ក្រសួង​សុខាភិបាល​បកស្រាយការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់ សារព័ត៌មាន Cambodia Daily ដែលដាក់ចំណងជើងថា «Mystery in Cambodia over missing Covid-positive Chinese - The Cambodia Daily» ដែលបកប្រែថា «អាថ៌កំបាំងនៅកម្ពុជាជុំវិញការបាត់ខ្លួនជនជាតិចិនដែលមាន​វិជ្ជមានជំងឺកូវីដ» និងការចុះផ្សាយរបស់សារព័ត៌​មាន UCA News ដែលមានចំណងជើងថា  «Mystery in Cambodia over missing Covid-positive Chinese - UCA News» ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧  ខែសីហា  ឆ្នាំ២០២០  កន្លងទៅនេះ។ 

 

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនៃក្រសួងសុខាភិបាលបាន​ឱ្យ​ដឹងនៅ​ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ​២០២០នេះថា ការចុះផ្សាយនេះគឺជាការផ្សាយព័ត៌មានមិនត្រឹមត្រូវនិងមិនពិតហើយការដែល​បានសរសេរថា៖  ក្រសួងសុខាភិបាលព្រួយបារម្ភពីករណីជនជាតិចិនចំនួន០៦នាក់ ដែលបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩  ហើយស្ថានទូតចិនប្រចាំនៅកម្ពុជាជម្រុញមិនឲ្យមានការដាក់បញ្ចូលក្នុងសេចក្តីរាយការណ៌របស់ក្រសួងជូនសាធារណជនជាប្រចាំថ្ងៃ ក៏ជាព័ត៌មានមិនពិតដែរ។

 

លោកស្រីបានលើកឡើងថា៖ «ក្រសួងសុខាភិបាល  សូមគោរពបញ្ជាក់ជូនសាធារណជន  និងសារព័ត៌មានទាំងពីរនេះថា ក្រសួងតែងតែចេញផ្សាយព័ត៌មានស្តីពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី  អ្នកព្យាបាលជាសះស្បេីយ  និងអ្នកកំពុងនៅសម្រាកព្យាលបាលក្នុងមន្ទីរពេទ្យរដ្ឋ  និង​ឯកជនប្រកបដោយតម្លាភាព  ដោយមិនមានការលាក់លៀមអ្វីទាំងអស់  ហើយក៏មិនមានការបាត់ករណីអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី  នៅក្នុងប្រទេសកម្ពុជានោះទេ»។ 

 

អ្នកនាំពាក្យ​រូបនេះបាន​បញ្ជាក់ទៀតថ ចំណែកឯករណីជនជាតិចិនទាំង០៦នាក់ ដែលបានលើកឡើងនោះគឺមិនមានភាពអាថ៌កំបាំងអ្វីនោះឡើយ ដោយពួកគាត់ទាំង០៦នាក់នេះ  មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩  ដែលមិនមានភាពចាំបាច់ដែលត្រូវរាយការណ៌ជាសាធារណ:  ដូច​ដែលក្រសួងមិនបានរាយការណ៍នូវរាល់បុគ្គលដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩តាំងពីចាប់​ផ្តើមមានការរកឃើញអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមកម្ល៉េះ  លើកលែងតែអ្នកដែលត្រូវបានពិនិត្យព្យាបាលជាសះស្បើយតែប៉ុណ្ណោះ។ 

 

លោកស្រី ឱ វណ្ណឌីនបាន​ថ្លែងថា៖ «ដោយសារមានការចុះផ្សាយធ្វើឲ្យមានការយល់ច្រឡំបង្កឲ្យមានភាពមិនច្បាស់លាស់លើវិធានការនិងការខិតខំរបស់ក្រុមការងារ ទាំងថ្ងៃទាំងយប់នោះក្រសួង​ សុខាភិបាលសូមជម្រាបបញ្ជាក់ជូនផងដែរថា ជនជាតិចិនទាំង០៦នាក់នេះគឺពេលមកដល់អាកា​ស​យានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃទី២៣  ខែកក្កដា  ឆ្នាំ២០២០  កន្លងទៅក្រុមការងារអន្តរវិស័យដែលមានក្រុមការងារក្រសួងសុខាភិបាលផងដែរនោះ  បានខិតខំបំពេញភារកិច្ចបានយ៉ាងហ្មត់ចត់  រហូតដល់រំលងអាធ្រាត្រដោយមិនទាំងបានសម្រាកផងនោះ បានធ្វើតេស្តពួកគាត់ពេលមកដល់ភ្លាមនិងឲ្យពួកគាត់នៅដាច់ដោយឡែកនៅមណ្ឌលសុខភាពចាក់អង្រែ  រាជធានីភ្នំពេញ  ដើម្បីរងចាំលទ្ធផល  ហើយបន្ទាប់មកក៏ទទួលបានលទ្ធផលមានភាពមិនច្បាស់លាស់  និងដោយមានកិច្ចសហការល្អពីស្ថានទូតចិនប្រចាំនៅកម្ពុជា  ក្រុមការងារបានចាត់ចែងដើម្បីធ្វើតេស្តសារឡើងវិញ  ដែលជាលទ្ធផលនៃការធ្វើតេស្តលើកទីពីរនៅថ្ងៃទី២៦  ខែសីហា  ឆ្នាំ២០២០ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជនជាតិចិនទាំង០៦នាក់នោះ  មិនមានផ្ទុកនៅវីរុសកូវីដ១៩នោះឡើយ»។ 

