មនុស្ស ៧២នាក់ស្លាប់ នៅអាហ្គានីស្ថាន ដោយសារតែទីក្រុងមួយរងការវាយប្រហារពីទឹកជំនន់ផ្លេកបន្ទោរ

នៅប្រទេសអាហ្គានីស្ថាន នៅទីក្រុង ចារីកា នៅភាគខាងជើងរដ្ឋធានីកាបូល មានមនុស្ស​ច្រើន​ជាង ១០០នាក់ រងរបួស បន្ទាប់ពីមហន្តរាយកើតភ្លាមៗ កាលពីថ្ងៃទី២៥ សីហា ឆ្នាំ​២០២០។ ទីរួមខេត្តប៉ាក់វ៉ាន់ ដែលមានចំងាយ ៦០គីឡូម៉ែត្រពីរដ្ឋធានីកាបូល នៅសល់​តែ​គំនរ​ថ្មផ្ទះដែលត្រូវបានបំផ្លាញនៅក្នុងមហន្តរាយ។  

លោកវ៉ៃដា សាកា ដែលជាអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ាក់វ៉ាន បាននិយាយថា ៖ “ប្រមាណ​ជា​ម៉ោង ៩យប់ ទឹកជំនន់ដូចផ្លេកបន្ទោរបានកើតមានឡើងដោយសារការធ្លាក់​ភ្លៀងសន្ធាប់​ខ្លាំងនៅទីក្រុងចារីកា។ ទឹកកជំនន់នេះបានធ្វើឲ្យមនុស្សស្លាប់ ៧២នាក់ និងរងរបួសជាង ១០០​នាក់ផ្សេងទៀត។

ការសរុបការខូចខាតនៅតែបន្តកើនឡើង។ លោកម៉ូហាម៉េត កាស៊ីម ដែលជាកសិករអាយុ ៤៥ឆ្នាំ បានបាត់បង់សមាជិកគ្រួសារចំនួន ១១នាក់។ លោកគឺជាបុរសម្នាក់មានប្រពន្ធបី និងកូន ​៧នាក់។ លោកម៉ូហាម៉េត កាស៊ីម បានបំភ្លឺទៅកាន់ទីសារព័ត៌មានបារាំងថា ៖ “នៅ​យប់​នោះខ្ញុំបានហៅពួកគេ។ ប៉ុន្តែទូរស័ព្ទត្រូវបានបិទ។ ខ្ញុំបានហៅទៅកាន់អ្នកជិតខាង។ ពួកគេ​ឆ្លើយតបថា ផ្ទះរបស់ពួកគេក៏ត្រូវបានបំផ្លាញអស់ហើយដែរ។ ចំណែកនៅក្នុង​សំណល់​​បាក់បែក​នៃផ្ទះប្អូនស្រីលោក​ លោកបានរកឃើញសាកសពបី។ អ្នកស្រីហាមីដា អាយុ ៧០ឆ្នាំ និយាយថា អ្នកស្រីបានតោងជាប់បង្អួចផ្ទះរយៈពេល ២ ម៉ោង នៅ​ពេល​ទឹក​ឡើង មុនពេលដែលអ្នកស្រី​ត្រូវបានអ្នកជិតខាងជួយសង្រ្គោះ។ អ្នកស្រីហាមីដា និយាយថា ៖ “ខ្ញុំបាត់បង់អ្វីៗទាំងអស់ គ្រឿងអលង្ការ លុយ និងអ្វីៗ ដែលខ្ញុំមាន”។

អ្នកជួយសង្រ្គោះ ដែលប្រើប្រាស់អេស្កាវ៉ាទ័រកាយដី បានបន្តកាយ​ជីកគំនរបាក់បែក នៅ​ក្រោម​ភ្នែកប្រជាជនជាង ១០នាក់ ឈរមើល។ លោកតាមីម អាស៊ីមី ដែលជាអ្នកនាំពាក្យ​នៃ​ក្រសួង​គ្រប់គ្រងគ្រោះមហន្តរាយ បានរាយការណ៍ថា ៖ “យើងបានទទួលសញ្ញាពីមនុស្ស​ដែល​ជាប់នៅក្នុងគំនរបាក់បែក​ជាប់ជានិច្ច។ ហើយសរុបចំនួនអ្នកស្លាប់នៅបន្តកើនឡើង”។

