កងយោធាមួកខៀវកម្ពុជាជាង១០០នាក់ដែល​ទើប​ធ្វើ​មាតុភូមិនិវត្តន៍​កំពុងដាក់​ចត្តាឡីស័ក១៤ថ្ងៃក្នុង​ស្រុក​ភ្នំស្រួចនិង​ស្រុកឧដុង្គខេត្តកំពង់ស្ពឺ

កងយោធាមួកខៀវកម្ពុជាចំនួន១៣៩ នាក់ក្នុងចំណោមនោះនារីចំនួន១១នាក់ បាននិវត្តមកដល់កម្ពុជាដោយសុវត្ថិភាពបន្ទាប់ពីបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី រយៈពេលមួយឆ្នាំ។

កងយោធាមួកខៀវកម្ពុជាទាំងអស់នេះបាន​វិ​លត្រលប់មក​ដល់​ប្រទេសកម្ពុជាកាល​ពីរាត្រីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពរក្សាសន្តិភាព ព្រមទាំងនាយទាហាន នាយទាហានរង មជ្ឈមណ្ឌលជាតិជាច្រើនរូបទៀត បានអញ្ជើញទទួលស្វាគមន៍កងកម្លាំងយោធាមួកខៀវនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាអនុប្រធានគណៈកម្មការការងារកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោកឧត្តមសេនីយ៍ឯក អោក សៀង បានថ្លែងថា កងយោធាមួកខៀវកម្ពុជា ដែលទើបធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជានាពេលនេះ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វីនកងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសំអាតមីន និងកាកសំណល់សង្គ្រាមនៅស្រុកឧដុង្គចំនួន៤៥នាក់ ក្នុងនោះនារីម្នាក់ និងនៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាន៍ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន៩៤នាក់ ក្នុងនោះនារីចំនួន១០នាក់។

កាល​ពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន២កងមានកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះ និងកងអនុសេនាធំកងម្ទេចគ្រាប់ សរុបចំនួន២១៨នាក់ ក្នុងនោះក៏មានកម្លាំងនារី១៨នាក់បានទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់នឹងត្រូវធ្វើមាតុភូមិនិវត្តន៍វិញ។

គួរបញ្ជាក់ផងដែរថា កងទ័ពមួកខៀវ​របស់កម្ពុជា​ដែលនឹង​វិលត្រលប់​មកក្នុង​ប្រទេសវិញនោះមាន៖ មកពីប្រទេសម៉ាលី ក្នុងខែកញ្ញា២០២០, មកពីប្រទេសស៊ូដង់ខាងត្បូង ក្នុងខែតុលា២០២០, មកពីអាហ្រ្វិកកណ្តាល ក្នុង​ខែវិច្ឆកា២០២០ និងមកពីប្រទេសលីបង់ក្នុងខែមករា២០២១៕

 

Add new comment

1 + 0 =