 

លោកស្រីបានបន្តថា នៅថ្ងៃទី២៧  ខែកក្កដា  ឆ្នាំ២០២០  តេស្តលើកទី៣ក៏បានធ្វើឡើងទៀត  ដោយទទួលបានលទ្ធផលអវិជ្ជមាន  និងបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ  រាជធានីភ្នំពេញ  ទៅបន្តធ្វើចត្តាឡីស័កនៅតាមទីកន្លែងស្នាក់នៅរបស់ពួកគាត់ក្រោមការតាមដានរបស់ក្រុមការងារ និងការជួយសហការ ពីស្ថានទូតចិនប្រចាំនៅកម្ពុជា។  រហូតមកដល់ថ្ងៃទី៥  ខែសីហា  ឆ្នាំ២០២០ ពួកគាត់ទាំង០៦នាក់នេះ  មិនមានបញ្ហាសុខភាពអ្វីគួរឲ្យកត់សម្គាល់ដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះឡើយ  ហើយតេស្តលើកទី៤  ក៏បានធ្វើឡើងបន្ថែមទៀត ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុស១៩ ដែរ។ 

 

ដូច្នេះ ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន កាំបូឌាដេលីនិងUCA News ដែលបានលើកឡើងផ្ទុយពីការពិតទាំងស្រុងហើយក្រសួងក៏មិនដែលបានបញ្ជាក់ជូនឬផ្តល់ព័ត៌មានពាក់ព័ន្ធនឹងករណីជនជាតិចិនទាំង០៦នាក់  និងការបារម្ភរបស់ក្រសួងឬខ្លឹមសារព័ត៌មានទៅសារព័ត៌មានទាំងពីរនោះដែរ។

 

ក្រសួងបានអំពាវនាវ ដល់អ្នកសារព័ត៌មានទាំងអស់  ចូលរួមសហការជាមួយក្រសួងសុខាភិបាល  ដើម្បីទទួលបានព័ត៌មានពិតប្រាកដ  សម្រាប់ការផ្សព្វផ្សាយព័ត៌មានឲ្យមានភាពត្រឹមត្រូវ  ចៀសវាងធ្វើឲ្យមានភាពច្របូកច្របល់ក្នុងសង្គម  ដោយសារតែព័ត៌មានមិនច្បាស់លាស់  មិនពិតឬចេះតែសរសេរលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់  ឬមិនដឹងរឿងពិតនៃហេតុការណ៌  ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរសង្គម និងប្រទេសជាតិផងដែរ។ 

 

លោកស្រី ឱ វណ្ណឌីនបាន​លើកឡើងថ ៖ «ក្រសួងសុខាភិបាលស្នើឲ្យមានការកែតម្រូវនូវការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានកាំបូឌាដេលីនិងUCA News ស្តីពីករណីជនជាតិចិនទាំង០៦នាក់ដូចក្រសួងបានបញ្ជាក់ជូននេះស្រាប់។ សូមសាធារណជនទាំងអស់មេត្តាជ្រាប  និងចូលរួមលុបបំបាត់ព័ត៌មានមិនច្បាស់លាស់  ព័ត៌មានមិនពិត  ព័ត៌មានខុសឬព័ត៌មានប្រឌិតដើម្បីរក្សាសេចក្តីថ្លៃថ្នូរក្នុងសង្គម និងមិនមានភាពចលាចលក្នុងសង្គមផងដែរ»៕

Add new comment

14 + 5 =