កាន់តែធ្ងន់ក សម្រាប់បុគ្គលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវអនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះ​ចំនួន​ទឹកប្រាក់​នៃការ​ផាក​ពិន័យ​​ត្រូវ​បាន​សម្រេច​ដំឡើងប្រាក់ពិន័យចរាចរណ៍ពី៣ ទៅ៥ដងនៃប្រាក់​ពិន័យ​នាពេលបច្ចុប្បន្ននេះ​។ ​

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៩  ខែមីនា  ឆ្នាំ២០២០ បានឱ្យដឹង​ថា អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រាមួយចំនួនដូចជា មាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងមាត្រា១៥ នៅក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ ដែលចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧កន្លងមក។

រដ្ឋាភិបាល​បាន​កែ​សម្រួល​ការ​ពិន័យ​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចណ៍​ផ្លូវ​គោក ​​ដោយ​ពិន័យ​ជា​ប្រាក់​ចាប់​ពី៦ម៉ឺន​រៀល​ រហូតដល់​៤លាន​រៀល​ចំពោះ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍ ដែល​​ចាប់​ពីអ្នក​ជិះ​ម៉ូតូ​​មិនពាក់មួក​សុវត្ថិភាព ឬពាក់មិនត្រឹមត្រូវតាមស្តង់ដារជាតិ ឬពាក់​ដោយ​មិនដាក់គន្លឹះ​ខ្សែ​សុវត្ថិភាព។ ដោយ​ម មិន​គោរព​ភ្លើងសញ្ញា (ភ្លើងស្តុប)​ និង​សញ្ញាចរាចរណ៍ និង​ការប្រើប្រាស់​ទូរសព្ទ​ក្នុង​ពេល​បើក​បរទាំងអ្នកជិះឡាន និងម៉ូតូ បើកបរ​ប្រើសញ្ញា​សូរសព្ទ​មិន​ត្រឹមត្រូវ​តាមប្បញ្ញត្តិ​ច្បាប់ បើកបរ​បង្ហោះ រេចុះឡើង​ ឆាប ឬ​គៀរ រហូត​ដល់​ការ​បើក​បរ​ក្រោម​ភាព​ស្រវឹង​ជា​ដើម។

អនុក្រឹត្យនេះបានបន្តទៀតថា សម្រាប់​ម្ចាស់​ហាង​លក់​យានយន្ត​គ្រប់​ប្រភេទដែល​​មិនបាន​បំពេញបែបបទ​ចុះបញ្ជី​យាន​យន្ត​ សុំបណ្ណ​សម្គាល់​យាន​យន្ត និងសុំផ្លាក​លេខមុន​ប្រគល់​ឱ្យអ្នកទិញ នឹងត្រូវពិន័យផងដែរ ចាប់ពី​១សែន២ម៉ឺនរៀល ដល់​២លាន៤សែន​រៀល​តាម​ទំហំ​ឡាន ខណៈ​អ្នក​ដែល​មិន​ស្នើ​សុំ​លិខិត​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ នឹង​ត្រូវ​ពិន័យ​ចាប់​ពី​១សែន​៥ម៉ឺន​ ដល់​៣សែន​រៀល។

សម្រាប់ឪពុកម្តាយ ឬអាណាព្យាបាល​ ក៏ត្រូវទទួលខុសត្រូវ​លើ​ការ​ប្រព្រឹត្តិ​ល្មើស​ច្បាប់​ចរាចរណ៍​របស់​កូន​ផង​ដែរ ដែលប្រព្រឹត្តិ​ដោយអនីតិជនមានអាយុចាប់ពី ១៥ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំផងដែរ។

លោក គង់ រតនៈ នាយក​វិទ្យា​ស្ថាន​សុវត្ថិភាព​ចរាចរណ៍ បានមាន​ប្រសាសន៍​ប្រាប់សារព័ត៌មានក្នុង​ស្រុក វីអូឌី​​ថា​ ការ​ដំឡើង​ប្រាក់​ពិន័យ ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ដោះស្រាយបញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​ប៉ុណ្ណោះ តែ​លោក​ថា​ បញ្ហា​សំខាន់​នោះ​គឺ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅវិញទេ។ ​

