ការវាយឆ្មក់របស់យោធា បាតុកម្មថ្មីៗ ទៀត និងកូដកម្មទូទៅនៅភូមា

ការវាយឆ្មក់ និងការឃាត់ខ្លួននៅតែបន្តនៅថ្ងៃអង្គារនេះ នៅប្រទេសភូមា បន្ទាប់ពីកាលពីយប់ ដែលកងកម្លាំងសន្តិសុខបានដាក់ពង្រាយនៅទីក្រុងរ៉ងហ្គូនដើម្បីទប់ស្កាត់បាតុករ។ ចំណែក​អង្គការ សហប្រជាជាតិបានជំរុញឲ្យក្រុមយោធាបន្ធូរដៃ និងផ្តល់សេរីភាពដល់បាតុករ។

ភាពតានតឹងនៅតែបន្តនៅប្រទេសភូមា។ កងកម្លាំងសន្តិសុខបានដាក់ពង្រាយសាជាថ្មី កាល​ពី​ថ្ងៃទី៩ ខែមីនា នៅទីក្រុងរ៉ងហ្គូន បន្ទាប់ពីបានឡោមព័ន្ធបាតុករគាំទ្រប្រជាធិបតេយ្យ​រាប់រយ​អ្នក​នៅក្នុងកណ្តាលទីក្រុងកាលពីយប់។​ យោធាបានបង្កើនការវាយឆ្មក់ទៅលើប្រជាជន និង​ចាប់​ឃាត់ខ្លួនមនុស្សជាច្រើន។

វាប្រៀបបាននឹងទិវានៃសេចក្តីស្លាប់នៅប្រទេសភូមា។ ធនាគារ មជ្ឈមណ្ឌលពាណិជ្ចកម្ម និង​រោងចក្រ​ស្ថិតនៅបិទទ្វារកាលពីថ្ងៃចន្ទ ទី៨ ខែមិនា បន្ទាប់ពីមានការអំពាវនាវដែលធ្វើឡើង​ដោយ​សហជីបសំខាន់ៗដើម្បីពង្រីកកូដកម្ម ក្នុងគោលបំណង ធ្វើឲ្យថប់ដង្ហើមសេដ្ឋកិច្ចដែល​ទន់​ខ្សោយរបស់ប្រទេស និងជាការដាក់សំពាធលើមេដឹក​នាំយោធា។ សហជីបសំខាន់ៗ បំផុត​នៅភូមា ចំនួន៩ បាន​អំពាវ​នាវឲ្យឈប់ធ្វើការទាំងស្រុង និងពន្យាពេល​សកម្មភាព​សេដ្ឋកិច្ច ចាប់​តាំង​ពីថ្ងៃចន្ទ​ សប្តាហ៍​នេះ តទៅ។ នៅក្នុងសេចក្តីប្រកាសរួមមួយ ពួកគេបាន​សរសេថា ៖ “ពេលវេលាធ្វើ​ប្រតិកម្ម​បានមកដល់ហើយ”។ ការអនុញ្ញាតឲ្យមានសកម្មភាព​សេដ្ឋកិច្ច​គឺ​បន្ត​ជួយពួក​យោធា ដែលតែង​បង្រាបតថាមពលរបស់ប្រជាជនភូមា។”

មានការព្រមានអំពីហានិភ័យសម្រាប់មន្ត្រីរដ្ឋការ។​ ភ្លាមៗ រោងចក្រកាត់ដេរ ដែលជាវិស័យ​កំពុង​តែមានសន្ទុះខ្លាំងមុនរដ្ឋប្រហារកាលពីថ្ងៃទី១ កុម្ភៈ មជ្ឈមណ្ឌលពាណិជ្ចកម្ម ធនាគារ និង​មន្ទីរប្រៃសនីយ៍ ធ្លាក់ស្ថិតក្នុងសភាពបិទទ្វារ។

ចំណែកក្រុមមេដឹកនាំយោធាបានតាមដាន និងព្រមានមន្ត្រីរដ្ឋការថា ៖ អ្នកដែលមិនចូលធ្វើ​ការ​ចាប់​ពីថ្ងៃចន្ទនេះតទៅនឹងត្រូវបណ្តេញចេញ។

