ឡដុតសំរាមរួមរបស់ស្រុកបន្ទាយស្រីត្រូវបានដាក់ដំណើរការសាកល្បងនៅថ្ងៃនេះ

ស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន​ដាក់ដំណើរការសាកល្បងឡដុតសំរាមរួមរបស់ស្រុកជាលើកដំបូងនៅ​ថ្ងៃ​ព្រហស្បតិ៍នេះ  បន្ទាប់​ពី​បាន​តម្លើង​រួច​កាល​ពី​ពេល​ថ្មីៗនេះ។

 

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយមានជ័យ​បាន​ឱ្យ​ដឹង​តាម​រយៈ​បណ្តាញសង្គមថា សំរាមជាច្រើនតោនមកពីគ្រប់ទិសទីនៅក្នុងស្រុកបន្ទាយស្រី ដែលបានកកស្ទះ សេសសល់រាយប៉ាយនៅតាមទីសាធារណៈ នៅក្នុងភូមិ និងតាមដងផ្លូវនានាជាយូរមកហើយ ជាពិសេសសំរាមថ្មីដែលបានបន្សល់ទុកក្រោយថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រមូលយកមកដុតជាលើកទីមួយនៅក្នុងទីលានឡដុតសំរាមថ្នាក់ស្រុក ដែលទើបតែបានតម្លើងរួចកាលពីពេលថ្មីៗនេះនៅក្នុងឃុំរំចេក ក្រោយពីបានហាលសម្ងួត និងញែកយកសំរាមដែលអាចលក់អេតចាយ និងអាចកែច្នៃបានរួចមក។

 

លោក​បាន​លើកឡើង​ថា​៖ «ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីអាចជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួនទៅដាក់ដោយខ្លួនឯងនៅកន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែងនៅតាមភូមិរបស់ខ្លួននីមួយៗ»។

 

លោក ឃឹម ហ្វីណង់ បាន​បញ្ជាក់ថា សេវានេះគឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមានការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវមុននឹងយកមករក្សាទុក រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។

 

ជាមួយនឹងយន្តការថ្មីនេះ ប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន រឺដឹកយកទៅចាក់ចោលតាមដីទំនេរជាអនាធិបតេយ្យទៀតទេ។

 

លោកថ្លែងថា ៖ «នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពនិងគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ»។

 

អភិបាល​ស្រុករូបនេះបានថ្លែងអំណរគុណដល់ប្រជាការពារនៅក្នុងឃុំរំចេក ដែលបានស្ម័គ្រចិត្តជួយប្រ​មូ​ល​ដុតសំរាមចាស់ៗដែលកកស្ទះជាច្រើនតោននេះ។ ក្រោយពីពេលដំណើរការដុតជាប្រចាំថ្ងៃនេះទៅ នឹងមិនមានការរាំងស្ទះដូចពេលនេះទៀតទេ៕

Add new comment

1 + 6 =