អាកាសធាតុក្ដៅខ្លាំង វេជ្ជបណ្ឌិតណែនាំឲ្យផឹកទឹក និងផ្លែឈើសម្បូរជាតិទឹកល្អបំផុត

ប្រទេសកម្ពុជាយើងនៅពេលបច្ចុប្បន្ននេះបានទទួលរងអាកាសក្ដៅខ្លាំង ដែលនាំឲ្យកម្ដៅអាចហក់ឡើងពី និងអាចអូសបន្លាយ ពេលរហូតដល់ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧត្តុនិយម។ អាកាសធាតុក្ដៅ ខ្លាំង អាច ធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសស្រ្តីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ ងាយប្រឈមនិងបញ្ហាសុខភាព។

អាកាសធាតុក្ដៅខ្លាំង ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋច្រើន វេជ្ជបណ្ឌិតឯកទេស បានឲ្យដឹងថា នៅ ពេលដែលអាកាសធាតុក្ដៅខ្លាំងបែបនេះ ប្រជាពលរដ្ឋត្រូវពិសារទឹកឲ្យបានច្រើន ពោលគឺមិនមែនចាំទាល់តែពេលស្រេកទឹក ទើបពិសារទឹកនោះទេ តែត្រូវក្រេប ទឹកជានិច្ចដើម្បីបង្រ្គប់ជាតិទឹក ដែលរាងកាយត្រូវការ។ រឹតតែសំខាន់នោះដើម្បីបង្រ្គប់ជាតិទឹកនៅក្នុងខ្លួន ពលរដ្ឋទាំងអស់គួរតែពិសារទឹកដែលសម្បូរទៅដោយសារធាតុរ៉ែ ឬផ្លែឈើណាដែលសម្បូរជាតិទឹកនិងជាតិរ៉ែដូចជាផ្លែដូងជាដើម។

ក្រៅពីបរិភោគ ទឹកនិងផ្លែឈើដែលសម្បូរជាតិទឹក លោកវេជ្ជបណ្ឌិត ប្រាក់ ណារុំ អនុប្រធានគ្លីនិកជាតិ សើស្បែក បានឲ្យដឹងទៀតថា សម្រាប់អ្នកដែលត្រូវនៅក្រោមកម្ដៅថ្ងៃច្រើន គឺត្រូវចែកពេលចូលសម្រាកជ្រកម្លប់ឲ្យបានញឹកញាប់ កុំនៅហាលថ្ងៃទាល់តែស្ងួតញើស ព្រោះអាចបង្កគ្រោះថ្នាក់ដល់សុខភាព រហូតដល់ស្លាប់បាន។

ក្រៅពីការជ្រកម្លប់ រាល់ការចេញដំណើរនៅតាមដងផ្លូវ លោកវេជ្ជបណ្ឌិត បានណែនាំឲ្យពលរដ្ឋជ្រើសរើសសម្លៀកបំពាក់ស្ដើងៗរលុងៗ និងមានដៃវែងជើងវែង ថែមជាមួយព័ណភ្លឺៗ ចៀសវាងស្លៀកសម្លៀកបំពាក់ក្រាស់ៗ ពណ៌ខ្មៅៗ ឬពណ៌ដិតៗខ្លាំង ព្រោះជាប្រភេទពណ៌ស្រូបកម្ដៅថ្ងៃ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។

ប្រសិនបើនៅពេលដែលមានពលរដ្ឋណាដួលសន្លប់ ដោយសារស្ថិតនៅក្រោមកម្ដៅថ្ងៃច្រើននោះ លោកវេជ្ជបណ្ឌិត ខាងលើបានណែនាំ ឲ្យដាក់អ្នកសន្លប់នៅកន្លែងមានម្លប់ខ្យល់ចេញចូល បន្ទាប់មកដោះសម្លៀកបំពាក់របស់គាត់ចេញដើម្បីឲ្យរៀងកាយរបស់គាត់អាចស្រូបយកអុកស៊ីហ្សែនបានគ្រប់គ្រាន់ និងបន្តក់ទឹកម្ដងបន្តិចៗចូលក្នុងមាត់របស់អ្នកសន្លប់ ដើម្បីឲ្យរាងកាយរបស់គាត់ទទួលបានជាតិទឹកឡើងវិញ ទម្រាំរថយន្តសង្រ្គោះមកដល់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមទាក់ទង និងការការពារខ្លួនពីជំងឺផ្សេងៗក្នុងពេលដែលអាកាសធាតុក្ដៅខ្លាំងបែបនេះ ក្រសួងសុខាភិបាលក៏បានដាក់លេខ ទូរស័ព្ទសម្រាប់ពលរដ្ឋ អាចទាក់ទងសួរនាំបន្ថែមបានដោយមិនគិតថ្លែ តាមរយៈលេខ១១៥ បានគ្រប់ពេល៕

 

Add new comment

6 + 7 =