ឥណ្ឌូនេស៊ី ប្រយុទ្ធដើម្បីទឹកដីពួកគេប្រឈមមុខនឹងការជីកយករ៉ែនីកែល

ការផ្ទុះឡើងនូវតម្រូវការនីកែលគំរាមកំហែងបរិស្ថាន និងសិទ្ធរបស់កសិករ​នៅលើផ្ទៃដីឥណ្ឌូ​នេស៊ី។ ឧស្សាហកម្មនីកែលនេះកំពុងកើតឡើងជាមួយនឹងតំរូវការដែលកើនឡើង​សម្រាប់​លោហៈ​​​​ធាតុចាំបាច់ដើម្បីផលិតថ្ម លីស្យូម អាយអន។ ក្រុមហ៊ុនចិន កូរ៉េខាងត្បូង អាម៉េរិក​តេស្លា ឬ​ក្រុមហ៊ុនរ៉ែប្រេស៊ីល កំពុងសម្រុកមកធ្វើការនៅទីនោះ។

ទី​តាំងដែលដីប្រែក្លាយជាឡើងពណ៌ក្រហម​ដែលត្រូវបានខួងដោយម៉ាស៊ីន បង្ហាញពីការ​ស្រេក​ឃ្លាន​​របស់ក្រុមហ៊ុននៅក្នុងស្រុក និងបរទេស​សម្រាប់រ៉ែនីកែល​នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី។ ក្រុមហ៊ុនទាំងនេះស្ថិតនៅក្នុងប្រទេស​ដែលជាអ្នកផលិតដ៏ធំបំផុតនៅលើ​ពិភពលោក​​សម្រាប់លោហៈធាតុ​គន្លឹះដើម្បីធ្វើអាគុយ និង​សម្រាប់យានយន្តអគ្គីសនី។ ការ​ហក់​​ឡើងខ្ពស់នៃតម្រូវការ​នីកែល គំរាមកំហែងបរិស្ថាន និងសិទ្ធរបស់កសិករ​​នៅលើ​ផ្ទៃដី​របស់​​ពួកគេ ដូចជានៅតំបន់ វ៉ាវ៉ូនីអ៊ី ដែលស្ថិតនៅជិតកោះ Célèbes ដែលសម្បូរ​ទៅដោយ ធនធាន​ធម្មជាតិនីកែលនេះ។ ហើយតំបន់នេះ ក៏ជាជម្រកនៃពូជសត្វកម្រ​ជាច្រើនប្រភេទ​ផង​ដែរ។

រ៉ូយ៉ានី ដែលមានឈ្មោះតែមួយ ដូចប្រជាជនឥណ្ឌូនេស៊ីភាគច្រើនដែរ បានឈរជុំគ្នាជាមួយ​អ្នក​ភូមិផ្សេងទៀត បន្ទាប់ពីដើមឈើជាច្រើនរយដើមដែលគ្រួសាររបស់អ្នកស្រីដាំ​លំអ ត្រូវ​បាន​កាប់រំលំកាលពីខែមករា។ រ៉ូយ៉ានីនិយាយថា ៖ “នៅពេលដែលយើងបានឃើញថា ​វា​គ្មាន​នៅ​សល់អ្វីទាំងអស់ មានន័យថា យើងត្រូវបានគេបំផ្លាញ”។ រ៉ូយ៉ានី ចង់ការពារដីគ្រួសារ គាត់ ក៏ដូចជាដីរបស់​អ្នក​ជិត​ខាង។ ប៉ុន្តែអ្នកភូមិប្រឈមមុខនឹង​គូប្រជែងដ៏មានអំណាច។

តម្រូវការកើនឡើងនូវ​លោហៈ​សំខាន់សម្រាប់​អាគុយលីស្យូម អាយអន និងលោហៈដែលមិន​រង​អុ​កស៊ីតកម្ម បាន​ធ្វើ​ឲ្យឥណ្ឌូនេស៊ីអាចទាក់ទាញក្រុមហ៊ុនចិន កូរ៉េខាងត្បូង ក្រុមហ៊ុន​យាន​យន្ត​​​យក្សរបស់​អាម៉េរិក Tesla ព្រមទាំងក្រុមហ៊ុន​រ៉ែរបស់ប្រេស៊ីល វ៉ាល់ ផងដែរ។ រោងចក្រ​ចម្រាំង​នីកែល ជាង ១០ ត្រូវបានកសាងឡើង​កាលពីពេលថ្មីៗ នៅលើកោះ Célèbes ហើយ​ក៏​មាន​គម្រោង​ការ​ដទៃជាច្រើនទៀត ត្រូវបាន​ប្រកាសឡើងផងដែរ។

ក្រុមហ៊ុនឥណ្ឌូនេស៊ី Gema Kreasi Perdana (GKP) ដែលត្រូវគ្រប់គ្រង​ដោយគ្រួសារមួយ​ដែលមានបំផុតនៅឥណ្ឌូនេស៊ី ត្រូវបានផ្តល់ដីសម្បទានពីរកន្លែង នៅតំបន់ វ៉ាវ៉ូនីអ៊ី ដែលមាន​ទំហំ​សរុប ១៨០០ ហិចតា។

អ្នករស់នៅកោះនិយាយថា ក្រុមហ៊ុនចង់ពង្រីកវិសាលភាព ហើយបុគ្គលិករបស់ពួកគេ​ព្យាយាម​​មិនឈប់មិនឈ​ដើម្បីបញ្ចុះបញ្ចូលអ្នកភូមិ ឲ្យធ្វើសម្បទានដីរបស់ពួកគេ។

ដោយ​ត្រូវ​បានសាកសួរ ទាំង GKP ទាំងក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ី ទាំងទី​ភ្នាក់​ងារ​តំបន់​នៃថាមពល មិនមាននរណាធ្វើការអធិប្បាយទេ។

លោកហាស្តាទី​ អាយុ ៤២ឆ្នាំ ដែលជាកសិករ​ដាំស្វាយចន្ទី ហើយដីរបស់លោក មួយផ្នែក​ត្រូវ​បានឈូសឆាយ អះអាងថា ៖ “ទោះបីជាគេ​ឲ្យគាត់ ១ពាន់លានរូពី ឬប្រមាណ ៦០០០០ ម៉ឺន​ដុល្លារ ក៏គាត់មិនលក់ដែរ”។

បាតុករជាច្រើន នៅវ៉ាវ៉ូនីអ៊ី ត្រូវបានកោះហៅបន្ទាប់ពីការធ្វើបាតុកម្ម ការវាយប្រហារ ហើយ​នឹង​មានការប្រឈមមុខដោយអាវុធ​ដែលបង្កឡើង​ដោយជម្លោះដណ្តើមដី។ លោកហាស្តូម៉ា កសិករដាំដូង អាយុ ៣៧ឆ្នាំ និយាយថា លោកត្រូវបានគេចាប់ឃុំ ៤៥ថ្ងៃ ដោយអាជ្ញាធរ​បន្ទាប់​ពី​ការប៉ះទង្គិច។

 

Add new comment

5 + 0 =