សេចក្តីអំពាវនាវឲ្យធ្វើកូដកម្មតាំងពីប៉ុន្មានម៉ោងដំបូងបន្ទាប់ពីរដ្ឋប្រហារ បានជះឥទ្ធិពល​យ៉ាង​ធំ​រួចហើយទៅលើវិស័យជាច្រើន មានដូចជា ធនាគារដែលមិនអាចដំណើរការ មន្ទីរពេទ្យបិទ​ទ្វារ និង​ក្រសួងមន្ទីរនានាគ្មានមនុស្សមកធ្វើការ។

ក្រុមជនជាតិភាគតិចបានចូលរួមការប្រឆាំងតវ៉ា។ នៅជិតទីក្រុង ដាវ៉ៃ ភាគខាងត្បូងភូមា ជន​ជាតិការ៉ែនរាប់រយនាក់បានធ្វើបាតុកម្ម លើកគ្រវីទង់ជាតិខៀវសក្រហមរបស់ពួកគេ និងអំពាវ​នាវ​ឲ្យបញ្ចប់របបផ្តាច់ការ។ ក្បួនដង្ហែកិត្តិយសត្រូវបានរៀបចំឡើងដោយ​ក្រុមបះបោរនៃក្រុម​យោធា​សហភាពជាតិ ការ៉ែន ឬ(KNU) ដែលមកការពារបាតុករប្រឆាំង​នឹងអំពីហិង្សាដែល​កើត​ឡើង​ជាយថាហេតុពីកងកម្លាំងសន្តិសុខ។

បើយោងតាមសាក្សីដែលទទួលបានពីទីភ្នាក់ងារសារព័ត៌មានបារាំង បានឲ្យដឹងថា កងកម្លាំង​ប៉ូលីស​ទាហានបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់ជ័រ ឬក៏អាចគ្រាប់ពិតដែរ ដើម្បី​ធ្វើការ​បំបែក​ការប្រមូលផ្តុំ។ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ បានឲ្យដឹងថា បាតុកររាប់សិបនាក់ត្រូវបានឃាត់ខ្លួន និងជាច្រើនអ្នកទៀតបានរងរបួស។

យោងតាមអង្គការក្រៅរដ្ឋាភិបាលភូមា បានឲ្យដឹងថា បាតុកម្មដែលធ្វើនៅក្នុងតំបន់លំនៅដ្ឋាន នៅក្នុងវិហារសាសនា មន្ទីរពេទ្យ និងតាមគ្រឹះស្ថានសិក្សា ត្រូវបានទទួលរងការបង្រ្កាបដោយ​ហិង្សា។

កាលពីថ្ងៃសៅរ៍ ការវាយឆ្មក់ទាំងកណ្តាលយប់បានសំដៅទៅលើមន្ត្រីសំខាន់ៗ នៃគណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (LND) គណបក្សរបស់លោកស្រីអង់សាន ស៊ូជី។ មនុស្សជា​ច្រើននាក់ត្រូវបានឃាត់ខ្លួន ហើយអ្នកតំណាងតំបន់នៃចលនាប្រឆាំងរដ្ឋប្រហារ គឺលោក ឃីន ម៉ូងឡាត ត្រូវបានសម្លាប់។

ក្រុមមេដឹកនាំយោធាបានធ្វើការព្រមានថា តំណាងរាស្រ្តភូមាទាំងឡាយដែលមិនទទួលស្គាល់​ភាពស្របច្បាប់នៃរដ្ឋប្រហារទេ ហើយបានបង្កើតគណៈកម្មាធិការដើម្បីតំណាង​ឲ្យរដ្ឋាភិបាល​ស៊ីវិល​​នឹងត្រូវមានទោសធ្ងន់ធ្ងរ ​ទោសក្បត់ជាតិ ដែលជាឧក្រិដ្ឋកម្មមួយដែលអាចនឹង​ប្រហារ​ជីវិត ឬជាប់គុក ២២ឆ្នាំ។

ជាសរុប បាតុករច្រើនជាង ៥០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីមានរដ្ឋប្រហារ ដែលផ្តួលរំលំ​លោក​​ស្រីអង់សាន ស៊ូជី ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៩១។

Add new comment

5 + 7 =