ក្រសួងធម្មការ និងសាសនា៖ ហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ

ក្រសួងធម្មការ​និងសាសនា​ នៅថ្ងៃទី ១៤ ខែតុលា​​ នេះបានចេញ បានចេញសេចក្តីណែនាំបន្ថែម ស្តីអំពីពិធីបុណ្យកឋិន​ ដោយលើកឡើងថា បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លាក្នុងព្រះពុទ្ធសាសនាមាន ផលានិសង្សខ្ពស់ ទាំងទាយក ទាយិកា និងបដិគ្គាហក ជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើង រៀងរាល់ឆ្នាំ មានរយ:ពេលកំណត់តែ២៩ថ្ងៃ ដោយវត្តនីមួយៗទទួលអង្គកឋិនបានតែមួយលើកប៉ុណ្ណោះ។

ប្រភពដដែលបន្តថា សម្រាប់ឆ្នាំ២០២១នេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ១រោច ខែអស្សុជ ដល់ ថ្ងៃសុក្រ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ដើម្បីរៀបចំបុណ្យកឋិនទានឱ្យដំណើរការ នឹងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី តាម សភាពជាក់ស្តែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្តាច់ និងក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា(Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស និងយោងលើភាពចាំបាច់ដើម្បីធានាការពារអាយុជីវិត និងសុខភាព របស់ប្រជាជនខណៈដែលព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ។

 ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំដូចខាងក្រោម៖

១-ត្រូវយកចិត្តទុកដាក់បង្កលក្ខណ:ឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

២- ហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេនត្រៃចីវរ​ជាកិច្ចសម្រេចបុណ្យ។

Add new comment

1 + 1 =