ក្រសួងអប់រំ​រៀបចំគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការ​សាលារៀន​ឡើងវិញ

ក្រសួង​អប់រំ​ យុវជន និងកីឡាបាន​រៀប​ចំ​យុទ្ធ​សាស្រ្ត​ស្តីពីការបើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឡើង​វិញ​ដោយ​ឈរ​លើអភិក្រម​ពីរគឺ​ការបើក​តាម​ដំណាក់​កាល​សម្រាប់គ្រឹះស្ថាន​សិក្សា​ណាដែល​អាច​អនុវត្ត «ស្តង់ដា​សុវត្ថិភាព​សុខភាព» និង​ការបន្ត​ការសិក្សា​តាម​បែប​ចម្រុះ ដោយ​គួបផ្សំ​ការ​សិក្សា​ក្នុង​ថ្នាក់រៀន​ និង​ការ​សិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ និង​តាម​បែប​ប្រពៃណី​រួម​ទាំង​ការ​ធ្វើ​ស្វ័យ​សិក្សា (សម្រាប់​សិស្ស​នៅ​ទីជនបទ)។

 

រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង បាន​ឱ្យ​ដឹងនៅ​ថ្ងៃអង្គារ ទី​០៤ ខែសីហា ឆ្នំា២០២០​នេះថា ក្រសួង​អប់រំ យុវជន និងកីឡា បាននិងកំពុង​ចូលរួម​ចំណែក​ជាមួយរាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការគ្រប់គ្រង​ បង្ការ និង​ទប់ស្កាត់​ការរីករាលដាលនៃ​ជំងឺកូវីដ​១៩ ដើម្បីធានាសុវត្ថិភាព​​និង​សុខុមាលភាព​របស់​សិស្សានុសិស្ស​ និងបុគ្គលិក​អប់រំគ្រប់​លំដាប់ថ្នាក់។

 

ចាប់​តាំងពីរកឃើញ​ករណី​ការឆ្លងជំងឺកូវីដ​១៩ ក្រសួង​អប់រំ យុវជន និងកីឡា បាន​ដាក់ចេញ​នូវ​វិធាន​ការ​ជាច្រើនដូចជា​ចេញ​សេចក្តី​ជូនដំណឹងនិង​សេចក្តី​ណែនាំ​ជាច្រើន​​ដែល​ពាក់ព័ន្ធ​នឹង​ វិធាន​ការ​សុខភាព ដោយ​អនុលោម​ទៅ​តាម​សេចក្តី​ណែនាំនិង​វិធាន​ការ​បច្ចេក​ទេស​ចាំបាច់​របស់​អង្គការ​សុខភាព​ពិភព​លោក និងក្រសួង​សុខាភិបាល។ ការ​រៀប​ចំ​រដ្ឋបាល​ឌីជីថល ការលើកកម្ពស់​វិធាន​ការ​គម្លាត​សុវត្ថិភាព និង​ការ​រៀប​ចំ​ប្រព័ន្ធ​អប់រំ​អេឡិច​ត្រូនិចនិង​ការ​ផ្តល់​សេវា​រៀន​ពី​ចម្ងាយ។

 

លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង បាន​បន្តថា គោលការណ៍ប្រតិបត្តិ​ស្តង់ដាសម្រាប់​ដំណើរ​ការ​សាលា​រៀន​ឡើងវិញ​ក្នុង​បរិបទ​កូវីដ១៩​ ដែល​បាន​រៀប​ចំ​ឡើងនេះ មាន​វត្ថុបំណង​ណែនាំ​អំពី​វិធាន​នានា​ រួម​ទាំង​វិធាន​ការ​សុខាភិបាលដើម្បីគ្រឹះ​ស្ថាន​សិក្សា​នីមួយ​ៗឱ្យ​មាន​និរន្តរភាព ធានា​បាននូវ​សុវត្ថិភាព សុខភាព​សម្រាប់​បុគ្គលិក​សិក្សា គ្រូបង្រៀន​ និង​សិស្សានុសិស្ស​ក្នុង​បរិបទ​កូវីដ​១៩​និង​អនាគត។

 

លោក​បាន​បន្ថែមថា ៖ «ក្រសួង​សង្ឃឹម​យ៉ាងមុតមាំថា ប្រធាន​អង្គភាព​ថ្នាក់ជាតិ​ ថ្នាក់ដឹកនាំ​នាំមន្ទីរ​អប់រំយុវជន និងកីឡា​រាជ​ធានី​ខេត្ត ការិយាល័យ​អប់រំ យុវជន និងលីគា នៃ​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌនិង​គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត​ គ្រប់​ប្រភេទ ទាំងសាធារណៈ និង​ឯក​ជន​ អាជ្ញាធរ​ពាក់​ព័ន្ធ​ មាតាបិតា អ្នកអាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ទាំងអស់ នឹង​ចូលរួម​អនុវត្ត​តាមខ្លឹមសារ​នៃគោលការណ៍​ប្រតិបត្តិ​ស្តង់ដានេះឱ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាពខ្ពស់»។

 

គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ដំណើរ​ការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​កូវីដ១៩ មាន​ដូចជា ការអភិវឌ្ឍក្រប​ខណ្ឌ​ច្បាប់​និង​យន្តការដែល​ត្រូវ​បង្កើត​និង​ពង្រឹង​ភារកិច្ច​របស់គណៈកម្មការសុខភាព​សិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា ដោយ​កំណត់​សមាសភាពនិង​ភារកិច្ច​ច្បាស់លាស់, អនុវត្ត​សេចក្តីណែនាំ​នានា​របស់ក្រសួង​សុខាភិបាលនិង​រាជ​រដ្ឋាភិបាល…; ការរៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធនិងបរិស្ថាន​សិក្សាដោយ​ត្រូវ​រៀប​ចំ​បរិស្ថាន​ប្រកប​ដោយ​សុវត្តិភាព បរិយាបន្ន ផាសុកភាព និង​មេត្រីភាព, ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​គ្រឹះស្ថាន​សិក្សា, ការលើកកម្ពស់​សុខភាព​ចាំ​បាច់​ដល់​អ្នកសិក្សានិង​បុគ្គលិក​ផ្សេងទៀត, ការ​ផ្តល់​អាហារូបត្ថម្ភនិងអាហារប្រកប​ដោយ​សុវត្ថិភាព, ការ​ផ្គត់ផ្គង់​ទឹកស្អាតនិង​បរិក្ខាអនាម័យ និង​ការ​អប់រំសុខភាព និងបណ្តុះបណ្តាលអំពីវិធាន​នៃ​ការ​បង្ការ​ជំងឺកូវីដ​១៩; ការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដូចជាអាជ្ញាធរអប់រំ, អាជ្ញាធរ​ដែន​ដី, ភ្នាក់ងារ​សុខាភិបាល;  វិធី​សាស្រ្ត​ក្នុង​ការ​រាយការណ៍​អំពី​ករណីផ្សេងៗដូចជា ករណីបុគ្គលិក​សិក្សា គ្រូបង្រៀន ឬសិស្សានុសិស្ស​មានកម្តៅខ្ពស់, ការធ្វើ​របាយការណ៍​ទៅ​ក្រសួង​សុខាភិបាល, ការ​រួម​សហការឆ្លើយ​តប​ជំងឺកូវីដ១៩, ការអនុវត្តវិធាន​ការ​ផ្លូវ​ច្បាប់ចំពោះ​ការធ្វេស​ប្រហែស និង​ការ​ធ្វើរបាយការណ៍៕

Add new comment

2 + 0 =