អន្តរជាតិប្រឆាំងនឹងការសាកល្បងអាវុធនុយក្លេអ៊ែរ

ចាប់តាំងពីឆ្នាំ២០០៩ អង្គការសហប្រជាជាតិប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការសាកល្បងអាវុធនុយ​ក្លេអ៊ែរ រៀងរាលថ្ងៃ ២៩ សីហា ដើម្បីពញ្ញាក់រដ្ឋនានា និងសាធារណៈមតិអំពី​បញ្ហា​ក្នុង​ការបញ្ឈប់​ឲ្យ​មាន​ការសាកល្បងគ្រាប់បែក​នុយក្លេអ៊ែរ។

នៅចន្លោះឆ្នាំ១៩៦០ និងឆ្នាំ១៩៦៦ ប្រទេសបារាំងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ១៧ដង នៅ​អាល់ហ្សេរី។ អង្គការក្រៅរដ្ឋាភិបាលនានាបានព្រមានអំពីវត្តមាននៃសំណល់ឆ្លង និងរូបធាតុវិទ្យុសកម្ម​ដែល​កើត​ឡើងបន្ទាប់ពីការសាល្បង។ សំណល់ និងរូបធាតុវិទ្យុសកម្មទាំងនេះ បានធ្លាក់​ចុះ​ទៅ​ក្រោម​ដី​​ប្រទេស​​អាល់ហ្សេរី ហើយពួកវាមិនដែលត្រូវបានសំអាត និងដកយកចេញ​នោះទេ។

មានការសាកល្បងមួយទៀត មានឈ្មោះថា ខាសល់ ប្រាវ៉ូ នៅលើកោះ អាតុល ប៊ីគីនី ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វីក។ ការយល់ដឹងជាអន្តរជាតិបានកើនឡើងយ៉ាងច្បាស់លាស់នៅថ្ងៃទី១ មីនា ឆ្នាំ១៩៥៤ នៅ​ពេល​មានការសាកល្បងអាវុធនុយក្លេអ៊ែរ ដាក់ឈ្មោះថា ខាសល់ ប្រាវ៉ូ។ សហរដ្ឋអាម៉េរិក​បាន​ទម្លាក់​គ្រាប់​​បែកដែលមានកម្លាំង ១៥ ម៉េហ្គាតោន នៅលើកោះ អាតុល ប៊ីគីនី នៅលើឧបទ្វីប ម៉ាសាល់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វីកខាងត្បូង។ គ្រាប់នេះគឺមានថាមពល ១០០ ដង ខ្លាំងជាងគ្រាប់​ដែល​គេ​ទម្លាក់​នៅ​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនកាលសង្រ្គាមលោកលើកទី២ ទៅទៀត។

លោកឡូវ៉ា រីណេល គឺជាទីប្រឹក្សារបស់លោកឡាស៊ីណា ហ្សឺបូ ដែលជាអគ្គលេខាធិការនៃអង្គការ អូតេអ៊ីសេអឺ។ នេះគឺជាអង្គការនៃសន្ធិសញ្ញាហាមឃាត់ទាំងស្រុងនៃការសាកល្បងអាវុធនុយក្លេអ៊ែរ។ លោក​ឡូវ៉ា រីណេល ពន្យល់ថា ៖ “ការសាកល្បងនេះបានផ្តល់ផលវិបាកជាអន្តរជាតិ និងធ្វើឲ្យគេចោទ​សួរ​​អំពីផលវិបាកចំពោះអាយុជីវិតមនុស្សជាតិ និងបរិស្ថាន។ ប្រទេសជាច្រើនរួមមានប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឥណ្ឌា នេរុ បន្ទាប់មកក៏បានក្លាយជាសកម្មជន​ប្រយុទ្ធ​ប្រឆាំង​នឹងការសាកល្បងអាវុធនុយក្លេអ៊ែរ។”

