សំរាមអេឡិចត្រូនិចបានកើនឡើង ២១% ក្នុងរយៈពេល ៥ឆ្នាំ

កាកសំណល់​អេឡិចត្រូនិច​ជាច្រើន​ត្រូវ​បាន​បោះ​ចោល​ដោយ​គ្មាន​កែច្នៃ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា សំរាមអេឡិចត្រូនិចមានដូចជា​ទូរស័ទ្ទចាស់ៗ កុំព្យូទ័រ ថ្មពិល ម៉ាស៊ីន និងបោកខោអាវ...។ល។ មនុស្សម្នាក់ៗបានផលិត សំរាម​អេឡិចត្រូនិច ៧.៣គីឡូក្រាម នៅឆ្នាំ២០១៩។ ទាំងនេះគឺជាសំរាមដែលពិបាកប្រមូល និង​មិន​សូវ​ត្រូវ​បាន​គេកែច្នៃឡើងវិញ ហើយជាញឹកញាប់ណាស់​ដែលសំរាមអេឡិចត្រូនិចបំពុលបរិស្ថាន។ តើវាគឺជា​កំហុសនរណា? តើគេអាចពន្យឺតនិន្នាការនៃការចោលសំរាមអេឡិចត្រូនិចដែរ​ឬទេ?

មនុស្សជាតិបានផលិត សំរាមអេឡិចត្រូនិច ៥៣.៦លានតោន នៅឆ្នាំ២០១៩។ សំរាមទូរស័ព្ទចាស់ៗ ឧបករណ៍អេឡិចត្រូនិចប្រើប្រាស់រួច និងពួកអាគុយ បានរីកដុះដាលកកើតជាភ្នំ។ សំរាមទាំងនេះ​នឹង​កើនឡើង ២១%ទៀត ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ហើយនៅឆ្នាំ២០៣០ សំរាមអេឡិចត្រូនិច​អាច​ឈាន​​ដល់ ៧៤លាន តោន។ អឺរ៉ុបបានឡើងឈនៅចំណាត់ថ្នាក់លើគេ។ មនុស្សម្នាក់ ក្នុងមួយឆ្នាំ បានចោល​សំរាមអេឡិចត្រូនិច ១៦.២ គីឡូក្រាម។ តាមពីក្រោយដោយទ្វីបអូសេអានី មនុស្សម្នាក់​ក្នុង​មួយ​ឆ្នាំ ចោលសំរាមអេឡិចត្រូនិច ១៦.១ គីឡូក្រាម។ រីឯទ្វីបអាម៉េរិក មនុស្សម្នាក់ចោល​សំរាម​អេឡិចត្រូ​និច ១៣.៣ គីឡូក្រាម ក្នុង ១ឆ្នាំ។

ឧបរណ៍អគ្គីសនីតែងតែមានច្រើនជានិច្ច។ ទំហំនៃសំរាមឧបករណ៍អគ្គីសនី និងអេឡិចត្រូនិច កើន​ឡើង​ក្នុងរបៀប​ធំធេងបែបនេះ ដោយសារមានហេតុផល​បីសំខាន់ៗ។ ទីមួយ​មានកំណើនដ៏ខ្លាំងក្លា​នៃ​ការ​ប្រើប្រាស់ឧបករណ៍អគ្គីសនី និងអេឡិចត្រូនិច ទីពីរ ការផលិតសម្ភារៈថ្មីកាន់តែលឿនឡើងៗ និង​ចុងក្រោយ គឺអត្រា​ដ៏ទាបនៃការ​ជួសជុលប្រើប្រាស់ឡើងវិញ។

ចំនួនទូរស័ព្ទទំនើប ដែលត្រូវបានចេញលក់ជារៀងរាល់​ឆ្នាំ បាន​កើន​ឡើងគុណ​នឹង ១២ បើប្រៀបធៀប​នឹង​កាលពី ១០ឆ្នាំមុន។ យោងតាមក្រសួងអន្តរកាលបរិស្ថាន និងសាមគ្គីភាពបារាំង បានឲ្យដឹងថា នៅប្រទេសបារាំង គ្រួសារមួយ ជាមធ្យម មាន ៩៩ ប្រភេទឧបករណ៍អគ្គីសនី និងអេឡិចត្រូនិច។ ហើយមានតែ ៣៨% ក្នុងចំណោមពួកវាត្រូវបានជួសជុលប្រើប្រាស់ឡើងវិញ ប្រសិនបើវាខូច។

