ករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ កំពុងត្រូវបានតាមដាន

ទីស្តីការក្រសួងសុខាភិបាល

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អះអាងថា​ ករណី​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ កំពុង​ត្រូវ ​បាន​តាម​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់ ហើយ​ខណៈ​ពេលនេះ​ ប្រទេស​កម្ពុជា​ ពុំទាន់​មាន​សញ្ញា ​នៃ​ករណី​ជំងឺ​រលាក​សួត ​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ទេ​។

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល ​ថា ប្រជាជន​ទូទាំងប្រទេស ​ជាពិសេស​អ្នក​ដែល​មាន​គម្រោង​ធ្វើដំណើរ​ទៅ ឬ​ត្រឡប់ មកពី​ក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ ប្រទេស​ចិន នឹងត្រូវ​ធ្វើការ​ត្រួតពិនិត្យ ​និង​ត្រូវតែ​ស្វែងយល់ អំពី​ជំងឺ​រលាក សួត​មិន​ស្គាល់​អត្តសញ្ញាណ​ នូវ​ព័ត៌មាន​សំខាន់ៗ និង​វិធានការ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន ដែល​គួរ​យល់ដឹង​។

ក្រសួងសុខាភិបាល បាន​អះអាងថា ​មិនទាន់មាន​ករណី​ជំងឺ​ប្រភេទ ​នៅក្នុង​ប្រទេស​កម្ពុជា នៅ ឡើយ​ទេ ហើយ​ក្រសួង​ កំពុងតែ​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​នូវ​ស្ថានភាព នៃ​ការកើតមាន​ករណី ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភព​​លោក ប្រចាំ នៅ​កម្ពុជា ដែល​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​នេះ​ ត្រូវបាន​រកឃើញ ​និង​បាន​រាយការណ៍​ដំបូង​នៅ​ថ្ងៃទី​៣១​ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ ប្រទេស​ចិន ជាមួយ​រោគសញ្ញា​ភាគច្រើន គឺ​ក្តៅខ្លួន មាន អ្នកជំងឺ​ពីរ​បីនាក់ ​មាន​រោគសញ្ញា​ហត់ ហើយ​ថតកាំរស្មីអ៊ិច បង្ហាញថា​ មាន​ដំបៅ​សួត​។

លទ្ធផល​ទទួលបាន ពី​ម​នី្ទ​រ​ពិសោធន៍​ បាន​បញ្ជាក់ថា ជំងឺ ដែល​កំពុង​កើតឡើង​នេះ មិនមែន​ជា​ជំងឺ SARS ឬ​ជំងឺផ្តាសាយបក្សី ឬ​ជំងឺ​ផ្តាសាយ​បង្កដោយ​វីរុស​អាដេ​ណូ ឬ​ជំងឺ​MERS ឬក៏​ជំងឺ​ផ្លូវដង្ហើម​ដទៃទៀត​នោះឡើយ​។ ​ការអង្កេត ស្រាវជ្រាវ​ដោយ​មន្ទីរពិសោធន៍ នៃ​ប្រទេស​ចិន កំពុង​បន្ត​ធ្វើ​ទៀត ដើម្បី​ស្វែងរក​អត្តសញ្ញាណ នៃ​ជំងឺ​រលាក សួត​ចម្លែក​នេះ​។

តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញថា ​រហូតមក​ដល់ពេល នេះ មិនទាន់​មាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​ពី​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ ហើយក៏​មិន​ទាន់មាន ការ​ចម្លង​ទៅ​បុគ្គល​សុខាភិបាល​នោះដែរ​។ នៅពេលនេះ អ្នកជំនាញ ​កំពុងតែ​ប្រមូល​ព័ត៌មាន​អេ​ពី​ដេ​មី សាស្ត្រ និង​ម​នី្ទ​រ​ពិសោធន៍​បន្ថែមទៀត​ ដើម្បី​កំណត់​រក​អត្តសញ្ញាណ​នៃ​មេរោគ​។

ក្រសួងសុខាភិបាល នឹង​បន្តធ្វើ​ការជូន​ដំណឹង​ដល់​សាធារណជន​អំពី​ការវិវត្ត នៃ​បញ្ហា​សុខភាព​តាម គេហទំព័រ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ដែល​គេហទំព័រ​នេះ មាន​សារ​អប់រំ​សុខ ភាព​អំពី​ការបង្ការ ​ការឆ្លង​ជំងឺ​តាមផ្លូវ​ដង្ហើម ដែល​អាច​ទាញ​យក​មក​មើល​បាន និង​ហ្វេ​ស​ប៊ុ​ក​នាយកដ្ឋាន ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​។ ​និង​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ដោយ​ឥត​គិត ថ្លៃ ១១៥ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល​ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ០១២ ៨២៥ ៤២៤, លោក​វេជ្ជ បណ្ឌិត យី សេង​ឌឿ​ន ​០១២ ៤៨៨ ៩៨១ និង​លោកស្រី​វេជ្ជបណ្ឌិត តេង ស្រី ០១២ ៨៣៦ ៨៦៨៕

Add new comment

5 + 2 =