លោកអាប់ឌុល ម៉ាជីត ប្រជាជនទីក្រុងចារីកា បានបញ្ជាក់ថា ៖ “យើងមាន​ពីរ​គ្រួសារ​នៅ​ក្នុង​សង្កាត់របស់យើងដែលកំពុងជាប់នៅក្នុងគំនរបាក់បែក។” លោកអាប់ឌុល ម៉ាជីត និយាយ​បន្ថែមថា ៖ “យើងត្រូវការអ្នកជួយសង្រ្គោះមកបន្ថែមទៀត”។ លោកអាលស្រាហ្វ ហ្គានី ដែលជាអ្នក​ដឹកនាំតំបន់ បានបញ្ជាឲ្យបញ្ជូនជំនួយសង្រ្គោះ​បន្ទាន់ទៅកាន់ទីក្រុង​ចារីកា។  យោងតាមលោកអាប់ឌុល កាស៊ីម សង់ហ្សីន នាយកមន្ទីរពេទ្យតំបន់ បាន​ឲ្យ​ដឹង​ថា សាកសព ១៧នាក់ និងអ្នករបួសប្រមាណ ៤០នាក់ ដែលភាគច្រើន គឺជាស្រ្តី និងកុមារ បានត្រូវគេបញ្ជូនមកកាន់មន្ទីរពេទ្យនៃខេត្តប៉ាកវ៉ាន់។ ចំណែកនៅលើបណ្តាញសង្គម មាន​វីដេអូ​ជាច្រើនដែលបង្ហាញអំពីប្រជាជននៅទីក្រុងចារីកា ដែលអំពាវនាវរកជំនួយ នៅខណៈ​ដែល​អ្នកខ្លះទិញក្តាមមឈូសដើម្បីបញ្ចុះសាកសពសាច់ញាតិរបស់ពួកគេ។

មហន្តរាយ ដែលបណ្តាលមកពីទឹកជំនន់កើតឡើងញឹកញាប់ណាស់នៅក្នុងប្រទេសនេះ ជាពិសេសនៅតំបន់ជនបទក្រីក្រ ដែលមានផ្ទះជារឿយៗសាងសង់មិនរឹងមាំ និងសង់​លើ​តំបន់ដែលមានហានិភ័យខ្ពស់។ ការជួយសង្រ្គោះ និងការដឹកនាំជំនួយ​បន្ទាប់ពីមហន្តរាយ​ធម្មជាតិ ជាពិសេសនៅតំបន់ដាច់ស្រយាល ជារឿយៗត្រូវបានរាំងស្ទះដោយ​កង្វះ​ខាតមធ្យោបាយ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលជួបភាពក្រីក្រ ៤០ឆ្នាំ មកហើយ​ដោយសារសង្រ្គាម។

ជាច្រើនសប្តាហ៍មកហើយ ដែលយ៉ាងហោចណាស់មានកុមារ ១៥នាក់ និងស្រ្តីម្នាក់ត្រូវ​បាន​គេរកឃើញស្លាប់ និងផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញដោយទឹកជំនន់ផ្លេកបន្ទោរផងដែរ​ដែលកើតមានឡើងនៅក្នុងភូមិមួយនៃខេត្តណង់ហ្គាហា នៅភាគខាងកើតប្រទេស អាហ្គានីស្ថាន។

យោងតាមក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ផ្លេកបន្ទោរដែលកើតមានឡើង​កាល​ពី​ពាក់កណ្តាលសប្តាហ៍មុន ក៏កើតមាននៅខេត្តប្រាំផ្សេងទៀត ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​មាន​ប្រជាជនណារងគ្រោះធ្ងន់ធ្ងរនោះទេ។

 

Add new comment

15 + 5 =