ចាប់តាំងពីឆ្នាំ២០១៣ ការចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរ​ឡើងវិញដោយទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង បានធ្វើឲ្យអង្គការ អូតេអ៊ីសេអឺ នាំមកនូវភាព​ជំនាញ និងមធ្យោបាយ​នៃការ​អង្កេត​របស់​ខ្លួន​មកលើការសាកល្បនេះ។  លោកឡូវ៉ា រីណេល ពន្យល់ថា ៖ “អង្គការ អូតេអ៊ីសេអឺ មាន​មធ្យោបាយ​កំណត់​អត្តសញ្ញាណនៃទីតាំងនៃការសាកល្បងអាវុធ​នុយក្លេអ៊ែរ ការអង្គេតអំពីគុណភាពថាមពល​នៅ​ពេល​សាកល្បង ព្រមទាំងអាចវាយ​តម្លៃ​អំពីកម្រិតបច្ចេកវិជ្ជានៅពេលបន្ទុះគ្រាប់ផងដែរ។  ទោះបីជា​យ៉ាង​ណា ទិន្នន័យដែលទទួលបានក៏មិនអាចឈានទៅដល់ភាពច្បាស់លាស់ ១០០% ដែរ តួយ៉ាង​ការ​សាកល្បងគ្រាប់របស់កូរ៉េខាងជើង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ គេសន្និដ្ឋានថា វាជា​គ្រាប់​បែកអ៊ីដ្រូសែន ជាងជា គ្រាប់បែកនុយក្លេអ៊ែរ... ប៉ុន្តែគ្មានអ្វីច្បាស់លាស់ទេ។ ដើម្បី​កំណត់ និងវិភាគ​ការ​សាកល្បង​នុយក្លេអ៊ែរ អង្គការអូតេអ៊ីសេអឺ ធានាសុវត្ថិភាពរបស់ភពផែនដី​ដោយប្រើប្រាស់ប្រព័ន្ធ​តាម​ដាន​​អន្តរជាតិហៅកាត់ថា អេសៗអាយ។ ប្រព័ន្ធនេះ ផ្សំឡើងដោយស្ថានីយតាមដាន ចំនួន ៣២១ និង មន្ទីរ​ពិសោធន៍ចំនួន ១៦ ដែលមាននៅជុំវិញពិភពលោកទាំងមូល។ បច្ចេកវិទ្យាចំនួន ៤ ដែល​បំពេញ​គ្នា​ត្រូ​វបានរៀបចំរួមមាន ៖ ការតាមដានកម្រិតរញ្ជួយដី អ៊ីដ្រូអាកូស្ទីក អ៊ីនហ្វ្រាសូនិក និង​ការ​អង្កេត​អំពី​វិទ្យុ​សកម្មនុយក្លេអ៊ែរ។

សំណុំទិន្នន័យដែលថតបានដោយស្ថានីយ៍តាមដានត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌលអន្តរជាតិនៃ​ទិន្នន័យនៅទីក្រុងវីយ៉េន ប្រទេសអូទ្រីស្ត។ ព្រឹត្តការណ៍សង្ស័យនីមួយៗជាកម្មវុត្ថុ​នៃការផ្សព្វផ្សាយ​ក្នុង​ព្រឹត្ត​បត្រព័ត៌មានរួចបញ្ជូនទៅកាន់រដ្ឋសមាជិកនៃអង្គការ អូតេអ៊ីសេអឺ។

ការរត់ប្រណាំងសព្វាវុធនុយក្លេអ៊ែរជានិច្ចកាល​មិនមែន​ឆ្ពោះតែទៅរកការធ្វើឲ្យ​មានគ្រាប់បែកដែលមាន​ថាមពល​​ខ្លាំង​ជាងមុននោះទេ។ ប្រទេសជាច្រើន​មានដូចជា​សហរដ្ឋអាម៉េរិក​បានដាក់ចេញនូវគម្រោង​ដើម្បី​ផលិតគ្រាប់បែកតូចៗ ជាងមុន តែវាមានកម្លាំង​ផ្ទុះ​ខ្លាំង​ដែរ គឺមានថាមពលផ្ទុះ​តិចជាងបី​ដង​នៃ​ការ​ផ្ទុះ​នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ប្រភេទ​គ្រាប់​បែក​កម្រិត​នេះ និងការផ្ទុះរបស់ពួកវា មិនអាច​ត្រូវ​បានអង្កេតដឹងដោយអង្គការ អូតេអ៊ីសេអឺនោះទេ។

កន្លងមកប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិបានរៀបចំធ្វើសន្និសីទនៃសន្ធិសញ្ញាហាមឃាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែ ឬ តេអេនប៉េ។ តេអេនប៉េ មានគោលដៅបញ្ចៀសការរីកសាយ​ភាយ​អាវុធនុយក្លេអ៊ែរ និយាយម្យ៉ាងទៀត គឺរារាំងប្រទេសថ្មីៗ ដែលចង់ផលិតអាវុធនេះ។ វាពឹង​ផ្អែក​លើ​ភា្នក់ងារអន្តរជាតិនៃថាមពល​អាតូមិក ឬ អាអ៊ីអឺអា ដើម្បីធានាដំណើរប្រព្រឹត្តទៅនៃការងារនេះ។

 

Add new comment

3 + 0 =