កូនក្រពើត្រី​ជាង១០ក្បាល​ត្រូវបាន​ប្រទះឃើញ​ក្នុង​​បឹង​ធម្ម​ជាតិ​​ក្នុង​ខេត្តកោះកុង

ក្រុម​ការងារនៃអង្គការ WCS សហការ ជាមួយរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងបាន​ប្រទះឃើញ​កូន​ក្រពើ​ត្រី​ទើបនឹង​ញាស់​ចំនួន​១៥​ក្បាល​នៅ​ក្នុង​បឹង​ធម្ម​ជាតិ​​កាល​ពី​ថ្ងៃសុក្រកន្លងមកនេះ។

សេចក្តីប្រកាសព័ត៌មាន​របស់​អង្គការ​WCSបាន​ឱ្យ​ដឹងថា  អង្គការ WCSបានចែកចាយរូបភាព និងវីដេអូបង្ហាញអំពីកូនក្រពើត្រី(Siamese crocodile)ដែលជាប្រភេទជិតផុតពូជបំផុតក្នុងចំ​ណោមប្រភេទសត្វក្រពើជិតផុតពូជបំផុតដទៃទៀតនៅលើពិភពលោក កំពុងហែលនៅក្នុងបឹងធម្មជាតិមួយស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

កូនក្រពើត្រីចំនួន១៥ក្បាល ដែលកូនក្រពើនីមួយៗមានប្រវែងប្រហែល ៣០សង់ទីម៉ែត្រ កំពុងហែលនៅក្នុងបឹងធម្មជាតិក្នុងតំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់មួយរបស់ក្រពើ ប្រភេទនេះ។ ក្រុមការងារបានកត់សម្គាល់ឃើញថា ដោយសារក្នុងឆ្នាំនេះមានភ្លៀងធ្លាក់តិច បឹងនៅក្នុងតំបន់​ដីសើមនេះកាន់តែរាក់ទៅៗដែលធ្វើឱ្យប៉ះពាល់ដល់ទីជម្រករបស់វាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ក្រពើត្រីត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជបំផុតនៅលើពិភព​លោក។  អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានរបស់វានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែបច្ចុប្បន្ន វត្តមាន​របស់ក្រពើប្រភេទនេះស្ទើរតែផុតពូជនៅក្នុងប្រទេសវៀតណាមនិងថៃ និងមាននៅសេសសល់តិចតួចក្នុង​ប្រទេសឡាវ និងឥណ្ឌូនេស៊ី។ តាមការសិក្សាស្រាវជ្រាវកន្លងមក វត្តមានប្រភេទនេះប្រហែលជា ៥.០០០ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលចាត់ទុកថាជាចំនួនមួយច្រើនជាងប្រទេសដទៃទៀត។ 

ក្រពើត្រីកំពុងប្រឈមទៅនឹងកត្តាគំរាមកំហែងជាច្រើនដូចជា ការបាត់បង់ទីជម្រក​និងការប្រមាញ់ខុសច្បាប់​លើ​ក្រពើ​ជំទង់ និងការប្រមូលយកកូនតូចនិងពងរបស់វាទៅលក់ឱ្យកសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងប្រទេស​កម្ពុជា វៀតណាម និងថៃ។

អង្គការ WCS បាននិងកំពុងអនុវត្តកម្មវិធីអភិរក្សមួយចំនួនដើម្បីការពារប្រភេទនេះកុំឱ្យផុតពូជ។ គម្រោង​បានដាក់បញ្ចូលក្រុមអតីតអ្នកប្រមាញ់ដើម្បីចូលរួមស្វែងរកនិងការពារសំបុកនៅក្នុងធម្មជាតិ។ តាមរយៈការ​អនុវត្តច្បាប់ ក្រុមល្បាតចម្រុះដែលរួមមានមន្ត្រីរដ្ឋបាលជលផលនិងសមាជិកសហគមន៍មូលដ្ឋានបានចុះប្រមូលយក​ឧបករណ៍នេសាទខុសច្បាប់ដែលអាចទាក់ជាប់សត្វក្រពើត្រី និងទប់ស្កាត់ការបំផ្លាញទីជម្រករបស់វា។ 

ដោយការអប់រំនិងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍មូលដ្ឋានអំពីការអភិរក្សប្រភេទនេះជាការងារសំខាន់ ដូច្នេះគម្រោងស្នើសុំឱ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋានដើម្បីឈានទៅ​សម្រេចផែនការសកម្មភាពអាទិភាពមួយចំនួនមានដូចជា ការបង្កើនជីវភាពសហគមន៍តាមរយៈជំនួយ​បច្ចេកទេស​វារីវប្បកម្ម និងដើម្បីធានាថាពួកគាត់មិនធ្វើសកម្មភាពនេសាទខុសច្បាប់ចូលទៅក្នុងតំបន់ដីសើម​ដែលជាទីជម្រករបស់ក្រពើត្រីនោះទេ។ 

សកម្មភាពអភិរក្សមួយទៀតគឺការយកកូនក្រពើទៅចិញ្ចឹមថែទាំឱ្យធំ​មុនយកទៅលែងក្នុងធម្មជាតិនឹងជួយធ្វើឱ្យចំនួនក្រពើត្រីនៅក្នុងធម្មជាតិកើនឡើងវិញ៕

 

Add new comment

5 + 8 =