កម្ពុជាប្រារព្ធខួបលើកទី២៧ឆ្នាំនៅថ្ងៃនេះ ពីការដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ

សម្តេចនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បាន​ប្រកាស​ថា នៅថ្ងៃទី២៤កញ្ញា ២០២០នេះ គឺជាខួបទី ២៧ឆ្នាំ ដែលកម្ពុជាបានប្រកាសអោយប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ផ្តើមចេញ ពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១  គឺកម្ពុជា បានផ្លាស់ប្តូរចូលទៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមាន ការឯកភាពផ្ទៃក្នុងការដោះស្រាយបញ្ហានយោបាយ ដោយកម្ពុជាបានឯកភាពគ្នារៀបចំការបោះឆ្នោត នៅក្នុង ខែឧសភា ឆ្នាំ១៩៩៣ ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ បន្ទាប់មក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ។

សម្តេចហ៊ុន សែន បាន​លើកឡើងតាមបណ្តាញ​សង្គមនៅ​ថ្ងៃព្រហស្បិ៍នេះថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។  នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ដែលមកដល់ ឆ្នាំ២០២០ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៧ឆ្នាំហើយ។

សម្តេចហ៊ុន សែន បាន​បន្តថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជាកម្ពុជាត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និង តុលាការហើយក៏បានអនុម័តនូវសិទ្ធិជា មូលដ្ឋានរបស់ប្រជាពលរដ្ឋ និង គោលការណ៍នីតិរដ្ឋជាដើម ។

ចំណែក​អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​លើកឡើងផងដែរថា ក្នុងរយៈ​ពេល​ ២៧ឆ្នាំនេះ កម្ពុជាបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើបដែលមានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជា រួមមាន គោលការណ៍សិទ្ធិនិងសេរីភាព  គោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍បែងចែកអំណាច និងគោលការណ៍នីតិរដ្ឋ ។ល។

លោកបាន​បន្តថា គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើបដែលមានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជាទាំងអស់នេះ ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងផ្អែកលើបរិបទនិងគុណតម្លៃរបស់ខ្មែរទាំងស្រុង ដែលរួមមានវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត សង្គម និងផ្នត់គំនិតខ្មែរ ដើម្បីធានាបាននូវសុខតុមកម្ម និងប្រយោជន៍ជាតិសាសន៍ខ្មែរទាំងមូល។

លោក ជិន ម៉ាលីនបានបញ្ជាក់ទៀតថា ប្រជាធិបតេយ្យ មានគោលការណ៍រួម តែមិនមានស្តង់ដាររួមដែលតម្រូវឱ្យប្រទេសទាំងអស់ត្រូវតែអនុវត្តឱ្យបានដូចគ្នានោះទេ ពោលគឺ ការអនុវត្តត្រូវមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទនិងគុណតម្លៃនៃប្រទេសនិងតំបន់នីមួយៗ ដោយតម្កល់នូវប្រយោជន៍ជាតិខ្លួនជាធំ។ ដូច្នេះ ការវាយតម្លៃពីស្ថានភាពប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រទេសមួយដែលប្រកបដោយភាពសុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមិនលំអៀងនោះ គឺត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍រួមផង ព្រមទាំងបរិបទនិងគុណតម្លៃនៃប្រទេសនិងតំបន់នោះផងដែរ៕

Add new comment

16 + 0 =