រុស្ស៊ីធ្វើសមយុទ្ធយោធាក្បែឆ្នេរសហរដ្ឋអាម៉េរិក

ប្រទេសរុស្សីបានធ្វើសមយុទ្ធយោធាមួយ ដែលមានការចូលរួមពីនាវាចម្បាំងប្រមាណជាង​ ៤០គ្រឿង និង​យន្តហោះ​ប្រយុទ្ធជាង ៤០គ្រឿងទៀត។ នេះគឺជាសមយុទ្ធយោធាដ៏​ធំមួយដែលរៀបចំធ្វើឡើង​នៅ​ក្បែ​ឆ្នេរ​រដ្ឋ​អាឡាស្ការ ​សហរដ្ឋ​អាម៉េរិក កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។ ប្រទេស​រុស្សី​ធ្វើ​សមយុទ្ធ​យោធា​នេះគឺ​ដើម្បី​ចង់​បញ្ជាក់​អំពី​វត្តមានរបស់ខ្លួននៅមហាសមុទ្រអាកទិច។ កន្លងមក​រុស្សី​តែងចង់​បាន​​ធនធាន​ធម្មជាតិ​នៅក្នុងតំបន់មហាសមុទ្រអាកទិចនេះ។

ប្រទេសរុស្សីបានបង្ហាញកម្លាំងរបស់ខ្លួននៅពីមុខមាត់ទ្វារផ្ទះរបស់សហរដ្ឋអាម៉េរិកតែម្តង។ កាល​ពីចុង​សប្តាហ៍​មុន នាវារុស្សីបានដឹកនាំសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំនៅច្រកសមុទ្រ បេរីង គឺនៅក្បែរ​ឆ្នេរ​រដ្ឋ​អាឡាស្កា សហរដ្ឋអាម៉េរិកតែម្តង។ កងនាវាចម្បាំងដែលដឹកនាំដោយឧត្តម​នាវាឯក​ នីកូឡៃ យែវមឺនូវ បានរក្សាកម្លាំងសមយុទ្ធ​របស់ខ្លួននៅក្នុងដែនទឹកអន្តរជាតិ ដើម្បីបញ្ជៀស​នូវហានិភ័យ​ណា​មួយ​ដែលអាចនឹងប៉ះ​ទង្គិចនឹងការឆ្លើយតបប្រឈមមុខ​ជាមួយនឹងកងទ័ពអាម៉េរិក។​

ដើម្បី​បង្ហាញអំពីកម្រិតខ្ពស់នៃបច្ចេកវិទ្យា និងយោធារបស់ខ្លួន ប្រទេសរុស្សី បានបញ្ជូន​នាវា​សង្គ្រាម​ជាង៥០ និងយន្តហោះចម្បាំងប្រមាណជា ៤០គ្រឿងទៀត បើកបរ ​និងហោះល្បាត នៅមហាសមុទ្រ​ទឹកកក​អាកទិច។ លោកឧត្តមនាវាឯករុស្ស៊ី នីកូឡៃ យែវមឺនូវ បង្ហាញនូវអានុភាពដ៏ធំធេងរបស់​កងទ័ព​រុស្ស៊ី។ លោកឧត្តម​នាវាឯក​ នីកូឡៃ យែវមឺនូវ បានប្រកាសថា ៖ “យើងដឹកនាំធ្វើសមយុទ្ធយោធា​នៅ​ក្នុង​តំបន់នេះគឺដើម្បីបង្ហាញថា យើង​មានសមត្ថភាពគ្រប់គ្រាន់នឹងធានាអះអាង​កិច្ចការពារ​លើធនធាន​ធម្មជាតិរបស់​យើងនៅក្នុង​តំបន់អាកទិច។

ចំណែកលោកប្រធានាធិបតីរបស់រុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានសន្និដ្ឋានថា នៅលើភព​ផែនដី​​តំបន់​អាកទិច​នេះ មានផ្ទុកនៅខាងក្នុងនូវធនធានធម្មជាតិដែលមានតម្លៃរហូតដល់រាប់ពាន់​ពាន់លាន​ដុល្លារ។ មកទល់​នឹងពេលនេះ ប្រទេសរុស្ស៊ីបានទាមទារមួយផ្នែកដ៏ធំនៃដែនដី​តំបន់មហាសមុទ្រ​អាកទិច​​យក​​មក​ធ្វើ​ជាកម្មសិទ្ធ​នៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

