អាកាសធាតុ ៖ ប្រទេសរុស្ស៊ីអាចនឹងបង្កើនល្បឿនការផ្លាស់ប្តូរថាមពល​ផែនដី

ការបំភាយឧស្ម័នផ្ទះកញ្ចក់​ពាក់ព័ន្ធទៅនឹងថាមពលអាចនឹងឈានដល់ចំនុច​ខ្ពស់បំផុត​ចាប់ពីឆ្នាំ២០២៥ ទន្ទឹមនឹងការកើនឡើងខ្ពស់នៃការវិនិយោគ​នៅក្នុងថាមពលដែលមានចីរភាព​ដែលបង្កើតឡើង​ដោយ​ការតម្រង់ទិសថ្មីដ៏ស៊ីជម្រៅ​នៃទីផ្សារពិភពលោកនៃថាមពល។

មុនសន្និសីទពិភពលោក​អំពីអាកាសធាតុ​លើកទី២៧ នៅប្រទេសអេហ្ស៊ីប ទីភ្នាក់ងារអន្តរជាតិ​នៃថាមពល AIE បានព្រមាននៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ឆ្នាំ២០២២ ទាក់ទិននឹងការដាច់គ្នា​រវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ ក្នុងការវិនិយោគនៅ​ក្នុងថាមពលដែលមិនបំភាយកាបូន។ នេះទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែង​ផ្តល់សារៈសំខាន់​ជា​អន្តរជាតិ​ដើម្បីកាត់បន្ថយចន្លោះប្រហោងគ្រោះថ្នាក់ដ៏គួរឲ្យបារម្ភ។ ទីភ្នាក់ងារ​អន្តរជាតិ​នៃថាមពល AIE បញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ៖ “វិបត្តិពិភពលោកនៃថាមពល​ដែលបង្កឡើង​ដោយការលុកលុយ​របស់រុស្ស៊ីទៅលើអ៊ុយក្រែន​បង្កការផ្លាស់ប្តូរដ៏ស៊ីជម្រៅ​ និងរយៈពេលវែង ដែលមានសក្តានុពលបង្កើនល្បឿន​ការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធថាមពល​ដែលកាន់តែមាន​ចីរភាព និងច្បាស់​លាស់”។

លោកហ្វាទីហ ប៊ីរ៉ូល អគ្គនាយក​នៃទីភ្នាក់ងារ AIE បានបញ្ជាក់ថា ៖ “ទីផ្សាថាមពល និងនយោបាយសាធារណៈបាន​ផ្លាស់​ប្តូរ​ចាប់តាំងពី​ការលុកលុយរបស់រុស្ស៊ី​ទៅលើអ៊ុយក្រែន មិនមែនគ្រាន់តែ​សម្រាប់ពេលវេលាបច្ចុប្បនទេ ប៉ុន្តែក៏សម្រាប់ប៉ុន្មានទសវត្ស​ដែលនឹងមកដល់ផងដែរ”។

ទីភ្នាក់ងារអន្តជាតិនៃថាមពល​ បញ្ជាក់ដែរថា នៅខណៈ​ដែលសព្វថ្ងៃប្រទេសខ្លះ ព្យាយាម​បង្កើន​ ឬធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ថាមពលផូស៊ីលដែលជាអ្នកបំភាយឧស្ម័នកាបូនិចខ្លាំងក្លា ប្រទេសជាច្រើនកំពុងតែសិក្សា​​បង្កើនល្បឿនការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ពួកគេ​ឆ្ពោះទៅកាន់ថាមពលស្អាត។

ទីភ្នាក់ងារថាមពលអន្តរជាតិ AIE បញ្ជាក់ថា ការកាត់ផ្តាច់របស់សហភាពអឺរ៉ុបជាមួយនឹងឧស្ម័នរុស្ស៊ី បានមកជាមួយនឹងល្បឿន​ដែលមានមនុស្សតិចធ្លាប់បានគិតថា អាចទៅរួច។ ប្រទេស​រុស្ស៊ីមិនអាចសម្រេចបាន​នូវការដឹកជញ្ជូនឡើងវិញ​ឆ្ពោះទៅកាន់ប្រទេសនានា​នូវ​លំហូរឧស្ម័ន ដែលមានពី។ កម្រិតនៃការនាំចេញ​ឧស្ម័ន និងប្រេងរបស់រុស្ស៊ី នឹងមិនត្រឡប់មកកាន់កម្រិតឆ្នាំ ២០២១ ទេ ហើយផ្នែកនៃទីផ្សារពិភពលោកនៃប្រេង និងឧស្ម័នគឺត្រូវកាត់បន្ថយពាក់កណ្តាលពីពេលនេះរហូតដល់ឆ្នាំ២០៣០។

មានតម្រូវការវិនិយោគដ៏មហិមានៅក្នុងថាមពលស្អាត។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង កម្រិត​ សីតុណ្ហភាពមធ្យមនៅលើពិភពលោក​នឹងកើនឡើង​ប្រមាណ ២,៥ អង្សាសេ ពីពេលនេះរហូតដល់ឆ្នាំ២១០០។ វាគឺនៅឆ្ងាយពីភាពសមល្មមដើម្បីបញ្ចៀសវិបាកខាងអាកាសធាតុធ្ងន់ធ្ងរ។ ទីភ្នាក់ងារថាមពលអន្តរជាតិបញ្ជាក់ថា តម្រូវការកាន់តែកើនឡើង​នៅក្នុងការវិនិយោគដ៏សម្បើមទៅក្នុងថាមពលស្អាត គឺពួកវាត្រូវតែជាថាមពលបៃតង ឬមិនបំភាយឧស្ម័នកាបូនិច ដូចជាថាមពលនុយក្លេអ៊ែរជាដើម ព្រមទាំងការបង្កើនល្បឿនក្នុងវិស័យខ្លះ ដូចថ្ម អេឡិចត្រូនិច (សម្រាប់រថយន្ត) ឬក៏ការផលិតអ៊ីដ្រូវសែន​ក្នុងគោលដៅមិនប្រើប្រាស់​កាបូនសម្រាប់ឧស្សាហកម្មជាដើម។

លោកមហាម៉េដ អាដូយ ស្ថាបនិក និងជានាយកនៃក្រុមពិចារណា អំពីអាកាសធាតុ Power Shift Africa បាននិយាយថា ជាមួយនឹងភាពសម្បូរនៃ​ខ្យល់ ព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញដទៃទៀត ទ្វីបអាហ្វ្រិក​អាចដឹងនាំពិភពលោក​នៅក្នុងផ្លូវផ្លាស់ប្តូរ និងបើកផ្លូវ​ទៅការអធិបតេយ្យភាពថាមពលសកល។

 

Add new comment

2 + 11 =