កូដកម្មបីថ្ងៃ៖ វិវាទការងាររវាង អតីតបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើល​ដ៍ នៅមិនទាន់មានដំណោះស្រាយ

អតីតបុគ្គលិក​ ក្រុមហ៊ុនណាហ្គាវើល​ដ៍ជិត១០០០នាក់​ បានជួបជុំគ្នា ធ្វើកូដកម្ម ដើម្បីទាមទា រកដំណោះស្រាយ វិវាទការងាររវាងក្រុមហ៊ុន ណាហ្គាវើលដ៍ ជាមួយកម្មករ ។​ អ្នកចូលរួមធ្វើកូដកម្មនេះ ភាគច្រើនជាស្ត្រី ជាពិសេសស្ត្រីមមានផ្ទៃពោះ ក្រោមការឃ្លាំមើល យ៉ាងតឹងរឹងរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលបានប្រព្រឹត្តិទៅតាំងពីថ្ងៃទី​១៨ ខែធ្នូ ហើយនៅថ្ងៃទី២០ ខែធ្នូ មិនទាន់មានដំណោះស្រាយណាមួយនោះឡើយ។

ពួកគេធ្វើកូដកម្មដើម្បីទាមទាឲ្យក្រុមហ៊ុន គោរពសិទ្ធិកម្មករ និងច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា។  ក្នុងនោះពួកគេក៏ទាមទារឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព  និងកម្មករនិយោជិតសរុប ចំនួន៣៦៥នាក់  ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ  ចូលបម្រើការងារ​នៅកន្លែង​ដើមវិញ  រួមទាំងផ្ដល់ប្រាក់រំលឹកផ្សេងៗ គិតតាំងពីថ្ងៃបញ្ឈប់ រហូតមកដល់ ថ្ងៃចូលធ្វើការវិញ​ជាដើម។

សូមជំរាបថាកាលពីខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់កម្មករនិយោជិតចំនួន ១៣២៩ នាក់ដោយមិនបានផ្ដល់សំណងត្រឹមត្រូវ​ ក្រោមហេតុផលវិបត្តិជំងឺកូវីដ-១៩។

តាំងពីពេលនោះមក សហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុនណាហ្គាវើលដ៍ បាន​ព្យាយាម​រកដំណោះស្រាយវិវាទនេះនៅក្នុងក្រុមហ៊ុនផ្ទាល់ នៅក្រសួងការងារ និងនៅក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ប៉ុន្តែនៅតែមិនមានដំណោះស្រាយ។ ក្នុងខែធ្នូកន្លងទៅថ្មីៗនេះ ខាងសហជីពបាន​ប្រជុំជា​មួយក្រសួងការងារដើម្បីស្វែងរកដំណោះស្រាយម្ដងទៀត ប៉ុន្តែនៅតែមិនអាច​រក​ដំណោះ​ស្រាយបាន។

កាលពិថ្ងៃ ទី១៨ ខែធ្នូ រដ្ឋបាលសាលា​រាជធានីភ្នំពេញបានចេញលិខិត​ជូនដំណឹងស្នើឱ្យតំណាង សហជីព​ទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការតវ៉ាជាបន្ទាន់ បើមិនដូច្នោះទេ ពួកគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

Add new comment

1 + 7 =