កម្មការ​ប្រមាណ​៩ពាន់នាក់ទទួល​បាន​ការបណ្តុះបណ្តាល​ជំនាញទន់

រោងចក្រ-សហគ្រាសចំនួន៧ ដែលមានកម្មករនិយោជិតប្រមាណ៩ពាន់នាក់ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ពីក្រសួងការងារ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់ដល់រោងចក្រ-សហគ្រាសដែលក្នុងនោះចំនួន៤រោងចក្រ/សហគ្រាស មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និង៣ទីតាំងរោងចក្រ/សហគ្រាសផ្សេងទៀត ស្ថិតនៅខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តពោធ៌សាត់ដោយមានកម្មករនិយោជិតសរុបចំនួន៨,៥៨៥នាក់។

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកជាប្រក្រតីវិញ។

កម្មការិនី ធី ឡែន ដែល​មានជំនាញខាងផ្នែកដេរ បាននិយាយក្រោយពេលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញទន់នេះថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលខ្ញុំ​បានចូលរួមក្នុងវគ្គ​សិ​​ក្សាមួយនេះ ព្រោះបានធ្វើឱ្យខ្ញុំយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណប.ស.ស ចេះបង្ការនិងការពារខ្លួនពីជំងឺកូវីដ១៩ មិនតែប៉ុណ្ណោះវគ្គសិក្សានេះ ក៏បានធ្វើខ្ញុំយល់ដឹងពីរបៀបនៃការចរចា ធ្វើការជាក្រុមនិងច្បាប់ស្តីពីការងារផងដែរ»។

ចំណែក​លោក វន ស៊ីវឹង កម្មករផ្នែកតុកាត់ បានអរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ ដែលបានរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង ធ្វើឲ្យរូបលោកទទួលបាននូវចំណេះដឹងបន្ថែមទៀត សម្រាប់យកទៅប្រើប្រាស់នៅក្នុងការងារនិងជីវភាពរស់នៅប្រចាំថ្ងៃថែមទៀត។

គួរបញ្ជាក់ផងដែរថា ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖ ជំនាញនៃការទំនាក់ទំនងនិងសិល្បៈនៃការចរចា, ការបំពេញការងារជាក្រុម, មូលដ្ឋានច្បាប់ស្ដីពីការងារ​,នីតិវិធីដោះស្រាយវិវាទការងារ, សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត, អត្ថប្រយោជន៍ ប.ស.ស និងសុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19៕

 

Add new comment

1 + 6 =

Please wait while the page is loading