមានសុពលភាព, ទិដ្ឋាការដែលមានសុពលភាព, ប័ណ្ណការងារ (work permits)ដែលចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»។ 

ប្រភពដដែល​បន្តថា ជនបរទេសក្នុងប្រភេទ(ក) ដែលបានស្នើសុំចាក់វ៉ាក់សាំង នឹងទទួលបានការជូនព័ត៌មានចាក់វ៉ាក់សាំងជាមុន ដែលការចាក់អាច ស្របពេលជាមួយនឹងមន្ត្រីបុគ្គលិក និងកម្មករនៅតាមក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន ឬទីកន្លែងសមស្របតាមកម្មវិធីចាក់វ៉ាក់សាំង របស់ក្រសួងសុខាភិបាល។ 

ចំពោះអាជ្ញាធរមូលដ្ឋាន រាជធានី-ខេត្ត ក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាអ្នកទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេសផ្សេងទៀត ដែលមិនស្ថិតក្នុង ប្រភេទ (ក) រួមមាន ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនបរទេស (មានទិដ្ឋាការពិសេសប្រភេទ K) ជនបរទេសដែលបានរៀបការជាមួយពលរដ្ឋខ្មែរ ជនបរទេសចូលនិវត្តន៍ ជនបរទេសស្នាក់នៅស្របច្បាប់ រយៈពេលវែង។ លិខិត​ជូនដំណឹង​របស់​ក្រសួង​ថា ឯកសារតម្រូវសម្រាប់ចុះឈ្មោះចាក់វ៉ាក់សាំងមាន​ខិតឆ្លងដែនមានសុពលភាព, ទិដ្ឋាការដែលមានសុពលភាព។

ជនបរទេសក្នុងប្រភេទ(ខ) នឹងទទួលការចាក់វ៉ាក់សាំង ស្របពេលជាមួយនឹងពលរដ្ឋខ្មែរ នៅតាមទីកន្លែងសមស្របតាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល៕

Add new comment

7 + 12 =