កម្ពុជាចាប់បើកទទួលទេសចរណ៍វ៉ាក់សាំង នៅចុងខែវិច្ឆិកា ក្នុងតំបន់ទេសចរណ៍មួយចំនួន

កម្ពុជានឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលមានបំណងចង់មកទស្សនា កម្សាន្តនៅកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរុង នៃខេត្តព្រះសឹហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង ហើយខេត្តបន្ទាប់គឺខេត្តសៀមរាបដែលនឹងចាប់ទទួល នៅក្នុងខែ មករា ឆ្នាំ២០២២ នៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានចេញសេចក្តីជូនដំណឹងពីការបើកទទួលទេសចរណ៍វ៉ាក់សាំង នៅថ្ងៃទី២៦ ខែតុលានេះថា ការបើកទទួលនេះ គឺអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល ០៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។
លោកបានបញ្ជាក់ថា ៖ «ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតេស្គរហ័សរកអង់ទីហ្សែនកូវីដ-១៩ ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្ត ដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែ ត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន»។
លោក ថោង ខុន បានបន្ថែមថា ភ្ញៀវទេសចរអន្តរជាតិដែលមកតាមកម្មវិធីទេសចរណ៍វ៉ាក់សាំង អាចស្នើសុំប្រភេទទិដ្ឋាការទេសចរណ៍ (ប្រភេទ T នៅតាមស្ថានទូត/ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ឬអាចស្នើសុំទិដ្ឋាការ អេឡិចត្រូនិច (E-Visa) ហើយត្រូវមកតាមកញ្ចប់ទស្សនកិច្ចទេសចរណ៏ចាក់វ៉ាក់សាំងកូវីដ-១៩ ឬជាទេសចរមកជា លក្ខណៈគ្រួសារ ឬក្រុមតូចៗ ជាទេសចរកម្រិតខ្ពស់ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។
សេចក្តីជូនដំណឹងដដែលនេះបានលើកឡើងឱ្យដឹងថា ភ្ញៀវទេសចរត្រូវអនុវត្តតាមលក្ខខណ្ឌនៃកម្មវិធីបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយត្រូវស្នើសុំលិខិត អនុញ្ញាតចូលកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនីតិវិធីនៃការស្នើសុំទិដ្ឋាការដែលមានស្រាប់ ក្នុងនោះតម្រូវឱ្យមាន វិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស។
ប្រភពដដែលបានបន្តថា ភ្ញៀវទេសចរទាំងនោះត្រូវមានកន្លែងស្នាក់នៅដែលបានកក់ទុក និងបង់ប្រាក់នៅក្នុងតំបន់ទេសចរណ៍សុវត្ថិភាព, មានលិខិតធានារ៉ាប់រងសុខភាព សម្រាប់ការធ្វើដំណើរមកកម្ពុជា រួមបញ្ចូលទាំងការធានារ៉ាប់រងសម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ជាយថាហេតុ និងសំណងលើការលុបំចោលការកក់សេវាកម្ម ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា ជាយថាហេតុសំបុត្រយន្តហោះ។
ភ្ញៀវទេសចរត្រូវមានវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ចេញក្នុងរយៈពេល ៧២ ម៉ោង នៃជើងហោះហើរនិងព័ត៌មានអំពីប្រវត្តិធ្វើដំណើរ ១៤ថ្ងៃ មុនពេលចេញមកកម្ពុជា។
ភ្ញៀវទេសចរអន្តរជាតិត្រូវធ្វើតេស្ត PCR នៅមុន ១(មួយ) ថ្ងៃ នៃការចាកចេញពីតំបន់ ឬគោលដៅទេសចរណ៍ សុវត្ថិភាព ដើម្បីបញ្ជាកំលទ្ធផលអវិជ្ជមាន មុននឹងអនុញ្ញាតឱ្យចេញទៅតំបន់ផ្សេងទៀត ឬចាកចេញពីកម្ពុជា៕

Add new comment

14 + 1 =