សំរាមអេឡិចត្រូនិចបានមកពីឥរិយាបទដែលគេខ្ជះខ្ជាយខ្លាំង។ ចំពោះសំរាម​អេឡិចត្រនិច ៥៣.៦ លាន​តោន ដែលត្រូវបង្កើតនៅឆ្នាំ២០១៩ មានតែ ៩.៣លានតោនប៉ុណ្ណោះ ដែលត្រូវបានប្រមូល និង​កែច្នៃ​ឡើងវិញ ឬប្រមាណជា ១៧.៤%។ នៅទ្វីបអឺរ៉ុប តួលេខមានច្រើន​សម្រាប់ការកែច្នៃឡើងវិញ គឺ​មាន ៤២.៥%។ ប៉ុន្តែនៅប្រទេសកំពុងអភិវឌ្ឍ ដោយមិនមានទម្រង់បែបបទបញត្តិគ្រប់គ្រងសំរាម ត្រឹមត្រូវ ភាគច្រើនដ៏មហិមានៃឧបករណ៍ដែលប្រើប្រាស់រួចហើយត្រូវបានគេដុតចោល យកទៅកប់ ឬ​បោះចោល​នៅទីលានចាក់សំរាម។

នៅទ្វីបអាហ្វ្រិក អត្រានៃការប្រមូលសំរាម និងការកែច្នៃឡើងវិញ មិនបានកើនហួសពី...០.៩% ទេ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជា​ជាតិបានឲ្យដឹងថា ភ្នំសំរាមដែលមានដូចជា​ទូរស័ព្ទ​ទំនើប កុំព្យូទ័រ ឧបករណ៍ថតរូប ថ្មពិល កុង់ដង់ អាគុយ អាចមានដល់ ៦៩ប្រភេទ​ ខុសៗគ្នា។ ឧបករណ៍​ទាំង​នោះផ្សំឡើងដោយលោហៈមានតម្លៃ ដូចជា ប្រាក់ និងផ្លាទីន សម្ភារៈគ្រោះថ្នាក់ មាន​ដូច​ជា ទង់ដែង សីង្កសី និងសារធាតុដទៃទៀត ដែលអាចយកមកប្រើបាន ដូចជា ដែក និង​អាលុយមីញូមជាដើម។

សំរាមទាំងនេះ អាចជាវត្ថុធាតុដើម ២៥លានតោន ដែលមានតម្លៃប្រមាណជា ៥៧ពាន់​លានដុល្លារ ត្រូវ​បាន​គេ​ដុតចោល ឬកប់ចោលនៅទីលានចាក់សំរាម។

សំរាមអេឡិចត្រូនិចមានការបំពុលយឺតៗ ដែលនឹង​ផ្តល់គុណវិបត្តិយ៉ាង​ធ្ងន់ធ្ងរដល់សុខភាព។ លោហៈ​ធ្ងន់ និងសារធាតុពុលផ្សេងៗ នឹងទៅបំពុលដល់ស្ទឹងទន្លេ និងសំណុំសង្វាក់ចំណីអាហារទាំងមូល។ សំណជាង ៥០តោន និង៧១០០០តោននៃប្លាស្ទីកក្រឆេះ ហូរចូលទៅក្នុងធម្មជាតិជារៀងរាល់ឆ្នាំ។ វាស្មើនឹង ៩៨លានតោន នៃកាបូនឌីអុកស៊ីតបង្កក ដែលនឹងត្រូវសាយភាយទៅក្នុងបរិយាកាស ឬស្មើនឹង​ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសប៊ែលហ្ស៊ីកជារៀងរាល់ឆ្នាំ៕

Add new comment

1 + 7 =