កម្មករ-និយោជិត​ជិត​៩០០០នាក់​បាន​ចាក់វ៉ាក់សាំងការពារកូវីដ១៩ក្នុង​រយៈពេល​២ថ្ងៃ

ក្នុង​រយៈពេល​២ថ្ងៃ កម្មករ-និយោជិត​ចំនួន ៨ ៨៧៥នាក់ ក្នុងនោះ​បរទេសចំនួន ៣៤៨នាក់បាន​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំង ខណៈកម្មករចំនួន២៤១នាក់មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់ដោយ​សារ​បញ្ហា​សុខភាព។

យោង​តាម​សេចក្តីជូនដំណឹងរបស់​ក្រសួង​ការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បាន​ឱ្យ​ដឹងថា​ ក្រសួងបាន​ការចាក់វ៉ាក់សាំងស៊ីណូរ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ក្រុម។ 

ក្រសួងបន្តថា ក្នុង​ថ្ងៃទី៨ ខែមេសានេះ​ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥ ១៧៧នាក់ ក្នុងនោះ​មាន​បរទេសចំនួន ២៧៨នាក់ ប៉ុន្តែអ្នក​ដែល​បានចាក់មាន​ចំនួន ៥ ០២៩នាក់ (បរទេសចំនួន ២៧៨នាក់) ឯអ្នក​ដែល​គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មាន​ចំនួន ១៤៨នាក់។ 

ចំពោះលទ្ធផលក្នុង​រយៈ​ពេល​២ថ្ងៃគឺពីថ្ងៃទី០៧ដល់ទី០៨ នេះ សរុបកម្មករ-និយោជិតដែល​ស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩ ១១៦នាក់ (បរទេសចំនួន ៣៤៨នាក់) ក្នុងនោះ​អ្នក​ដែល​បាន​ចាក់មាន​ចំនួន ៨ ៨៧៥នាក់ (បរទេសចំនួន ៣៤៨នាក់) ឯអ្នកដែល​គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ២៤១នាក់។

ក្រសួងការងារបាន​ឱ្យ​ដឹងទៀតថា អនុគណៈកម្មការចំពោះកិច្ចនៃក្រសួង​នេះ​ ក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករ-និយោជិតនៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕

 

Add new comment

4 + 5 =