ក្រសួង​សុខាភិបាល៖ បុរសវ័យចំណាស់ម្នាក់​ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ក្រោយពេលរកឃើញវិជ្ជមានកូវីដ១៩ 

លោកស្រី​ឱ វណ្ណឌីន​ រដ្ឋលេខាធិកានិង​ជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាលនៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា បុរសជនជាតិខ្មែរ អាយុ៦៩ឆ្នាំម្នាក់​បាន​ស្លាប់​ ក្នុង​អំឡុង​ពេល​សម្រា​ក​ព្យា​បាលជំងឺកូវីដ១៩ ប៉ុន្តែ​គាត់បាន​ស្លាប់​ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du Myocard) មិនមែនដោយសារជំងឺកូវីដ១៩ទេ។ 

អ្នកនាំពាក្យ​រូបនេះបាន​លើកឡើង​តាមសេចក្តីប្រកាសព័ត៌មានថា មន្ទីរសុខាភិបាលខេត្តព្រៃវែង បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ មានអាសយដ្ឋាននៅភូមិជ័យឧត្តមឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩៖៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃបេះដូង (Infarctus du myocard)។

បុរសវ័យ ៦៩ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥៖៣០នាទីល្ងាច ដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រោយពីបានយកវត្ថុសំណាកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ក្រសួងបន្តថា ពេលចូលមកដល់មន្ទីរពេទ្យខេត្តនេះ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នកជំងឺនៅពេលនោះ មិនមានក្អក មិនមានហត់ មិនមានក្តៅខ្លួន តែក្រុមគ្រូពេទ្យមានការកត់សម្គាល់នូវសម្ពាធឈាមរបស់អ្នកជំងឺឡើងខ្ពស់ខុសធម្មតា ដែលតាមការសាកសួរឃើញថា បុរសវ័យ ៦៩ឆ្នាំ រូបនេះធ្លាប់បានទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយរបស់ខ្លួននៅគ្លីនិកឯកជន។

នៅវេលាម៉ោងប្រហែលជា ២៣៖០០នាទីយប់នៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានទៅពិនិត្យមើលសុខភាពគាត់ម្តងទៀត ឃើញថាមានសភាពធម្មតា។ នៅវេលាព្រឹកម៉ោងប្រហែលជា ០៦៖០០នាទីនៃថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុរសខាងលើ បានចេញមកធ្វើលំហាត់ប្រាណអស់ពេលជាយូរ ហើយក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់របស់ខ្លួនវិញ ដោយបានសម្រាន្តលង់លក់ រហូតដល់អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ដែលនៅសម្រាកជិតនោះ ដាស់គាត់ឱ្យពិសារបាយព្រឹក ក៏ឃើញថា បុរសវ័យ ៦៩ឆ្នាំនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

លោកស្រី​ឱ វណ្ណឌីនបានបញ្ជាក់ថា ៖ «ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសវ័យ ៦៩ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du myocard) (មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ)»។

គួរបញ្ជាក់ថា កាល​ពីថ្ងៃទី១១ ខែមីនា ​បុរស​ជនជាតិខ្មែរ​ អាយុ៥០ ​ឆ្នាំ​ម្នាក់​ ដែល​បានទទួល​មរណភាព​ដោ​យសារ​ជំងឺ​កូវីដ ១៩​ ដែលជា​លើកដំបូង​នៅ​កម្ពុជា​ ដែល​ការស្លាប់​របស់​បុរស​រូប​នេះ គឺ​បន្ទាប់ពី​គាត់​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជាង​ ១០ ​ថ្ងៃ។

គិត​ត្រឹម​ថ្ងៃអាទិត្យទី​១៤ ខែមីនា ឆ្នាំ​២០២១នេះ កម្ពុជា​មាន​​អ្នកមាន​វីរុស​កូវីដ​១៩ សរុប​ចំនួន​ ១៣០៥​ នាក់ ក្នុង​នោះអ្នក​ត្រូវ​បាន​ព្យា​បាល​ជាសះ​ស្បើយ​ចំនួន ៦៤៧​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៦៥៦​នាក់ និង​មាន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​១៩ ចំនួន​១នាក់។ ក្នុងនោះ​ចំនួន​អ្នក​ឆ្លងក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈមាន​សរុបចំនួន​ ​៧​៩២​នាក់៕

Add new comment

3 + 15 =