លោក​គង់ រតនៈ បានថ្លែងថា៖ «ខ្ញុំ​មិន​ហ៊ាន​ថា​យ៉ាង​មេច​ទេ ព្រោះ​មិន​ឃើញ​ជាក់​​ស្ដែង តែ​កន្លង​មក យើងឃើញ​ថា ​ការ​ដាក់​ពិន័យ​ត្រឹម​១ម៉ឺន​៥ពាន់​ហ្នឹង​ អ្នក​ដែល​ខុស​ គាត់​សុខចិត្ត​បង់​១ម៉ឺន​ឱ្យ​ទៅ​ប៉ូលិស ហើយ​គាត់​សល់​បាន​៥ពាន់។ សម្រាប់​ខ្ញុំ​ គឺ​នៅ​លើ​សមត្ថកិច្ច​ខ្លួន​ឯង​ បើ​ចង់​ឱ្យ​ឥរិយាបថ​របស់​អ្នក​បើក​បរ​គាត់​កែ​ប្រែ ​សូម​ឱ្យ​គាត់​ធ្វើ​ប្រកប​ដោយ​តម្លាភាព​ទៅ។ តែ​បើ​គាត់​ថា​ គាត់​ធ្វើ​ដើម្បី​តែ​ក្រពះគាត់ ដើម្បីភាព​មាន​បាន​របស់​គាត់ បើ​ទោះ​បី​ថ្នាក់​លើ​ខិត​ខំ​យ៉ាងណា​ក៏​ដោយ​ បើសិន​ជា​អត់​មានបាន​ត្រួតពិនិត្យ​ឱ្យ​ច្បាស់​លាស់​ទៅលើ​ទង្វើរបស់​មន្ត្រី​មួយ​ចំនួន​​ទេ​ យើង​នឹង​គ្មាន​ប្រសិទ្ធភាព​ខាង​អនុវត្តន៍​ច្បាប់​ទេ » ។ ប៉ុន្តែលោក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុកផែន​ចរាចរណ៍ បានលើកឡើង

​ការ​ពារថា ​នឹង​គ្មាន​ទេអំពើ​ពុករលួយ​ក្នុង​ការ​អនុវត្ត​នេះ ​ដោយ​ថា ​រដ្ឋ​បាន​ផ្ដល់ការ​លើក​ទឹក​ចិត្ត​ច្រើន​ដល់​នគរបាល​​ចរាចរណ៍ ជាមួយ​គ្នា​និង​ការ​តាមដាន​ផង​ដែរ។

អនុក្រឹត្យដដែលនេះបានបញ្ជាក់ផងដែរថា ចំពោះ​បុគ្គល​ដែល​មិនសុខ​ចិត្តនឹង​សេចក្តី​សម្រេច​របស់​មន្រ្តីមាន​សមត្ថកិច្ច​ អាចមានសិទ្ធិ​ប្តឹង​តវ៉ា​រយៈ​ពេល​១៥​ថ្ងៃនៃ​ថ្ងៃធ្វើ​ការ​យ៉ាងយូរ គិត​ពី​ថ្ងៃទទួល​បង្កាន់​ដៃ​ពិន័យ​អន្តរការណ៍ទៅ​ប្រធាន​អង្គភាព​ដែល​គ្រប់គ្រង​លើ​មន្រ្តីអនុវត្ត​ផ្ទាល់ ហើយ​ប្រធាន​អង្គភាព​ត្រូវ​សម្រេច​លើ​បណ្តឹង​តវ៉ា​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ នៃថ្ងៃធ្វើ​ការ​យ៉ាងយូរ គិត​ពីថ្ងៃទទួល​បណ្តឹង។ ចំពោះ​បុគ្គល​ណា​ដែល​មិន​សុខចិត្ត​នឹង​សេចក្តី​សម្រេច​របស់ប្រធាន​អង្គភាព​ខាងលើ មានសិទ្ធិ​ប្តឹង​ទៅ​តុលាការ​តាម​នីតិវិធីនៃច្បាប់។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ដែល​បាន​ចេញ​កាលពីចុងខែមករា​ឆ្នាំ​២០២០​បាន​ឱ្យដឹងថា បង្ហាញថា គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស នៅ​ឆ្នាំ​២០១៩ បាន​កើតឡើង​ចំនួន ៤,១២១​លើក សម្លាប់​មនុស្សចំនួន ១,៩៨១​នាក់ និង​រងរបួសធ្ងន់ស្រាល​ចំនួន ៦,១៤១​នាក់​។

របាយការណ៍ដដែល​បានបញ្ជាក់ថា ​ចំនួនគ្រោះថ្នាក់​នេះ​បាន​​កើនឡើង៨៤៥លើក ស្មើនឹង ២៦​ភាគរយ អ្នកស្លាប់​កើន ២២០​នាក់ ស្មើនឹង ១២​ភាគរយ និង​​អ្នករងរបួស​កើន ១៣៧១​នាក់ ស្មើនឹង​ ២៩​ភាគរយ​ បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៨​។​ ករណីកើតឡើងច្រើន​ជាងគេ នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ​ ហើយមូលហេតុធំជាងគេដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​​ច្រើនជាងគេ រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ វ៉ា​ជែង ស្រវឹង កត្តា​យានយន្ត និង​ងងុយដេកជាដើម​​ ហើយចំណោម​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ ២០១៩ ភាគច្រើន ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ៕​

 

 

Add new comment

2 + 3 =