យុទ្ធនាការ «តោះនិយាយពីការទុកដាក់សំរាម»​ ប្រកាសជាផ្លូវការ

ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្ស ទូទាំងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការនូវ យុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម»។ យុទ្ធនាការនេះ ឧបត្ថម្ភដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងគោលបំណងលើកទឹកចិត្ត ប្រជាជន កម្ពុជាឱ្យ បញ្ឈប់ការចោលសំរាម មិនត្រឹមត្រូវ បញ្ឈប់ការដុត សំណល់ប្លាស្ទិក និងកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក។

យោងសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា RVAKhmer ទទួលបាននៅល្ងាចថ្ងៃទី ១១ ខែមីនា បញ្ជាក់ថា គម្រោងអនាគតបៃតងUSAID បានដឹកនាំយុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម» ដោយលើក ទឹកចិត្ត ប្រជាជនកម្ពុជា ឱ្យផ្លាស់ប្តូរឥរិយាបថ និងសកម្មភាព ឆ្ពោះទៅរកក្នុងការទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ។ យុទ្ធនាការនេះនឹង ចែកចាយខ្លឹមសារនិងសារគន្លឹះតាមរយៈប្រព័ន្ធ អនឡាញ និង ផ្តល់ព័ត៌មាន វិទ្យាសាស្ត្រ ស្តីពីផលប៉ះពាល់នៃការចោលសំរាម ក៏ដូចជាផ្តល់ជូននូវវិធីសាស្រ្តក្នុងការ គ្រប់គ្រងសំរាមនិងសំណល់។ យុទ្ធនាការនេះ នឹងសហការយ៉ាងជិតស្និទ្ធជាមួយយុវជនដែលជា «យុវជនបៃតងឆ្នើម» ដើម្បីធ្វើជាគំរូ ក្នុងការផ្លាស់ប្តូរឥរិយាបថនិងការអនុវត្ត ប្រកបដោយជោគជ័យ។

លោកស្រី Hanh Nguyen នាយិកាស្តីទី ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថា «រយៈពេលជាង១០ឆ្នាំមកនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID បានចូលរួមជាថរិកា ១០០លានដុល្លាអាមេរិក ក្នុងការអភិរក្ស​ ការពារបរិស្ថាន និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។ យើងមានសេចក្តីរីករាយក្នុងការពង្រីកវិសាលភាពការងាររបស់យើង​ ដើម្បីដោះស្រាយបញ្ហាសំរាម។ ការចោលសំរាមមិនត្រឹមត្រូវ គឺជាបញ្ហាដែលកើតមានគ្រប់ទីកន្លែង រាប់ទាំងនៅសហរដ្ឋអាមេរិកផងដែរ ដែលយើងបានចំណាយថវិកាប្រហែល ១១.៥ ពាន់លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ ក្នុងការសម្អាតសំរាម។ បន្ថែមពីលើការចំណាយក្នុងការប្រមូល សម្អាតសំរាម សំរាមក៏ប៉ះពាល់ដល់បរិស្ថាន តម្លៃអចលនទ្រព្យ សុខភាពមនុស្ស និង សកម្មភាព សេដ្ឋកិច្ចផ្សេងទៀត ផងដែរ»។ លោកស្រីបានបន្ថែម ទៀតថា «បុគ្គលគ្រប់រូប មានតួនាទីសំខាន់ក្នុងការកាត់បន្ថយ ផលប៉ះពាល់ អវិជ្ជមាន ពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ។ ខ្ញុំលើកទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ ឱ្យនិយាយជាមួយ មិត្តភក្តិនិង សមាជិក គ្រួសាររបស់ខ្លួន និងធ្វើជាគំរូក្នុងការកាត់បន្ថយ ចំនួនសំរាមដែលយើងបង្កើត»។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ប្រជាជនកម្ពុជា  គ្រប់ៗរូប មានភារកិច្ចរួមមួយ ក្នុងគាំពារបរិស្ថានដើម្បីការរស់នៅស្អាត ភូមិឋានស្អាតសោភ័ណភាពទីក្រុង និងសុខភាពយើងទាំងអស់គ្នា។ ក្រសួងបរិសា្ថន អំពាវនាវឱ្យប្រជាជនទាំងអស់ បញ្ឈប់ការចោលសំរាមដោយមិនត្រឹមត្រូវ។ យើងទទូចឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស ទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ ក្នុងធុងសំរាម និងចូលរួម ក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងវិធានការគ្រប់គ្រងសំរាមឱ្យមានប្រសិទ្ធិភាព ដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានសំរាម»។

ឯកឧត្តម គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ បានមានប្រសាសន៍ថា «កម្មវិធីដែលរៀបចំដោយក្រុមការងារ គម្រោងអនាគតបៃតងកម្ពុជាUSAID​ និងក្រុមយុវជន   ស័្មគ្រចិត្តបៃតង នៅល្ងាចនេះ គឺបានផ្សារភ្ជាប់ទៅនឹងកម្មវិធីបង្កើនចំណេះដឹងសាធារណៈ តាមរយៈការតាំងពិព័រពណ៍    បញ្ចំងវីដេអូអំពីយុទ្ធនាការ ការសម្តែងមានដូចជា ការច្រៀង ការសម្តែងចម្រៀងជាក្រុម ការសម្តែងល្ខោនយី​កេ ជាដើម សុទ្ធតែជាសកម្មភាពផ្សារភា្ជប់នឹងការលើកកម្ពស់អនាម័យបរិសា្ថន ដែលមិនគ្រាន់​តែជាសកម្មភាពទស្ស​នា និងកំសាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែ វាជាសារមួយ​​​សម្រាប់​​​​បញ្ជ្រាប​ការ​យល់ដឹង​អំពីសារៈប្រយោ​ជន៍ នៃការគ្រប់គ្រង និងការ​ទុកដាក់​សំណល់​ឱ្យបានត្រឹមត្រូវទៅដល់សាធារណៈ​ជនគ្រប់ស្រទាប់ និងបង្ហាញ​​​​​ដល់យុវជនទាំង​អស់ និងប្រជាពល​រដ្ឋទូទៅ អំពីការ​មិនបោះសំរាមសំណល់រឹងចោលផ្ដេស​ផ្ដាស ការញែកសំរាម ការកាត់​បន្ថយការ    ប្រើប្រាស់ថង់ប្លាស្ទិក ការថែរក្សាបរិស្ថាន និងការធើ្វឱ្យទីក្រុងមានភាពបៃតង ស្រស់​ស្អាត និង​មានផាសុកភាពក្នុងការរស់នៅរបស់យើងគ្រប់គ្នា»។

ដៃគូយុទ្ធនាការរួមមាន ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ក្រុមយុវជន ដៃគូអភិរក្ស និងវិស័យឯកជន។ អ្នកដឹកនាំឧស្សាហកម្មធំៗ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់យុទ្ធនាការនេះ រួមមាន ក្រុមហ៊ុន HEINEKEN Cambodia, Coca Cola Cambodia, Mekhala Radiant Communications, Unilever Cambodia, Nham24 និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា៕

 

Add new comment

9 + 8 =