សត្វរមាំង​ចំនួន​៤ក្បាលដែល​ជាសត្វកម្រ​ត្រូវ​បាន​រកឃើញ​តាម​រយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្តក្នុងដែនជម្រកសត្វព្រៃសំបូរខេត្តក្រចេះ

អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាពសត្វរមាំង (Rucervus eldii) ចំនួនបួនក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ។

 

សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។

 

សេចក្តីប្រកាសព័ត៌មាន​របស់​អង្គការWWFនៅ​ថ្ងៃព្រហស្បតិ៍ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០នេះ បាន​ឱ្យ​ដឹងថា ក្រុមអ្នកអភិរក្សបានបង្ហាញក្តីរំភើបរីករាយខណៈពួកគេកំពុងពិនិត្យមើលរូបភាពដ៏កម្រនៃវត្តមានរបស់សត្វរមាំងញីពេញវ័យចំនួនបីក្បាល និងរមាំងជំទង់មួយក្បាល កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងចំណោមរូបថតសរុបចំនួន ១.៧១០ សន្លឹក ថតបានក្នុងចន្លោះខែសីហាដល់ខែកញ្ញានេះ ដោយការពង្រាយម៉ាស៊ីនថតរូបស្វ័យប្រវិត្តនៅតាមទីតាំងផ្សេងៗគ្នាក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា។

 

អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះប្រចាំតំបន់មេគង្គនៃអង្គការWWF លោក អៀម សំអ៊ន់ បានថ្លែងដោយស្នាមញញឹមថា យើងទាំងអស់គ្នាពិតជារំភើបរីករាយខ្លាំងណាស់ដែលបានកត់ត្រាទុកនូវវត្តមានរបស់សត្វរមាំងទាំងនេះ។

 

ការស្រាវជ្រាវនិងតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនេះជាកិច្ចសហការរួមគ្នាដោយក្រុមអ្នកស្រាវជ្រាវនិងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ សហគមន៍ព្រៃឈើ បុគ្គលិកអង្គការWWF និងសមាជិកក្រុមល្បាតសហគមន៍ ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ WWF-ប៊ែលហ្សិក និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)។ អ្នកវិទ្យាសាស្ត្រនៃអង្គការWWF បានពិពណ៌នាការផ្តិតរូបភាពរបស់សត្វរមាំងបានម៉ាស៊ីនថតស្វ័យប្រវត្តិនេះថាជារបកគំហើញដ៏សំខាន់មួយសម្រាប់ការអភិរក្សក្នុងតំបន់ទេសភាពមេគង្គ។

 

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ផងដែរថា៖ «រូបភាពដ៏កម្រនៃសត្វរមាំងទាំងនេះជាភ័ស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងផលនៃកិច្ចការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្សរបស់យើង ហើយដែលនាំមកនូវក្តីសង្ឃឹមក្នុងការការពារប្រភេទសត្វនេះទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់»។

 

ក្រៅពីសត្វរមាំង ម៉ាស៊ីនថតស្វ័យប្រវិត្តក៏ផ្តិតបាននូវរូបភាពសត្វឈ្លូស ជ្រូកព្រៃ សំពោចវល្លិ៍ សំពោចក្រអូប ព្រមទាំងប្រភេទសត្វបក្សីមាឌធំសំខាន់ៗមួយចំនួនទៀត ដូចជាសត្វក្ងោកបៃតង និងត្រដក់តូចជាដើម។

 

របាយការណ៍ស្តីពីប្រភេទសត្វទទួលរងការគំរាមកំហែងដែលបានចេញផ្សាយដោយអង្គការ IUCN ក្នុងឆ្នាំ២០១៥ បានបង្ហាញថាចំនួនសត្វរមាំងមាននៅរាយប៉ាយក្នុងសកលលោក ហើយគេបាន ប៉ាន់ប្រមាណថា សត្វនេះមានចំនួនតិចជាង ៧០០ ក្បាល  ហើយក្នុងនោះ ចំនួនសត្វរមាំងមាននៅសេសសល់តិចតួចប៉ុណ្ណោះ កំពុងរស់នៅក្នុងតំបន់ព្រៃការពារនានាក្នុងប្រទេសកម្ពុជា។ អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ដើម្បីគាំទ្រការគ្រប់គ្រងដែនជម្រកសត្វព្រៃសំបូរ ដែលនៅទីនោះ ការបាត់បង់ទីជម្រក និងការបរបាញ់សត្វព្រៃសម្រាប់យកសាច់ និងសម្រាប់ការជួញដូរសុទ្ធសឹងជាកត្តាគំរាមកំហែងចំបងៗ ទៅលើធនធានធម្មជាតិ និងការរស់រានរបស់សត្វព្រៃ។

 

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបាន​ថ្លែងនៅ​ថ្ងៃនេះ​ដែរថា  ក្រសួងបរិស្ថានពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាងចំពោះការរកឃើញវត្តមានសត្វរមាំង (Rucervus eldii) ចំនួនបួនក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ។

 

លោកថា សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។

 

លោក នេត្រ ភត្រាបាន​មានប្រសាសន៍ថា​៖ «វត្តមាននៃសត្វរមាំងដែលជា ប្រភេទសត្វកម្រនៅលើពិភពលោកនេះក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បានបញ្ជាក់ថាពីប្រសិទ្ធភាពនៃការ ការពារនិងអភិរក្ស និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិជាពិសេសការបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយសហការជាមួយសហគមន៍តំបន់ការពារធម្ម ជាតិរួមនឹងអង្គការដៃគូបានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋចូលរួម ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិសត្វព្រៃឱ្យបានគង់វង្ស»។

 

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វរមាំងទាំងនេះដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

 

លោក នេត្រ ភត្រាថា ក្រសួងបរិស្ថានរួមនឹងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តអនុវត្តវិធានការពារនិងអភិរក្សតំបន់ការពារធម្មជាតិដែលខ្លួនគ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវនិងចាត់វិធានការលើរាល់បទល្មើសធនធានធម្មជាតិដែលបានកើតឡើង។

 

របាយការណ៍របស់​ក្រសួងបរិស្ថានបាន​បង្ហាញថា ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន១៣៨០៤លើក និងបានបង្ក្រាបបទល្មើសបាន៣៦៨៩ករណី ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន៣២៩ករណី រឹបអូសរណាយន្តបានចំនួន២៥៧៨ គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន៤៣៣ករណី។

 

ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗនៅតែកើតមានដែល សមត្ដិកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្តបង្ក្រាបនិងទប់ស្កាត់បន្តទៀត។

 

ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក។ សន្ទស្សន៍ជីវៈចម្រុះ (Biodiversity Index) ក្នុងប្រទេសកម្ពុជា គឺទទួលបានពិន្ទុ៧.៥ (MacKinnon, ១៩៩៧) ទោះបីជាយ៉ាងណាក៏ដោយ ពិន្ទុអាចបានខ្ពស់ជាងនេះ អាស្រ័យទៅលើការសិក្សាស្រាវជ្រាវ។ ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ  (vascular plants) ២៣០៨ប្រភេទ  ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ៕

Add new comment

13 + 1 =