នៅក្នុងសមយុទ្ធនេះក៏មានពង្រាយនូវនាវាមុជទឹកដែលមានសមត្ថភាពបាញ់មីស៊ីលផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ផងដែរ។ នៅក្នុងកងនាវាចម្បាំងរុស្ស៊ី យោធាអាម៉េរិកាំង​ក៏បាន​អង្កេត​ឃើញ​មាន​វត្តមាន​នាវា​មុជទឹក ដែលមានសមត្ថភាពបាញ់​មីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។ នាវាមុជទឹកនេះ​មាន​ឈ្មោះ​ថា អូមក៍។ នាវានេះ​ត្រូវបានគេស្ថាបនាឡើងកាលពីសម័យអតីតសហភាពសូវៀត។ នាវានេះ​គឺ​ជា​ផ្នែកនៅក្នុង​ចំណាត់ថ្នាក់អូស្ការធូ ដែលប្រកបដោយសក្តានុពលផងដែរ។ វាត្រូវបានស្ថាបនាឡើង​ជាពិសេស​ដោយមានសមត្ថភាពធ្វើដំណើរ​រាប់ពាន់គីឡូម៉ែត្រនៅក្រោមទឹកកក​ ដោយសារ​តែវា​មាន​ម៉ាស៊ីន​រ៉េអាក់ទ័រនុយក្លេអ៊ែរធំៗពីរជាអ្នកជំរុញ។  នាវាមុជទឹកសង្រ្គាមនេះមាន​សមត្ថភាពនឹង​មុជ​ទឹកក​រហូត​ដល់ជម្រៅពី៤០០ ទៅ ៥០០ម៉ែត្រ។ វាមានបណ្តោយ១៥៤ម៉ែត្រ និងទទឹង ១៨ម៉ែត្រ។ នាវា​មុជ​ទឹក​នេះអាចមានសមត្ថភាពផ្ទុក​មីស៊ីលប្រភេទ ហ្រ្គានីត ភី ៧០០ ចំនួនរហូតទៅដល់ ២៤គ្រាប់។ វា​គឺ​ជា​អាវុធចម្បាំងពិសេសសម្រាប់កំទេចនាវាចម្បាំងគូសត្រូវ។ មីស៊ីលនេះអាចធ្វើដំណើរ​បានចន្លោះ​ពី​២០០គីឡូម៉ែត្រ ទៅ ៦៥០គីឡូម៉ែត្រជាមួយនឹងល្បឿនដ៏លឿនអស្ចារ្យគឺ ១៨៥០គីឡូម៉ែត្រក្នុង​មួយ​ម៉ោង​​មុននឹង​បុក​កំទេចគោលដៅរបស់ខ្លួន។

ទោះបីជាយ៉ាងណា នៅជ្រុងម្ខាងទៀត ទាហានអាម៉េរិកក៏​បានតាមដាន​ជាប់ជានិច្ច​រៀងរាល់​វិនាទី​នូវ​ចលនា​កងនាវារុស្ស៊ីក្នុងអំឡុង​ពេញមួយរយៈនៃការធ្វើសមយុទ្ធ។

បើយោងតាមគេហទំព័រ Military Times បានឲ្យដឹងថា ទាហានអាម៉េរិកក៏បានពង្រាយយន្ត​ហោះ​ចម្បាំង​ឈ្លបការណ៍ប្រភេទ F-22 ដើម្បីតាមដានយន្តហោះឈ្លបការណ៍រុស្ស៊ី​ដែលបានខិតមក​ជិត​យ៉ាង​​កៀក​នឹង​ឆ្នេរនៃរដ្ឋអាឡាស្កា។

សមយុទ្ធយោធានេះ បានធ្វើឡើងស្របពេលនឹងការឡើងកម្តៅរវាងយោធារវាងឥណ្ឌា និងចិន ដែលប៉ះ​ទង្គិច​គ្នាមួយប្រាវក្នុងជម្លោះព្រំដែន និងភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិន​នៅសមុទ្រ​ចិនខាង​ត្បូងផងដែរ។

 

 

Add new comment

1 + 4 =